COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​ឲ្យ​អភិបាលខេត្ត បន្តធ្វើ​វេទិកា​ដោះស្រាយ​បញ្ហា​ពលរដ្ឋ តែ​ហាម​ជួបជុំ​លើស​៥០​នាក់
15, Jun 2020 , 11:39 pm        
រូបភាព
រូបភាពពី សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ
រូបភាពពី សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ
ដោយ:
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ បន្ត​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅតាម​មូលដ្ឋាន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​។ ប៉ុន្តែ​ការធ្វើ​វេទិកា​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នេះ មិនត្រូវ​ឱ្យមាន​ការជួប​ជុំ​លើសពី​៥០​នាក់​ឡើយ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

 
​សម្ដេច ស ខេង ណែ​នាំឱ្យ​អាជ្ញាធរខេត្ត រៀបចំ​កិច្ចប្រជុំ​ដោះស្រាយ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច ដោយ​កំណត់​តំណាង​អ្នកចូលរួម មិន​លើស​៥០​នាក់​។ ជាពិសេស​កន្លែង​ប្រជុំ​នោះ ត្រូវ​អនុវត្តតាម​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ស្របតាម​ការណែនាំ​រប​ស់​ក្រសួង ដូចជា​ការត្រួតពិនិត្យ​កំដៅ ប្រើ​ទឹក​អាល់កុល ឬ​ជែ​ល​សម្រាប់​លាងដៃ ពាក់​ម៉ាស​ឬ​ក្រ​ម៉ា និង​រក្សា​គម្លាត​ពីគ្នា​នៅ​ទីតាំង​អង្គុយ​ជាដើម​។​
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖« រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​អញ្ជើញ​សមាសភាព​តំណាង​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន និង​តំណាង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ចូលរួម​ក្នុង​វេទិកា​នេះ​»​។​
 
​សម្ដេច ស ខេង ជា​អ្នកផ្ដល់​គំនិត​ផ្ដួចផ្ដើម និង​គាំទ្រ ដល់​ការរៀបចំ​វេទិកាសាធារណៈ ក្នុងការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ ប៉ុន្តែ​វេទិកា​នេះ បាន​ផ្អាក​ដំណើរការ​ម្ដង​ហើយ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​នៅ​កម្ពុជា​។​
 
​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការធ្វើប្រជាមតិ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ទេ ជំងឺ​កូ​វីដ​-១៩​នេះ ក៏​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​ធ្លាក់ចុះ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​។​
 
​កាលពី​ថ្ងៃទី​១២ ខែមិថុនា អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ក៏បាន​រៀបចំ​វេទិកាសាធារណៈ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ដោយ​ភាគច្រើន​ជា​រឿង​វិវាទ​ដីធ្លី​នៅ​ហ្នឹង​កន្លែង​ផងដែរ​៕
 

Tag:
 ​ក្រសួងមហាផ្ទៃ​
 ​អភិបាលខេត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com