ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ONE Championship រកបាន៧០លានដុល្លារ និងត្រៀមចាប់ផ្ដើមកម្មវិធីប្រកួតឆាប់ៗនេះ
× អត្ថបទ៖ ស៊ីធី
ONE Championship ដែលមានស្នាក់ការនៅសិង្ហបុរី និងជាស្ថាប័នផ្សព្វផ្សាយកីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ី រកបានប្រាក់ចំណូល ៧០ លានដុល្លារអាមេរិក ដោយបានមកពីអ្នកវិនិយោគថ្មី និងចាស់ ទោះបីជាស្ថិតក្រោមការរឹតត្បឹតលើការរៀបចំកម្មវិធីប្រកួតដោយសារ Covid-19 ក្ដី។ ONE ដែលគាំទ្រដោយក្រុមហ៊ុន Sequoia Capital មិនបានលម្អិតអំពីឈ្មោះអ្នកវិនិយោគទាំងនោះនោះទេ។
ឥឡូវនេះ ONE មានទុនសរុបរហូតដល់ ៣៤៦ លានដុល្លារអាមេរិក បូកទាំងចំណូលមកពីការផ្សាយតាមអនឡាញ និង ការកាត់បន្ថយបុគ្គលិក ២០ភាគរយជុំវិញពិភពលោក។ លោក Hua Fung Teh ប្រធានរបស់ ONE Championship ប្រចាំប្រទេសចិន បានថ្លែងថា៖«នេះជាការកសាងទំនុកចិត្តមួយអំឡុងពេលមេរោគ Covid-19 រាតត្បាត និង វិបត្តិសេដ្ឋកិច្ចពិភពលោកដ៏អាក្រក់បំផុតក្នុងរយៈពេល ១០០ឆ្នាំ»។ ប្រភពមួយបានប្រាប់ DealStreetAsia ថា ONE Championship គ្រោងនឹងដំណើរការព្រឹត្តិការណ៍ប្រកួតរបស់ខ្លួននាពេលឆាប់ខាងមុខនេះនៅពេលរដ្ឋាភិបាល និង ការដឹកនាំកំហិតលើព្រំដែនត្រូវបានដកចេញវិញ។
លោក Hua បានគូសបញ្ជាក់ទៀតថា៖«ជាមួយនឹងសន្ទុះ៩ ចំណុច និងជាស្ថាប័នផ្សាយតាមអនឡាញ ONE Championship ទន្ទឹងរង់ចាំធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយជុំវិញពិភពលោកជាមួយជាមួយវីរបុរសរបស់ខ្លួន និងបទពិសោធន៍ថ្មីៗជាបន្តបន្ទាប់ទៀតនៅឆ្នាំខាងមុខ»។
ONE Championship មានតម្លៃសរុបជាង មួយពាន់លានដុល្លារអាមេរិក (១០០០ លានដុល្លារ) កាលពីឆ្នាំមុន ហើយក៏រកបានដើមទុនរហូតដល់ ១៦៦ ដុល្លារអាមេរិកកាលឆ្នាំ២០១៨ ដោយក្រុមហ៊ុន Sequoia Capital។
លោក Chatri Sityodtong ជាប្រធាននិង នាយកប្រតិបត្តិរបស់ ONE Championship បានឲ្យដឹងកន្លងទៅថា ស្ថាប័នផ្សព្វផ្សាយកីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ីបានកើនអ្នកទស្សនារហូតដល់ក្បែរ NFL និង នៅពីលើ UFC។
នៅឆ្នាំ២០១៨ ONE បានចុះកុងត្រារយៈពេល ៣ឆ្នាំជាមួយក្រុមហ៊ុនផ្សព្វផ្សាយ Turner Sports ដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទៅដល់ទ្វីបអាមេរិក។ Turner មានការផ្សាយតាម TNT និង B/R Live ជាដើម ហើយទទួលបានអ្នកទស្សនារហូតដល់ជាង ៩០ លាននាក់ឯណោះនៅអាមេរិកភាគខាងជើង។ គួររំលឹកថា ONE ONE Championship មានកីឡាករល្បីៗខ្លាំងៗជុំវិញពិភពលោករហូតដល់ជាង ៥០០ នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com