អន្តរជាតិ
អ្នកកាសែត​ល្បីឈ្មោះនៅ​ហ្វីលីពីន Maria Ressa ត្រូវ​តុលាការ​រកឃើញ​ទោសកំហុស​រឿង​បរិហារកេរ្តិ៍
15, Jun 2020 , 4:01 pm        
រូបភាព
អ្នកស្រី Maria Ressa សហស្ថាបនិកសារព័ត៌មានហ្វីលីពីន Rappler (AFP)
អ្នកស្រី Maria Ressa សហស្ថាបនិកសារព័ត៌មានហ្វីលីពីន Rappler (AFP)
ដោយ:
​អ្នកសារព័ត៌មាន​ហ្វីលីពីន​ល្បីឈ្មោះ អ្នកស្រី Maria Ressa ត្រូវបាន​តុលាការ​រកឃើញ​ទោសកំហុស ដែល​ប្រឈម​ជាប់គុក​ដល់​ទៅ​៦​ឆ្នាំ នៅ​ថ្ងៃទី​១៥ ខែមិថុនា ក្នុង​រឿងក្តី​សរសេរ​បរិហារកេរ្តិ៍​តាម​ប្រព័ន្ធ​អន​ឡាញ (cyber libel)​។ សម្រាប់​ករណី​អ្នកស្រី Ressa សកម្មជន​ទាមទារ​សេរីភាព​សារព័ត៌មាន បាន​ហៅ​ទង្វើ​នេះ​ថា គឺជា​ការរៀបចំ​លុបបំបាត់​ការរិះគន់​លើ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។

 
​ស្ត្រី​អ្នកសារព័ត៌មាន​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ អ្នកស្រី Ressa និង​វេ​ប​សាយ​ព័ត៌មាន​អ្នកស្រី Rappler បាន​ប្រឈមមុខ​ចំណាត់ការ​ច្បាប់ និង​ការស៊ើបអង្កេត ក្រោយ​ចុះផ្សាយ​អត្ថបទ​រិះគន់​គោលនយោបាយ​លោក​ប្រធានាធិបតី ឌូ​ទើ​តេ ជាអាទិ៍ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​លោក ដែល​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP អ្នកស្រី Ressa ប្រឈម​ជាប់ពន្ធនាគារ​ចាប់ពី ៦ ខែ​ដល់ ៦ ឆ្នាំ ។ ទោះជា​រកឃើញ​ទោស​បែបនេះ តុលាការ​អនុញ្ញាត​ឲ្យ​អ្នកស្រី​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​រង់ចាំ​ការប្តឹង​ឧទ្ធរណ៍​។ តាម​សេចក្តីសម្រេច​តុលាការ អ្នកស្រី Ressa និង​អតីត​អ្នកព័ត៌មាន Rappler ម្នាក់ទៀត លោក Reynaldo Santos ដែល​សរសេរ​អត្ថបទ​រិះគន់​នោះ ត្រូវ​បង្គាប់​ឲ្យ​បង់ប្រាក់​ខូចខាត​ចំនួន ៨០០០​ដុល្លារ​។ 
 
«​យើង នឹង​ឈរ​តតាំង​ទល់នឹង​ការវាយប្រហារ​គ្រប់បែបយ៉ាង​ដែល​ប្រឆាំង​សេរីភាព​សារព័ត៌មាន​»​។ អ្នកស្រី Ressa ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ ក្រោយ​ការកាត់ទោស​ក្នុង​រដ្ឋធានី ម៉ានីល ។ 
 
​សាលក្រម​នៅ​ថ្ងៃ​ចន្ទ​នេះ បានសម្រេច​លើ​រឿងក្តី​ដែល​កើតចេញពី​ការប្ដឹងតវ៉ា​ឆ្នាំ​២០១៧​របស់​អ្នកជំនួញ​ម្នាក់​ជុំវិញ​អត្ថបទ​ព័ត៌មាន​របស់​វេ​ប​សាយ​ព័ត៌មាន​ហ្វីលីពីន Rapper កាលពី​៥​ឆ្នាំមុន ពាក់ព័ន្ធ​ទំនាក់ទំនង​លោក​ជាមួយ​តុលាការ​ជាន់ខ្ពស់​របស់​ប្រទេស​ហ្វីលីពីន​។ 
 
​អ្នកស្រី Ressa ដែល​ជាប់​ឈ្មោះ​ក្នុង​ប​ញ្ចី «​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​២០១៨» របស់​ទស្សនា​វ​ដ្តី​អាមេរិក Time ពុំបាន​សរសេរ​អត្ថបទ​នេះ ហើយ​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ហ្វីលីពីន ពីដំបូង​ឡើយ បាន​ច្រានចោល​បណ្ដឹង​របស់​អ្នកជំនួញ​ហ្វីលីពីន​រូបនោះ​។ ក៏ប៉ុន្តែ រដ្ឋអាជ្ញា​ហ្វីលីពីន ក្រោយមក បានសម្រេច​ចោទប្រកាន់​ប្រឆាំង​អ្នកស្រី និង​សហការី​អ្នកស្រី ដោយ​ផ្អែកលើ​ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត ដែលមាន​គោលដៅ​ដាក់ទោស​លើ​បទល្មើស​តាម​អន​ឡាញ​ដូចជា រឿង​អាសអាភាស​កុមារ​ជាដើម​។ 
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ច្បាប់​ដែល​ហ្វីលីពីន​ប្រើ​ចោទ​អ្នកស្រី Ressa និង​អតីត​សហការី បាន​ចូល​ជា​ធរមាន​ក្នុង​ខែកញ្ញា ឆ្នាំ​២០១២ ពោលគឺ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​អត្ថបទ​នេះ​ត្រូវបាន​ចុះផ្សាយ​។ ទោះជា​បែបនេះ​ក្តី រដ្ឋាភិបាល​លោក​ឌូ​ទើ​តេ ធ្លាប់​អះអាងថា ករណី​អ្នកស្រី Ressa សហ​ស្ថាបនិក​ម្នាក់​នៃ​វេ​ប​សាយ Rappler និង​ជា​អតីត​អ្នកព័ត៌មាន CNN រូបនេះ ពុំមាន​ចរិត​នយោបាយ​ឡើយ ហើយ​អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ច្បាប់​នេះ​។ 
 
​ទាក់ទិន​បញ្ហា​នេះ ក្រុម​សិទ្ធិមនុស្ស​និង​សកម្មជន​ទាមទារ​សេរីភាព​សារព័ត៌មាន បញ្ជាក់ថា បទ​ចោទ​បរិហារកេរ្តិ៍​នេះ​ជាមួយនឹង​សំណុំរឿង​ពន្ធដារ​ប្រឆាំង​វេ​ប​សាយ Rappler និង​វិធានការ​រដ្ឋាភិបាល​ហ្វីលីពីន​ដកហូត​អាជ្ញា​បណ្ណ គឺជា​ការ​បៀតបៀន​រដ្ឋ​។ បើតាម AFP អង្គការ​លើកលែងទោស​អន្តរជាតិ បញ្ជាក់ថា ការវាយប្រហារ​លើ​សារព័ត៌មាន Rappler គឺជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​រដ្ឋាភិបាល​ប្រឆាំង​សេរីភាព​សារព័ត៌មាន​៕ 
 

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  Maria Ressa
  វិស័យ​សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com