COVID-19
អន្តរជាតិ
ក្រុង​ប៉េកាំង ដក​មន្ត្រី​មួយចំនួន បន្ទាប់ពី​ទប់ស្កាត់ COVID-19 មិនបាន​ល្អ​
15, Jun 2020 , 9:59 pm        
រូបភាព
ផ្សារលក់បោះដុំ Xinfadi។ រូបភាព៖ Reuters
ផ្សារលក់បោះដុំ Xinfadi។ រូបភាព៖ Reuters
​ទីក្រុង​ប៉េកាំង បាន​ដក​មន្ត្រី​មួយចំនួន​ចេញពី​តំណែង បន្ទាប់ពី​គ្រប់គ្រង និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19 មិនបាន​ល្អ ខណៈ​ករណី​ឆ្លង​ថ្មី​បាន​កើនឡើង​ក្នុង​រដ្ឋធានី​។ ករណី​ឆ្លង​COVID-19 ថ្មី​នេះ គឺ​ទាក់ទង​នឹង​ផ្សា​របោះ​ដុំ​ផលិតផល​កសិកម្ម Xinfadi ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Beijing Daily នៅ​ថ្ងៃទី​១៥ ខែមិថុនា​។


​បន្ទាប់ពី​មាន​ករណី​ឆ្លង​ជា​ចង្កោម​នៅក្នុង​ទីក្រុង រដ្ឋបាល​ក្រុង​ប៉េកាំង បានសម្រេច​ដកតំណែង​មន្ត្រី​ជាច្រើនរូប ដោយ​ផ្អែកលើ​ហេតុផល​ទប់ស្កាត់ និង​គ្រប់គ្រង COVID-19 មិនបាន​ល្អ​។ ការដកតំណែង​នេះ បានកើត​ឡើងលើ លោក Zhou Yuqing ចៅសង្កាត់រង សង្កាត់​Fengtai បន្ទាប់ពី​ទីក្រុង​ប៉េកាំង​មាន​ករណី​ឆ្លង COVID-19 ជាច្រើន​ករណី ។​
 
​មិន​ត្រឹមតែ​ចៅសង្កាត់រង​ទេ បុគ្គល​ផ្សេងទៀត ក៏​ត្រូវគេ​ដកតំណែង​ដែរ​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Beijing Daily លោក Wang Hua លេខាធិការ​បក្សកុម្មុយនិស្ត​ចិន នៃ​តំបន់ Huaxiang Town ក្នុង​សង្កាត់ Fengtai និង​លោក Zhang Yuelin អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ផ្សារ​លក់ដុំ​ផលិតផល​កសិកម្ម Xinfadi ក៏​ត្រូវគេ​ដកតំណែង​ដែរ​។ 
 
​ផ្សារ​លក់​បោះ​ដុំ Xinfadi ដែលមាន​លក់​ផលិតផល​ផ្លែឈើ បន្លែ សាច់​ជាដើម ត្រូវបាន​គេ​បិទ​ហើយ បន្ទាប់ពី​មាន​ករណី​ឆ្លង COVID-19 ជា​បណ្តុំ​។ បន្ថែម​ពីលើ​នេះ រដ្ឋបាល​ក្រុង​ប៉េកាំង បាន​បិទ​តំបន់​មួយផ្នែក​ទៀត​នៅក្នុង​ទីក្រុង​ប៉េកាំង ដោយ​រួមបញ្ចូល​កន្លែង​មួយចំនួនទៀត​នៅ​ជិត​ផ្សារ Xinfadi ។ ចំណែក​សាលារៀន​នៅក្នុង​តំបន់​ក្បែរ​ផ្សារ ក៏ត្រូវ​គេ​បិទ​ដែរ​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ករណី​ឆ្លង ដែលមាន​ទាក់ទង​នឹង​ផ្សា​របោះ​ដុំ​Xinfadi បាន​កើន​ឡើងដល់ ៧៥​ករណី​ហើយ​។ តួលេខ​សរុប COVID-19 របស់​ចិន បាន​កើន​ដល់​ប្រមាណ ៨៣១៨១​ករណី អ្នកស្លាប់​ចំនួន ៤៦៣៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៨៣៧០​នាក់​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com