COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Casillas បោះបង់​បេក្ខភាព​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​ដោយសារ COVID-19
16, Jun 2020 , 11:39 am        
រូបភាព
Iker Casillas អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បាន​ដកខ្លួន​ចេញពី​បេក្ខភាព​ប្រជែង​ធ្វើ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ (SFF) វិញ ដោយសារតែ​វិបត្តិ​ជំងឺឆ្លង COVID-19 ក្នុងប្រទេស​។​


​អតីត​អ្នកចាំទី Real Madrid រូបនេះ​បាន​និយាយថា រូបគេ​កំពុង​ពិចារណា​ឡើងវិញ​នូវ​បេក្ខភាព​ជា​ប្រធាន SFF ដោយសារតែ​ស្ថានភាព​សង្គម សេដ្ឋកិច្ច និង​សុខភាព​នៅក្នុង​ប្រទេសរ​បស់​ខ្លួន​កំពុង​រង​ទុក្ខ​ខ្លាំង​។​
 
​គិត​មកទល់ពេលនេះ អេ​ស្ប៉ា​ញ​មាន​ករណី​ស្លាប់​ដោយសារ COVID-19 ជាង ២៧០០០​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ជិត ៣០​ម៉ឺន​នាក់ ចាប់តាំងពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​។​
 
Casillas បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់ខ្លួន​ក្រោយ​បោះបង់​បេក្ខភាព​ប្រជែង​តំណែង​ប្រធាន SFF ថា សំឡេងឆ្នោត​សម្រាប់​តួនាទី​នេះ​លែង​សំខាន់​ហើយ អំឡុងពេល​មាន​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​។​
 
​កីឡាករ វ័យ​៣៩​ឆ្នាំ​រូបនេះ មិនទាន់​ប្រកាស​ចូលនិវត្តន៍​ជា​ផ្លូវការ​នោះទេ ប៉ុន្តែ​រូបគេ​ក៏​មិនបាន​លេង​ឲ្យ​ក្រុម FC Porto ដែរ ចាប់តាំងពី​ខែមេសា ឆ្នាំ ២០១៩ រហូត​សព្វថ្ងៃ បន្ទាប់ពី​មាន​ជំងឺ​គាំងបេះដូង​អំឡុងពេល​ហ្វឹកហាត់​កន្លងមក​។ ដោយសារ​បញ្ហា​ជំងឺ​នេះ Casillas ត្រូវបាន Porto ផ្តល់​តួនាទី​ជា​បុគ្គលិក​គ្រូបង្វឹក​ចាប់ពី​ខែកក្កដា ឆ្នាំ ២០១៩ មក​។​
 
​ការដកខ្លួន​ចេញពី​បេក្ខភាព​ប្រជែង​តំណែង​ខាងលើ​របស់ Casillas មានន័យថា​លោក Luis Rubiales ដែល​កំពុង​កាន់អំណាច​នឹង​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជាថ្មី​ដោយ​គ្មាន​អ្នកជំទាស់​នៅ​ខែសីហា​ខាងមុខ ដើម្បី​បន្ត​តំណែង​អាណត្តិ​រយៈពេល ៤ ឆ្នាំ​ទៀត​៕
 

Tag:
 Iker Casillas
  COVID-19
  SFF
© រក្សាសិទ្ធិដោយ thmeythmey.com