ជាតិ
សេដ្ឋកិច្ច
ធុរជន​អាច​ចុះបញ្ជី​អាជីវកម្ម​ជា​កញ្ចប់​តាម​អន​ឡាញ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ក្នុងពេល​តែមួយ​
16, Jun 2020 , 8:59 am        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថក្នុងពិធីដាក់ដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នាថ្ងៃទី១៥មិថុនា ឆ្នាំ២០២០។
លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថក្នុងពិធីដាក់ដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នាថ្ងៃទី១៥មិថុនា ឆ្នាំ២០២០។
​ភ្នំពេញ​៖ គ្រប់​ធុរជន អាច​ចុះបញ្ជី​អាជីវកម្ម​ថ្មី​របស់ខ្លួន​បានជា​កញ្ចប់​ជាមួយនឹង​ក្រសួង​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងពេល​តែមួយ តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ឬ​តាម​អន​ឡាញ​(Online)​ដែល​ចូលក្នុង​អាស័យ​ដ្ឋា​ន​www.registrationsevices.gov.kh​។ នេះ​ជាការ​លើកឡើង​របស់លោក ផាន់ ផល្លា ប្រធាន​ក្រុមការងារ​អន្តរក្រសួង​រៀបចំ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​ព័ត៌មាន ដោយបាន​អះអាងថា ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ នឹងធ្វើឲ្យម្ចាស់​អាជីវកម្ម​​ចំណាយ​ពេលវេលា និង​ថវិកា​តិចជាង​ពាក់កណ្តាល បើ​ធៀប​នឹង​ការចុះបញ្ជី​អាជីវកម្ម​ដោយផ្ទាល់​នៅតាម​ក្រសួង ឬ​ស្ថាប័ន​នីមួយ​ៗ។​

 
​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០២០ លោក ផាន់ ផល្លា បាន​បញ្ជាក់ថា តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ ធុរជន​ទាំងអស់​គឺអាច​ចុះបញ្ជី​អាជីវកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ផ្តល់ដំណឹង​បើក​សហគ្រាស ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​ជីវៈ ក្នុងពេល​តែមួយ​។​
 
​ទន្ទឹមនឹង​គ្នា​នេះ វិនិយោគិន​ក៏​អាច​ស្នើ​ចុះបញ្ជី​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់​(QIP) តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​ផងដែរ​។ លោក​បាន​និយាយ​ដូច្នេះថា​៖«​ការចុះបញ្ជី​អាជីវកម្ម​តាមបែប​បច្ចេកវិទ្យា​ព័ត៌មាន​នេះ ធុរជន​អាច​ចំណាយ​ពេលវេលា​យ៉ាងយូរ​ត្រឹមតែ​៨​ថ្ងៃ​ប៉ុណ្ណោះ ជាមួយនឹង​ការចំណាយ​តិចជាង​មុន​រហូតដល់​ជាង​ពាក់កណ្តាល​»​។​
 
​ក្រៅពី​ជួយ​កាត់បន្ថយ​និ​តី​វី​ធី​ស្មុគស្មាញ និង​ចំណាយ​ពេលវេលា​ច្រើន យុទ្ធ​ការ​នៃ​ការចុះបញ្ជី​ថ្មី​នេះ គឺ​បាន​ជួយ​កាត់បន្ថយ​ចំណាយ​ជាច្រើន​របស់​ធុរជន ដែល​តែងតែ​កើតឡើង​នៅក្នុង​យុទ្ធ​ការ​នៃ​ការចុះបញ្ជី​អាជីវក​ម្មចាស់​។ បើតាម​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​រៀបចំ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​ព័ត៌មាន​រូបនេះ ការចំណាយ​លើ​យុទ្ធ​ការ​នៃ​ការចុះបញ្ជី​អាជីវកម្ម​ថ្មី​នេះ ក្រសួងពាណិជ្ជកម្ម បាន​កាត់បន្ថយ​ចំណាយ​ប្រមាណ​៤០​ភាគរយ​, ការបង់ពន្ធ​ប៉ាតង់​នៅ​អគ្គនាយដ្ឋាន​ពន្ធដារ​ស​ម្រា​ប់​ឆ្នាំ​ដែល​ចុះបញ្ជី​បាន​កាត់បន្ថយ ៥០​ភាគរយ ហើយ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ឯកសារ​សម្រាប់​ការចុះបញ្ជី​អាជីវកម្ម​ថ្មី​នេះ  ក៏ត្រូវ​បាន​លើកលែង​ផងដែរ​។ 
 
​ជាមួយ​ម​នឹង​គ្នា​នេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​គណៈអធិបតី​នៃ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​ព័ត៌មាន​នេះ បាន​លើកឡើងថា ការរៀបចំ​ឱ្យបាន​នូវ​ការចុះបញ្ជី​ដ៏​មាន​ប្រសិទ្ធភាព  និង​ចំណាយ​តិចជាង​មុននេះ គឺជា​គោលបំណង​ដ៏​ពិសិដ្ឋ​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួយ​សម្រេច និង​កាត់បន្ថយ​ជា​អតិប្បរមា​នូវ​បញ្ហា​ប្រឈម​ដែល​វិនិយោគិន​ជួបប្រទះ ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​អាជីវកម្ម​ថ្មីៗ​ឱ្យ​ចុះបញ្ជី ប្រែក្លាយជា​អាជីវកម្ម​ស្របច្បាប់​។​
 
​លើសពីនេះទៅទៀត ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​អន​ឡាញ​នេះ នឹង​ផ្តល់ឱកាស​ដ៏​សំខាន់​មួយទៀត ដល់​ធុរជន​ដែល​កំពុង​ចង់បាន​ឯកសារ​គតិយុត្ត​កំណត់​អត្ត​ស​ញ្ញណ​អាជីវកម្ម​របស់ខ្លួន ដើម្បី​ព​ន្លឿ​ន និង​ទទួលបាន​ឥណទាន​ពី​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​ពី​រដ្ឋាភិបាល​។ បើតាម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​រូបនេះ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​អន​ឡាញ និង​ការបង្កើត​ថ្នាល​ផ្លាស់ប្តូរ​ទិន្នន័យ​នេះ គឺជា​ប្រព័ន្ធ​តែមួយគត់​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ជា​អន្តរក្រសួង ដោយ​ទិន្នន័យ​ទាំងអស​នឹងត្រូវ​បញ្ជូន​ចែករំលែក​ដោយ​ស័​យ្វ​ប្រវត្តិ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ត្រួតពិនិត្យ និង​ផ្តល់​ការ​អនុ​ម័ត​៕ 
 
 

Tag:
 អាជីវកម្ម​
  បច្ចេកទេស​
© រក្សាសិទ្ធិដោយ thmeythmey.com