COVID-19
ជាតិ
COVID-19៖ ពលរដ្ឋ​ខ្មែរ​ជាប់គាំង​នៅ​ម៉ាឡេស៊ី ជាង​១២០​នាក់ នឹង​មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៦ មិថុនា​
15, Jun 2020 , 4:24 pm        
រូបភាព
ពលរដ្ឋខ្មែរដែលជាប់គាំងនៅព្រលានយន្តហោះកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ (រូបពីស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី)
ពលរដ្ឋខ្មែរដែលជាប់គាំងនៅព្រលានយន្តហោះកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ (រូបពីស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី)
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ​! ពលរដ្ឋ​ខ្មែរ​ជាប់គាំង​នៅ​ម៉ាឡេស៊ី​ជាង​១២០​នាក់ នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៦ មិថុនា តាមរយៈ​ការសម្របសម្រួល​រវាង​រដ្ឋាភិបាល​ទាំងពីរ​។ ពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​ជាប់គាំង​នៅ​ម៉ាឡេស៊ី អស់​រយៈពេល​ជាង​ពីរ​ខែ​មកហើយ ដោយសារ​វិធានការ​រឹតបន្តឹង ការចេញ​-​ចូល​ប្រទេស ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​


​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួ​ង បាន​បញ្ជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បានរៀបចំ​ជើងហោះហើរ​ពាណិជ្ជកម្ម​មួយ សម្រាប់​ពលរដ្ឋ​ខ្មែរ​ជាប់គាំង​នៅ​ម៉ាឡេស៊ី​នេះ​។ បើតាម​លោក កុយ គួ​ង ពលរដ្ឋ​ខ្មែរ​ជាង​១២០​នាក់ ក្នុងចំណោម​១៤៣​នាក់ ដែល​ជាប់គាំង​នៅ​ម៉ាឡេស៊ី នឹង​មកដល់​កម្ពុជា តាម​ជើងយន្តហោះ MH762 នៅ​ល្ងាច​ស្អែក​នេះ ។​ ក្រៅពីពលរដ្ឋខ្មែរជាប់គាំងនេះ ក៏មានអ្នកដំណើរជិត១០០នាក់ផ្សេងទៀតរួមដំណើរមកដែរ។
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស ដែល​ទើប​ទទួលបាន​របាយការណ៍​ចុងក្រោយ​ពី​ទូត​ខ្មែរ​ប្រចាំ​ម៉ាឡេស៊ី​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖« មុន​ហ្នឹង​មាន​ពលរដ្ឋ​តែ​២០៤​នាក់​ទេ​មក​កម្ពុជា តែ​ឥឡូវ​ទូត​យើង​ទើប​ប្រាប់​ខ្ញុំ​មុន​ហ្នឹង​ថា មាន​ពលរដ្ឋ​ចុះឈ្មោះ​មក​(​កម្ពុជា​) មាន​១០​នាក់​ទៀតហើយ អ៊ីចឹង​ពលរដ្ឋ​ប្រមាណ​២២០​នាក់ នឹង​មកដល់​កម្ពុជា​»​។​
 
​ជើងយន្តហោះ​ពាណិជ្ជ​កម្មនេះ មាន​អ្នកដំណើរ​ចំនួន ២១៩​នាក់ ដែល​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំនួន ២១២​នាក់ និង​ជនបរទេស​ចំនួន​៧​នាក់​។ នៅ​ថ្ងៃទី​១៦ មិថុនា​ដដែល ជើងយន្តហោះ​នេះ ក៏​នឹង​ដឹកយក​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ចំនួន​ជាង​១៦០​នាក់ ត្រឡប់​មកកាន់​ប្រទេស​ម៉ាឡេស៊ី​វិញ​ផងដែរ​។ នេះ​បើតាម​លោក ចឺ​យ វិ​ចិត្ត ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដែល​បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​។​
 
​កាលពី​ថ្ងៃទី​៧ ខែមេសា ពលរដ្ឋ​ខ្មែរ​១៤៣​នាក់ បាន​ជាប់គាំង​នៅ​ម៉ាឡេស៊ី ដោយសារ​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​អនុវត្ត​វិធានការ​រឹតបន្តឹង​ការចេញ​-​ចូល​ប្រទេស ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ស្នើ​រដ្ឋាភិបាល តាមរយៈ​ស្ថានទូត​ខ្មែរ​ប្រចាំ​ម៉ាឡេស៊ី ឱ្យជួយ​ដោះស្រាយ​ទុក្ខលំបាក​ពួកគេ​នោះ ទើបបានជា​សម្ដេច ហ៊ុន សែន សម្រេច​ឱ្យ​ស្ថានទូត​សម្របសម្រួល​ដឹក​ជ​ញ្ចូ​ន​ពួកគេ​ត្រឡប់មក​មាតុភូមិ​វិញ​។​
 
​ពលរដ្ឋ​ខ្មែរ​ទាំងនោះ មិន​ត្រូវបាន​ពិនិត្យ និង​ធ្វើតេស្ត​សុខភាព នៅ​ម៉ាឡេស៊ី​ឡើយ​។ ប៉ុន្តែ​នៅពេល​ពួកគេ​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​១៦ មិថុនា​នោះ មន្ត្រី​ជំនាញ​សុខាភិបាល នឹងធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ពួកគេ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ចំពោះ​វិធានការ​ច​ត្តា​ឡី​ស័ក​នោះ គឺ​អាស្រ័យ​លើ​ការកំណត់​របស់​ក្រសួងសុខាភិបាល​។ នេះ​បើតាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ឡើយ​។ ប៉ុន្តែ​ក្រសួងសុខាភិបាល ធ្លាប់បាន​អះអាង​កន្លងមក​ថា រាល់​អ្នកដំណើរ​ចូលមក​កម្ពុជា គឺ​ក្រសួង​តែងតែ​កំណត់ឱ្យ​ពួកគេ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង រយៈពេល​១៤​ថ្ងៃ​សិន មុននឹង​ធ្វើដំណើរ​ត្រាចរ​នៅ​កម្ពុជា​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៥ មិថុនា​នេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​១២៨​នាក់ ក្នុងនោះ​ជាសះស្បើយ​១២៥​នាក់​។ ដោយឡែក​នៅ​ម៉ាឡេស៊ី​វិញ មាន​អ្នកជំងឺ​កូ​វីដ​-១៩ ជាង​៨​ពាន់​នាក់ ជាសះស្បើយ​ជាង​៧​ពាន់​នាក់ និង​ស្លាប់​ជាង​១២០​នាក់​៕
 

Tag:
 COVID-19
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com