ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បានគ្រឿងក្នុងជ្រូកខូចគុណភាពជាងកន្លះតោន នាំចូលមកពីថៃ
× រថយន្តតូយូតា១គ្រឿង ផ្ទុកគ្រឿងក្នុងជ្រូកខូចគុណភាព៩កេស មានទម្ងន់៥៤០គីឡូក្រាម ដែលឈ្មួញលួចដឹកចេញពីថៃ ចូលមកកម្ពុជា តាមច្រករបៀង ត្រូវកម្លាំងគរបាល ឃាត់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយលើគេហទំព័រអគ្គស្នងការដ្ឋាននគរលបាជាតិ នៅថ្ងៃទី១៥ ខែមិថុនា។
លោកវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការវេចខ្ចប់គ្រឿងក្នុងជ្រូកទាំងអស់នោះ គឺខុសលក្ខណៈបច្ចេកទេស ទើបនាំឲ្យខូចគុណភាព។ គ្រឿងក្នុងជ្រូកទាំងអស់នោះ ត្រូវបានយកទៅកម្ទេចចោល ហើយអ្នកបើកបររថយន្ត ត្រូវបញ្ជូនទៅតុលាការ។
នគរបាលជាតិ បានសរសេរដូច្នេះថា៖«ក្នុងរយៈពេលនៃការបិទព្រំដែនកម្ពុជា-ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គេ តែងសង្កេតឃើញ ទំនិញខុសច្បាប់ដែលខូចគុណភាព ពិសេសគឺគ្រឿងក្នុងជ្រូក ត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ដោយសារឈ្មួញលួចនាំចូលពីប្រទេសថៃ»៕
Tag:
គ្រឿងក្នុងជ្រូកខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com