នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី១៥ ខែមិថុនា បានបង្ហាញក្តីកង្វល់របស់ខ្លួន ក្រោយបុរសអូស្ត្រាលីម្នាក់ ត្រូវបានតុលាការចិនកាត់ទោសប្រហារជីវិត។ ករណីថ្មីនេះ អាចបញ្ឆេះភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុងប៉េកាំង និងក្រុងកង់បេរ៉ា ។
តុលាការចិន បានបញ្ជាក់កាលពីថ្ងៃទី១៣ ខែមិថុនា ថា លោក Karm Gilesspie ជនជាតិអូស្ត្រាលី ត្រូវនឹងកាត់ទោសប្រហារជីវិតលើរឿងក្តីរត់ពន្ធគ្រឿងញៀន។ ការសម្រេចរបស់តុលាការ បានធ្វើឡើងក្រោយលោកត្រូវបានឃុំឃាំងក្នុងគុកយ៉ាងអាថ៌កំបាំងរយៈពេល៧ឆ្នាំ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
ការកាត់ទោសនេះ បង្កើនការព្រួយបារម្ភថា អាចដាក់បន្ទុកបន្ថែមលើចំណងការទូត និងទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងតានតឹងជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី។
ថ្លែងក្នុងសភានៅថ្ងៃទី១៥ ខែមិថុនា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បានលើកឡើងស្ថានភាពរបស់លោក Gilsepie ជាលើកដំបូង។ បើតាមសារព័ត៌មានក្នុងស្រុកអូស្ត្រាលី ABC.net.au លោកនិយាយដូច្នេះថា៖«ខ្ញុំនិងរដ្ឋាភិបាល មានអារម្មណ៍ក្រៀមក្រំបំផុត និងបារម្ភពី ជនជាតិអូស្ត្រាលីម្នាក់ លោក Karm Gilespi ដែលត្រូវកាត់ទោសប្រហារជីវិតក្នុងប្រទេសចិន»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា លោក Gilespie ក្នុងវ័យពាក់កណ្ដាល៥០ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួននៅមុនពេលចូលឆ្នាំថ្មី ២០១៣ នៅព្រលានយន្តហោះ Guangzhou Baiyun នៅទិសពាយ័ព្យទីក្រុង ហុងកុង ជាមួយថ្នាំញៀនប្រភេទ Methamphetamine ជាង៧,៥គីឡូម៉ែត្រក្នុងវ៉ាលីលោក។
ការចាប់ខ្លួនរបស់ លោក Gilespie ពុំត្រូវបានអាជ្ញាធរចិនប្រកាសជាសាធារណៈនោះឡើង ហើយមិត្តភក្តិលោកបានប្រាប់ទៅកាន់សារព័ត៌មានអូស្ត្រាលីថា ពួកគេភ្ញាក់ផ្អើលចំពោះការបាត់ដំណឹងភ្លាមៗរបស់លោក។
នៅថ្ងៃចន្ទនេះ ក្រុមគ្រួសាររបស់បុរសអូស្ត្រាលី Gilespie បានចេញសេចក្តីថ្លែងការណ៍មួយដោយសាកសួរពាក់ព័ន្ធស្ថានភាពលោកបច្ចុប្បន្ន។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយតាមរយៈក្រសួងការបរទេស ពួកគេអះអាងដូច្នេះថា៖«គ្រួសារយើង ពិតជាមានសេចក្តីក្រៀមក្រំជាខ្លាំងចំពោះស្ថានការណ៍នេះ។ យើងនឹងសុំមិនផ្ដល់យោបល់ជាសាធារណៈ ហើយស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយគោរពឯកជនភាពយើងនៅពេលលំបាកបែបនេះ»។
ការកាត់ទោសប្រហារជីវិតនេះ អាចបំផ្លាញទំនាក់ទំនងតានតឹងទាំងការទូតនិងពាណិជ្ជកម្មកានតែខ្លាំងថែមទៀតរវាងក្រុងប៉េកាំងនិងកង់បេរ៉ា។ ភាពតានតឹងនេះកាន់តែមានកម្ពៅក្រោយចិនឆ្លើយតបទាំងកំហឹងចំពោះសំណើអូស្ត្រាលីឲ្យបើលការស៊ើបអង្កេតរកប្រភពជំងឺរាតត្បាត COVID-19 ។ កាលពីថ្មីៗនេះ ប៉េកាំង បានដំឡើងពន្ធលើទំនិញនាំចូលអូស្ត្រាលី និងព្រមានភ្ញៀវទេសចរចិន និងនិស្សិតកុំឲ្យទៅកាន់ប្រទេសអូស្ត្រាលី ដោយលើហេតុផលថា ប្រទេសនេះរើសអើងជនជាតិអាស៊ីអំឡុងវិបត្តិ COVID-19 ។
កាលពីឆ្នាំមុន ចិនបានកាត់ទោសប្រហារជីវិតជនជាតិកាណាដា២នាក់លើសំណុំរឿងចរាចរណ៍គ្រឿងញៀន ស្របពេលទំនាស់់ការទូតដែលកំពុងឆាបឆេះជាមួយកាណាដាពាក់ព័ន្ធការចាប់ឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei អ្នកស្រី Meng Wanzhou។ រដ្ឋាភិបាលកាណាដាព្យាយាមស្នើសុំការលើកលែងទោសសម្រាប់ពលរដ្ឋខ្លួនទាំងពីរតែបរាជ័យ៕