ជាតិ
សមាគម​ចិញ្ចឹមសត្វ​កម្ពុជា ចង់បាន​ការឯកភាព​គ្នា​លើ​តម្លៃ​សត្វ​ជ្រូក​មក​ត្រឹម​១២០០០​រៀល​ក្នុង​១​គីឡូក្រាម​
15, Jun 2020 , 3:16 pm        
រូបភាព
លោក ស្រ៊ុន ពៅ ពាក់ម៉ាស់(រូបខាងលើ) និង សាន់ ចាន់ថេត (រូបខាងក្រោម) ThmeyThmey
លោក ស្រ៊ុន ពៅ ពាក់ម៉ាស់(រូបខាងលើ) និង សាន់ ចាន់ថេត (រូបខាងក្រោម) ThmeyThmey
​ភ្នំពេញ​៖ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​អះអាងថា លោក​នឹង​ជួប​ម្ចាស់​ក្រុមហ៊ុន​នាំចូល​ជ្រូក​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ស្នើ​ឲ្យ​បញ្ចុះតម្លៃ​ជ្រូក​រស់​ត្រឹម​១២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដើម្បី​សម្រួល​ដល់​អ្នក​បរិភោគ​សាច់​។ ជាមួយគ្នានេះ លោក សាន់ ចាន់​ថេ​ត ប្រធាន​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា  បានស្នើ​ឲ្យ​ស្ថាប័ន​ជាតិ​ទប់ស្កាត់​ការក្តោបក្តាប់​តម្លៃ​ទីផ្សារ​ពី​សំណាក់​ក្រុមហ៊ុន​ដែល​នាំចូល​ផ្តាច់មុខ​។​

 
​បន្ទាប់ពី​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ស្នើ​ឲ្យ​មានការ​សម្រួល​តម្លៃ​ជ្រូក​នៅលើ​ទីផ្សារ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយ​ម្ចាស់​កសិដ្ឋាន​ធំៗ​ក្នុងស្រុក ដោយ​ឯកភាព​ក្នុងតម្លៃ​១២០០០​រៀល​ក្នុង​១​គីឡូក្រាម​។ «​ខណៈដែល​ម្ចាស់​កសិដ្ឋាន​ក្នុងស្រុក​យល់ព្រម យើង​ក៏បាន​ការឯកភាព​ផងដែរ​ពី​បណ្តា​ក្រុមហ៊ុន​នាំចូល​។ ខ្ញុំ​កំពុង​ព្យាយាម​ទាក់ទង​ពួកគាត់ ធ្វើយ៉ាងណា​ដោះស្រាយ​ឲ្យ​បាន​តាម​អ្វីដែល​សមាគម​បាន​និយាយ ខិតខំ​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​រស់នៅ​ត្រឹម​១២០០០​រៀល តាម​ការណែនាំ​ពី​ក្រសួងកសិកម្ម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស្រ៊ុន ពៅ តាម​ទូរ​សព្ទ​មកកាន់​សារព័ត៌មាន​ថ្មីៗ​។​
 
​លោក​បាន​បញ្ជាក់ថា តម្លៃ​ជ្រូក​ឡើងថ្លៃ ដោយសារ​តម្លៃ​នាំចូល​ពី​ថៃ គឺ​១២០០០​រៀល​ក្នុង​មួយ​គឺ​ឡូ​ក្រាម​រួច​ស្រាប់​ទៅហើយ ទើប​ធ្វើ​តម្លៃ​ក្នុងស្រុក​ឡើងដល់​ជាង​១៤០០០​ក្នុង​មួយ​គីឡូក្រាម​។ 
​ក្រៅពីនេះ លោក ស្រ៊ុន ពៅ ក៏​យល់ឃើញ​ដូច​ក្រសួងកសិកម្ម​លើកឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដែរ ថា​ជ្រូក​ឡើងថ្លៃ ដោយសារ​ដំណាក់កាល​ផ្ទុះ​កូ​វីដ​-១៩ កម្មវិធី​ផ្សេងៗ​ត្រូវ​ផ្អាក ធ្វើ​ឲ្យ​អាជីវករ​លក់បាន​តែ​សាច់​សុទ្ធ​។ ចំណែក ឆ្អឹង​ជ្រូក ជើង និង​គ្រឿងក្នុង មិនបាន​ប្រើ​អស់​លទ្ធភាព​ទេ ដូច្នេះ​អាជីវករ​អាច​រកប្រាក់​ចំណេញ​បាន ដោយ​បូក​តម្លៃ​ទាំងអស់​លើ​សាច់​។ 
 
