កីឡាអន្តរជាតិ
អន្តរជាតិ
Cavani និង Silva សមាជិក​សំខាន់​របស់ PSG ត្រៀម​ចាក​ចេញពី​ក្រុម រដូវ​កាល​នេះ​
15, Jun 2020 , 5:04 pm        
រូបភាព
Edinson Cavani និង Thiago Silva នឹង​ចាក​ចេញពី Paris St-Germain នៅ​បញ្ចប់​រដូវ​កាល ២០១៩-២០ ។ ពោល គឺ​ក្រោយ​យុទ្ធនាការ​ក្របខណ្ឌ Champions League នៅ​ខែសីហា​ខាងមុខនេះ​។​


Cavani ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ វ័យ​៣៣​ឆ្នាំ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​កំណត់ត្រា​របស់ PSG ចំនួន ២០០​គ្រាប់ និង​ខ្សែការពារ​ប្រេ​ស៊ី​ល Silva អាយុ ៣៥ ឆ្នាំ​ដែលជា​ប្រធាន​ក្រុម​នោះ ត្រូវបាន​នាយក​កីឡា​លោក Leonardo អះអាង​ពី​ការចែក​ផ្លូវ​ជាមួយ​ក្លិប​យក្ស​បារាំង​មួយ​នេះ​។​
 
​នាយក​កីឡា PSG សញ្ជាតិ​ប្រេ​ស៊ី​ល​ប្រាប់​កាសែត Le Journal du Dimanche ថា​៖ «​នេះ​ជាការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ​។ ពួកគេ​សុទ្ធតែជា​កីឡាករ​ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ឲ្យ​ក្លិប​។ គ្រប់យ៉ាង​គឺ​ល្អ​ណាស់ ប៉ុន្តែ​អ្វីៗ​គង់​នឹង​មកដល់​ទីបញ្ចប់​»​។​
 
​ក្របខណ្ឌ Ligue 1 រដូវ​កាល​នេះ​ត្រូវបាន​រំសាយ​ចោល ប៉ុន្តែ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​គ្រោង​នឹងត្រូវ​ឡប់​ចូល​ការប្រកួត​វិញ ហើយ​ប្រហែលជា​ត្រូវ​បញ្ចប់​នៅ​ខែសីហា​។ កិច្ចសន្យា​របស់​កីឡាករ​ទាំងពីរ​នឹងត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី​៣០ ខែមិថុនា ដូច្នេះ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​ពួកគេ​អាច​បន្ត​ជួយ​ក្រុម​ចប់​ចុង​ចប់​ដើម​ឬក៏​អត់​នោះទេ​។​
 
PSG ដែល​បាន​ឆ្លង​ចូលទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League ក្រោយ​ទម្លាក់ Borussia Dortmund បានចាប់ផ្តើម​ការហ្វឹកហាត់​ឡើងវិញ​នៅ​ថ្ងៃទី​២២ ខែមិថុនា ក្រោយពី​បាល់ទាត់​ត្រូវបាន​ផ្អាក​ដោយសារ​ជំងឺ COVID-19 តាំងពី​ពាក់កណ្តាល​ខែមីនា​។​
 
​ដំបូង​ឡើយ Cavani ធ្លាប់​បានស្នើ​ចាកចេញ​ពី​ក្រុម​ម្ចាស់​ជើងឯក​បារាំង​មួយ​នេះ​ម្តង​រួចមកហើយ​កាលពី​ខែមករា ចំពេល​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្រុម Atletico Madrid​។ ក្រៅពី​ក្រុម​នៅ​អេ​ស្ប៉ា​ញ ក្លិប​ធំៗ​នៅ​អង់គ្លេស​ដូចជា Manchester United និង Chelsea ក៏​ចង់បាន​រូបគេ​ទៅ​រួម​ក្រុម​ផងដែរ​កាលនោះ​។​
 
​ការចែក​ផ្លូវ​របស់ Cavani កើតឡើង​ក្រោយ PSG បាន​ចុះហត្ថលេខា​យក​ខ្សែប្រយុទ្ធ Mauro Icardi ពី Inter Milan ដាច់​តែម្តង​ក្នុងតម្លៃ ៦០ លាន​អឺរ៉ូ (៦៨ លាន​ដុល្លារ​អាមេរិក​) ក្រោយ​ខ្ចី​ជើង​មួយរយៈ​។​
 
​ដោយឡែក Silva វិញ ក្រោយ​កិច្ចសន្យា​របស់គេ​ត្រូវ​បញ្ចប់​នៅ​ចុងខែ​នេះ មាន​ក្លិប​នៅ​អង់គ្លេស Everton កំពុង​ចរចា​យក​អតីត​ខ្សែការពារ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ទៅ​រួម​ក្រុម​។ Silva ធ្លាប់ជា​កូនក្រុម​របស់លោក Carlo Ancelotti អ្នកចាត់ការ Everton សព្វថ្ងៃ កាល​នៅ​ក្រុម AC Milan៕
 

Tag:
 Edinson Cavani
  Thiago Silva
  Paris St-Germain
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com