ជាតិ
សេដ្ឋកិច្ច
ធុរជនអាចចុះបញ្ជីអាជីវកម្មជាកញ្ចប់តាមអនឡាញជាមួយក្រសួងពាក់ព័ន្ធក្នុងពេលតែមួយ លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថក្នុងពិធីដាក់ដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នាថ្ងៃទី១៥មិថុនា ឆ្នាំ២០២០។
× ភ្នំពេញ៖ គ្រប់ធុរជន អាចចុះបញ្ជីអាជីវកម្មថ្មីរបស់ខ្លួនបានជាកញ្ចប់ជាមួយនឹងក្រសួងឬស្ថាប័នពាក់ព័ន្ធក្នុងពេលតែមួយ តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬតាមអនឡាញ(Online)ដែលចូលក្នុងអាស័យដ្ឋានwww.registrationsevices.gov.kh។ នេះជាការលើកឡើងរបស់លោក ផាន់ ផល្លា ប្រធានក្រុមការងារអន្តរក្រសួងរៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលព័ត៌មាន ដោយបានអះអាងថា ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញនេះ នឹងធ្វើឲ្យម្ចាស់អាជីវកម្មចំណាយពេលវេលា និងថវិកាតិចជាងពាក់កណ្តាល បើធៀបនឹងការចុះបញ្ជីអាជីវកម្មដោយផ្ទាល់នៅតាមក្រសួង ឬស្ថាប័ននីមួយៗ។
ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០ លោក ផាន់ ផល្លា បានបញ្ជាក់ថា តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ធុរជនទាំងអស់គឺអាចចុះបញ្ជីអាជីវកម្មនៅក្រសួងពាណិជ្ជកម្ម ចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ និងផ្តល់ដំណឹងបើកសហគ្រាស ទៅក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ ក្នុងពេលតែមួយ។
ទន្ទឹមនឹងគ្នានេះ វិនិយោគិនក៏អាចស្នើចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈគ្រប់គ្រាន់(QIP) តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានផងដែរ។ លោកបាននិយាយដូច្នេះថា៖«ការចុះបញ្ជីអាជីវកម្មតាមបែបបច្ចេកវិទ្យាព័ត៌មាននេះ ធុរជនអាចចំណាយពេលវេលាយ៉ាងយូរត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ ជាមួយនឹងការចំណាយតិចជាងមុនរហូតដល់ជាងពាក់កណ្តាល»។
ក្រៅពីជួយកាត់បន្ថយនិតីវីធីស្មុគស្មាញ និងចំណាយពេលវេលាច្រើន យុទ្ធការនៃការចុះបញ្ជីថ្មីនេះ គឺបានជួយកាត់បន្ថយចំណាយជាច្រើនរបស់ធុរជន ដែលតែងតែកើតឡើងនៅក្នុងយុទ្ធការនៃការចុះបញ្ជីអាជីវកម្មចាស់។ បើតាមប្រធានក្រុមការងារអន្តរក្រសួងរៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលព័ត៌មានរូបនេះ ការចំណាយលើយុទ្ធការនៃការចុះបញ្ជីអាជីវកម្មថ្មីនេះ ក្រសួងពាណិជ្ជកម្ម បានកាត់បន្ថយចំណាយប្រមាណ៤០ភាគរយ, ការបង់ពន្ធប៉ាតង់នៅអគ្គនាយដ្ឋានពន្ធដារសម្រាប់ឆ្នាំដែលចុះបញ្ជីបានកាត់បន្ថយ ៥០ភាគរយ ហើយការបង់ពន្ធប្រថាប់ត្រាលើឯកសារសម្រាប់ការចុះបញ្ជីអាជីវកម្មថ្មីនេះ ក៏ត្រូវបានលើកលែងផងដែរ។
ជាមួយមនឹងគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាគណៈអធិបតីនៃការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលព័ត៌មាននេះ បានលើកឡើងថា ការរៀបចំឱ្យបាននូវការចុះបញ្ជីដ៏មានប្រសិទ្ធភាព និងចំណាយតិចជាងមុននេះ គឺជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រេច និងកាត់បន្ថយជាអតិប្បរមានូវបញ្ហាប្រឈមដែលវិនិយោគិនជួបប្រទះ ក៏ដូចជាការលើកទឹកចិត្តដល់អាជីវកម្មថ្មីៗឱ្យចុះបញ្ជី ប្រែក្លាយជាអាជីវកម្មស្របច្បាប់។
លើសពីនេះទៅទៀត ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញនេះ នឹងផ្តល់ឱកាសដ៏សំខាន់មួយទៀត ដល់ធុរជនដែលកំពុងចង់បានឯកសារគតិយុត្តកំណត់អត្តសញ្ញណអាជីវកម្មរបស់ខ្លួន ដើម្បីពន្លឿន និងទទួលបានឥណទានពីកម្មវិធីហិរញ្ញប្បទានពិសេសពីរដ្ឋាភិបាល។ បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញ និងការបង្កើតថ្នាលផ្លាស់ប្តូរទិន្នន័យនេះ គឺជាប្រព័ន្ធតែមួយគត់របស់រាជរដ្ឋាភិបាល ដែលត្រូវដាក់ឱ្យប្រើប្រាស់ជាអន្តរក្រសួង ដោយទិន្នន័យទាំងអសនឹងត្រូវបញ្ជូនចែករំលែកដោយស័យ្វប្រវត្តិ តាមប្រព័ន្ធបច្ចេកវិទ្យា របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងផ្តល់ការអនុម័ត៕
Tag:
អាជីវកម្ម
បច្ចេកទេស
© រក្សាសិទ្ធិដោយ thmeythmey.com