ភ្នំពេញ៖ ជនបរទេសដែលមានបំណងចូលមកកម្ពុជា ត្រូវតម្កល់ថវិកា៣ពាន់ដុល្លារ សម្រាប់ថ្លៃធ្វើតេស្តសុខភាព និងចត្តាឡីស័ក។ ក្រសួងសុខាភិបាល បានចាប់ផ្ដើមអនុវត្តវិធានការតម្កល់ថវិកានេះ កាលពីថ្ងៃទី១៥ មិថុនា។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងបានរៀបចំដាក់ប្រព័ន្ធធនាគារឯកជននៅព្រលានយន្តហោះ ដើម្បីឱ្យជនបរទេស តម្កល់លុយទុកចំនួន៣ពាន់ដុល្លារ សម្រាប់ចំណាយលើថ្លៃសេវាសុខភាព។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះថា៖«(ទឹកប្រាក់៣ពាន់ដុល្លារ) អាហ្នឹងគេគិតទាំងអស់ ពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យសុខភាព ហើយនឹងធ្វើតេស្ត និងចត្តាឡីស័ក ហើយទាំងការស្នាក់នៅ និងហូបចុក»។
ការគិតសេវាសម្រាប់ជនបរទេសនេះ គឺរាប់បញ្ជូលទាំងថ្លៃដឹកជញ្ជូន ថ្លៃអាហារ ថ្លៃស្នាក់នៅក្នុងសណ្ឋាគារ ឬមណ្ឌលសំចត ការធ្វើតេស្តរកកូវីដ-១៩ រួមទាំងការពិនិត្យព្យាបាលកូវីដ-១៩(ករណីវិជ្ជមាន) និងសេវាព្យបាលជំងឺប្រចាំកាយផ្សេងទៀត, សេវាគ្រូពេទ្យ, ថ្លៃបោកគក់ និងសេវាសន្តិសុខផងដែរ។នេះបើតាមតារាងតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ មិថុនា។
កាលពីថ្ងៃទី១៥ មិថុនា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបើកកិច្ចប្រជុំស្តីពីវិធានការការពារ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដោយមានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូតចំនួន១០ប្រទេស និងតំណាងស្ថានបេសកកម្មការទូត ២១ប្រទេស រួមទាំងប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាជាដើម។
ថ្លែងចំពោះមុខអង្គទូតបរទេសទាំងអស់នោះ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ជាថ្មីថា ជនបរទេសណា មានបំណងធ្វើដំណើរចូលមកកម្ពុជានោះ ពួកគេត្រូវស្នើសុំទិដ្ឋាការជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ មិនតែប៉ុណ្ណោះ ជនបរទេសគ្រប់រូបត្រូវផ្តល់នូវវិញ្ញាបនប័ត្រ បញ្ជាក់សុខភាព ចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាពនៃប្រទេសរបស់សាមីខ្លួន ដែលមានសុពលភាពមិនលើសពី ៧២ម៉ោង មុនពេលធ្វើដំណើរ ដើម្បីបញ្ជាក់ថាខ្លួនពុំមានវីរុសកូរ៉ូណា(COVID-19)ឡើយ។
បន្ថែមពីនេះលោក ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងទំហំទឹកប្រាក់យ៉ាងតិច ៥០,០០០ ដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។ ប៉ុន្តែតម្រូវការនេះ មិនសម្រាប់មន្ត្រី នៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ។
បើតាមរដ្ឋមន្ត្រីសុខាភិបាលដដែល រាល់អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍។ «ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានវិជ្ជមានកូវីដ-១៩ នោះ អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់ តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩»។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង។
ចំណែកអ្នកដំណើរទាំងអស់ ដែលមានលទ្ធផលអវិជ្ជមានកូវីដ-១៩អវិជ្ជមានវិញ ពួកគេត្រូវចត្តាឡីស័កដោយខ្លួនឯង រយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល មុននឹងធ្វើតេស្តម្ដងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
គិតត្រឹមថ្ងៃទី១៦ មិថុនានេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន១២៨នាក់ ក្នុងនោះជាសះស្បើយ១២៥នាក់ ៕