អន្តរជាតិ
លោក ប្រា​យុទ្ធ ដាស់តឿន​ឲ្យ​ប្រជាជន​ថៃ​កុំ​ចូលរួម​យុទ្ធនាការ​ប្រឆាំង​រាជានិយម​
16, Jun 2020 , 12:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ដាស់តឿន​ប្រជាជន​ថៃ​កុំ​ចូលរួម​ក្នុង​យុទ្ធនា​ការប្រឆាំង​មហាក្សត្រ ព្រោះ​នឹង​នាំ​បញ្ហា​ដល់​ខ្លួនឯង​។ ថៃ ជា​ប្រទេសមួយ​ដែល​ដាក់​ទោសទណ្ឌ​យ៉ាងធ្ងន់ធ្ងរ​លើ​អ្នក​ដែល​ប្រមាថ​មហាក្សត្រ​។ ប៉ុន្តែ​លោក ប្រា​យុ​ទ្ធ្ អះអាងថា មាត្រា​ស្ដីពី​ការ​ទោសទណ្ឌ​អ្នក​ប្រមាថ​ស្ដេច (Les Majeste) មិនត្រូវ​បាន​យកមកអនុវត្ត​ឡើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​តាម​ព្រះរាជតម្រិះ​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ។

 
 
​ចំនួន​ករណី​បំពាន​មាត្រា​១១២​នៃ​ក្រមព្រហ្មទណ្ឌ​ថៃ​ដែល​ត្រូវ​ស្គាល់​ជាទូទៅ​ថា ច្បាប់​ការពារ​ព្រះមហាក្សត្រ បាន​កើនឡើង​យ៉ាងខ្លាំង​តាំងពី​ឆ្នាំ​២០១៦ មក​។ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច​ន្ធ​អូ​ចា និយាយ​ដូចនេះ​នៅ​ថ្ងៃទី​១៥ ខែមិថុនា​។ នេះ​ជា​លើកដំបូង​ដែល​លោក ប្រា​យុទ្ធ និយាយ​ដល់​រឿង​រសើប​មួយ​នេះ ខណៈដែល​ប្រជាជន​ថៃ​កាន់តែច្រើន ពិសេស​យុវជន​នាំគ្នា​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត​របស់​ពួកគេ​ពាក់ព័ន្ធ​របបរាជានិយម​។​
 
«​យើង​ដឹង​ហេតុអ្វី​ពួកគេ​មាន​សកម្ម​ភាពខ្លាំង​។ តើ​វា​ជិត​ដល់​ថ្ងៃ​មែន​ទេ​? ប្រទេស​ថៃ​ខុសពី​គេ​។ យើង​មិនអាច​ផ្លាស់ប្ដូរ​តាមរយៈ​អំពើហិង្សា​ឡើយ​។​» លោក ប្រា​យុទ្ធ ថ្លែង​បែបនេះ តែ​មិន​បញ្ជាក់​ឲ្យ​លម្អិត​ឡើយ​។ ប៉ុន្តែ​លោក ទំនង​ចង់​សំដៅ​ដល់​ថ្ងៃទី​២៤ ខែមិថុនា ដែលជា​ថ្ងៃ​ថៃ​ផ្លាស់ប្ដូរ​ពី​របប​រាជនិយម​ផ្ដាច់ការ​ទៅជា​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​វិញ​។ 
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ បន្ថែមថា មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បានស្នើ​កុំ​ឲ្យ​ប្រើ​ច្បាប់​ការពារ​មហាក្សត្រ ប៉ុន្តែ​នៅពេលដែល​អាជ្ញាធរ​មិន​ប្រើប្រាស់​ច្បាប់​នេះ បែរជា​មាន​អ្នក​បំពាន​ទៅវិញ​។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បាន​ទទូច​ឲ្យ​ប្រជាជន​កុំ​ក្លាយខ្លួនជា​ឧបករណ៍​សម្រាប់​អ្នក​ដែល​មិន​ពេញចិត្ត​ស្ថាប័ន​មហាក្សត្រ​របស់​ប្រទេស ហើយ​នាំគ្នា​ចែករំលែក​ព័ត៌មាន​មិន​ពិត​នៅលើ​បណ្ដាញ​សង្គម​ទៅវិញ​។ 
 
​ដោយសារ​ច្បាប់​នេះ សកម្មជន​ថៃ​ជាច្រើន​នាំគ្នា​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ដូចជា​អឺរ៉ុប និង​ប្រទេស​ក្បែរ​ខាង​ថៃ​ដើម្បី​គេច​ពី​សំណាញ់​ច្បាប់​។ ទាក់ទង​រឿងនេះ លោក ប្រា​យុទ្ធ បញ្ជាក់ថា រដ្ឋាភិបាល​បាងកក បាន​ផ្ញើលិខិត​ទៅកាន់​ប្រទេស​ទាំងនោះ​ដោយ​ស្នើ​ឲ្យ​ចាប់បញ្ជូន​ជនភៀសខ្លួន​នយោបាយ​ទាំងនោះ​ត្រឡប់​ទៅ​ថៃ​វិញ ក្នុងករណី​ពួកគេ​បង្កបញ្ហា​។ ប៉ុន្តែ​លោក​ក៏​អះអាងថា បើ​រដ្ឋាភិបាល​ទាំងនោះ មិន​បញ្ជូន​ពួកគេ​ទៅវិញ ក៏​រដ្ឋាភិបាល​ថៃ​មិនអាច​ធ្វើ​អ្វី​បានដែរ​។​
 
​ចំណែក​រឿង​សកម្មជន Wanchalearm Satsaksit វិញ លោក ប្រា​យុទ្ធ លើកឡើងថា រូបគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បាន​រត់​ចេញពី​ប្រទេស​ទៅកាន់​កម្ពុជា​វិញ​។ បើតាម​នាយករដ្ឋមន្ត្រី​ថៃ អ្នករត់​ភៀសខ្លួន​ខ្លះ មិនបាន​ធ្វើ​ខុស​ឡើយ ឯ​ខ្លះទៀត​មាន​កំហុស​តូចតាច តែ​លោក​មិន​យល់ថា ហេតុអ្វី​ត្រូវ​រត់គេច​ឡើយ​៕ 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com