រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ត​មួយ​ទឹក​ដែលមាន​តម្លៃ​ចន្លោះ​ពី​២៧​លាន ដល់​៥២​លាន​ដុល្លារ​អាមេរិក​
15, Jun 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត​ដែល​ប្រើប្រាស់​រួច មិនមែន​សុទ្ធតែ​ធ្លាក់​តម្លៃ​នោះឡើយ​។ ការផលិត​ជា​លក្ខណៈពិសេស និង​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​របស់​រថយន្ត​ទាំងនោះ ធ្វើ​ឲ្យ​វា​នៅតែ​មានតម្លៃ​កប់​ពពក បើទោះបីជា​អាយុកាល​ចំណាស់​ក៏ដោយ​។ សារព័ត៌មាន Stuff បាន​ផ្សព្វផ្សាយ​ពី​រថយន្ត​មួយ​ទឹក​៥​ម៉ូ​ដែល ដែល​លក់បាន​ក្នុងតម្លៃ​ចន្លោះ​ពី​២៧​លាន​ដុល្លារ​អាមេរិក ដល់​៥២​លាន​ដុល្លារ​អាមេរិក​។​
 
​រថយន្ត​ទាំងនោះ រួមមាន​៖
 
១. Ferrari 250 GTO ឆ្នាំ​១៩៦២ ជា​រថយន្ត​មួយ​ទឹក​ដែល​ថ្លៃ​ជាងគេ​លើ​លោក ដោយ​កាលពី​ឆ្នាំ​២០១៤ មាន​របាយការណ៍​ថា លក់បាន​ក្នុងតម្លៃ​ជាង​៣៨​លាន​ដុល្លារ ហើយ​ឡើងដល់​ជាង​៤៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។ រថយន្ត​ប្រភេទ​ប្រណាំង​ម៉ូ​ដែល​ឆ្នាំ​១៩៦៣ លក់បាន​ក្នុងតម្លៃ​៥២​លាន​ដុល្លារ​អាមេរិក​ក្នុងការ​ដេញថ្លៃ​ជា​លក្ខណៈ​ឯកជន​មួយ​។​


 
២. Ferrari 335 S មាន​ត្រឹមតែ​៤​គ្រឿង​ប៉ុណ្ណោះ ដែល​ផលិត​នៅ​ឆ្នាំ​១៩៥៧​។ រថយន្ត​នេះ លក់បាន​ក្នុងតម្លៃ​ជិត​៣៦​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៦​។ ជា​រថយន្ត​ប្រណាំង​ដែល​ធ្លាប់​បើកបរ​ដោយ Peter Collins, Maurice Trintignant និង Wolfgang von Trips​។​


 
៣. Mercedes-Benz W196 ឆ្នាំ​១៩៥៤ ត្រូវបាន​បើកបរ​ដោយ​វីរបុរស​អា​ហ្ស​ង់​ទីន Fangio ក្នុង​ព្រឹត្តិការណ៍ Formula One​។ នា​ការដេញថ្លៃ កាលពី​ឆ្នាំ​២០១៣ រថយន្ត​នេះ ត្រូវ​បានដាក់​ក្នុងតម្លៃ​ជិត​៣០​លាន​ដុល្លារ​អាមេរិក​។ វា​ជា​រថយន្ត​ដែល​នាំ​លោក Fangio ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​ដោយ​ឈ្នះ German, European Grand Prix និង Swiss GP នៅ​ឆ្នាំ​១៩៥៤ រួមទាំង World Championship​។​


 
៤. Ferrari 290 MM ឆ្នាំ​១៩៥៦ ជា​រថយន្ត​ដែល​ផលិត​សម្រាប់​វីរបុរស​អ៊ីតាលី Mille Miglia សម្រាប់​ការប្រណាំង ហើយក៏​ធ្លាប់​បើកបរ​ដោយ Fangio ផងដែរ​។ MM យកតាម​ឈ្មោះ Mille Miglia​។ តាម​ក្រុមហ៊ុន​ដេញថ្លៃ RM Sothebys រថយន្ត​នេះ លក់បាន​ក្នុងតម្លៃ​ជាង​២៨​លាន​ដុល្លារ​អាមេរិក​។​


 
៥. Ferrari 275 GTB/4S NART Spider ឆ្នាំ​១៩៦៧ ជា​រថយន្ត​ដែល​ផលិត​តាម​ការបញ្ជាទិញ​របស់​អតិថិជន​អាមេរិក​ខាងជើង​ម្នាក់​ឈ្មោះ Luigi Chinetti​។ រថយន្ត​នេះ ធ្លាប់ជា​កម្មសិទ្ធិ​របស់​លោក Eddie Smith ពីរ​ដ្ឋ North Carolina ពី​ឆ្នាំ​១៩៦៨ ដល់ពេល​គាត់​ថ្លៃ​នៅ​ឆ្នាំ​២០០៧​។ កាលពី​ឆ្នាំ​២០១៣ គ្រួសារ​របស់គាត់​បាន​លក់​តម្លៃ​ជាង​២៧​លាន​ដុល្លារ​អាមេរិក​ក្នុង​ទីផ្សារ​ដេញថ្លៃ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com