​ចំពោះ​លោក សាន់ ចាន់​ថេត ប្រធាន​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា បញ្ហា​ចម្បង​នៃ​តម្លៃ​ជ្រូក​ដែល​ឡើងថ្លៃ​នោះ គឺ​ការ​នាំចូល​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​មួយ ដែល​បាន​ប្រមូលផ្ដុំ​សិទ្ធិ​នាំចូល​ជ្រូក​ពី​ក្រុមហ៊ុន​ផ្សេងទៀត ដើម្បី​ក្ដោប​ក្ដាប់​តម្លៃ​ទីផ្សារ​ជ្រូក​។ ជា​ដំណោះស្រាយ​លោក​ថា ទាល់តែ​បំបែក​ការប្រមូលផ្ដុំ​សិទ្ធិ​នាំចូល​ជ្រូក​នេះ​។ 
 
«​ដោះស្រាយ​បញ្ហា​តម្លៃ​ទីផ្សារ​ឡើង​ខ្ពស់​នេះ​បាន គឺ​បំបែក​ការប្រមូលផ្ដុំ​ការ​នាំចូល​ជ្រូក ធ្វើ​ឲ្យ​មាន​ទីផ្សារសេរី មានការ​ប្រកួតប្រជែង​តម្លៃ​គ្នា គឺ​លែងមាន​អ្នក​ក្ដោប​ក្ដាប់​តម្លៃ​ទីផ្សារ​ហើយ​។ ហើយ​រឿងនេះ បើ​ក្រសួងកសិកម្ម​តាំងចិត្ត​ធ្វើ គឺ​ដោះស្រាយបាន​ហើយ ព្រោះ​លោក​ជា​អ្នកធ្វើការ​លើ​រឿងនេះ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ចាន់​ថេត ដោយ​បន្ថែមថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែមិថុនា​នេះ តម្លៃ​ជ្រូករ​ស់គឺ ១៣៦០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ 
 
​ទន្ទឹមនឹងនេះ ប្រធាន​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា​រូបនេះ​អះអាងថា លោក​រង់​ចាំមើល​ដំណោះស្រាយ​របស់​ក្រសួងកសិកម្ម បើ​គ្មាន​ដំណោះស្រាយ លោក​នឹង​រៀបចំ​សំណុំរឿង​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​។ 
 
​ជុំវិញ​ការសង្ស័យ​ពី​អំពើពុករលួយ​នេះ ក្រសួងកសិកម្ម បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​៩ មិថុនា បកស្រាយ​ថា ការ​នាំចូល​ជ្រូក​ពី​ក្រៅប្រទេស មិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ឡើយ​។ ការបកស្រាយ​នេះ ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​សន្និសីទ​សារព័ត៌មាន​របស់​សមា​គម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា ពី​តម្លៃ​ជ្រូក​ឡើងថ្លៃ ដែល​ប្រធាន​សមាគម​បាន​លើក​ពី​បញ្ហា​ប្រមូលផ្ដុំ​ការនាំ​ចូល​ជ្រូក​និង​សង្ស័យថា មាន​អំពើពុករលួយ​៕ 

Tag:
 ជ្រូក​
  សេដ្ឋកិច្ច​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com