COVID-19
កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​ស​រៀបចំ​ពានរង្វាន់​ពីរ​រួមគ្នា ដើម្បី​ចម្រាញ់​រក​កីឡាករ​ជម្រើសជាតិ​
16, Jun 2020 , 3:39 pm        
រូបភាព
សកម្មភាពកីឡាករប្រកួតក្នុងពានរង្វាន់សម្តេច ស ខេង និងជើងឯកថ្នាក់ជាតិ
សកម្មភាពកីឡាករប្រកួតក្នុងពានរង្វាន់សម្តេច ស ខេង និងជើងឯកថ្នាក់ជាតិ
ដោយ:
​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា រៀបចំ​ការប្រកួត​ពាន​រង្វាន់​ពីរ​ក្នុងពេល​តែមួយ ដើម្បី​ចម្រាញ់​រក​កីឡាករ​ជើង​ខ្លាំង​ត្រៀម​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​។ ការ​តេស្ត​សមត្ថភាព​កីឡាករ​ក្រោយ​ផ្អាក​ការហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​ខែ ដោយសារ​កូ​វីដ​-១៩ ក៏​ជា​គោលបំណង​មួយ​ផងដែរ​។ ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួត​នេះ នឹង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ទ្វេដង​។​

 
​ជាការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង ក៏ពិតមែន តែ​វា​ជាការ​ប្រកួត​ដើម្បី​ចម្រាញ់​រក​ធនធាន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការប្រកួត​អន្តរជាតិ​ផ្សេងៗ​។ បើតាម​លោក ជា សែន​វិស្សុត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួត​នេះ​នឹង​ទទួលបាន​កៅអី​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​អគ្គលេខាធិការ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ម្ចាស់​ជ័យលាភី​នឹង​ទទួលបាន​ឱកាស​ក្លាយជា​កីឡាករ​ជម្រើសជាតិ​។ ជាគោលការណ៍ ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​យើង​ចម្រាញ់​យក​កីឡាករ ដែលមាន​សមិទ្ធផល​ល្អ យើង​មិនអាច​យក​កីឡាករ​ខ្សោយ ឬ​ប្រកួត​ចាញ់​គេ​ឲ្យ​ជាប់​ជម្រើសជាតិ ក៏​អត់​បានដែរ​»​។ 
 
​អគ្គលេខាធិការ​រូបនេះ សង្កត់ធ្ងន់ថា ផ្ទុយទៅវិញ​បើ​កីឡាករ​មាន​អាយុ​លើសពី​៣២​ឆ្នាំ តែ​រូបគេ​ទទួលបាន​ជ័យលាភី គឺ​មិន​ទទួលបាន​ឱកាស​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ឡើយ​។ ព្រោះ​ជាគោលការណ៍ ក្រសួង​អប់រំ​យុវជន​និង​កីឡា​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​មាន​អាយុ​លើស​៣២​ឆ្នាំ​ជាប់​ជម្រើសជាតិ​នោះទេ​។ តែ​យ៉ាងណា កីឡាករ​លើស​អាយុ​ទាំងនោះ​នឹង​ទទួលបាន​ការប្រមូលផ្តុំ​ហ្វឹកហាត់​ធម្មតា ក្រោម​ការឧបត្ថម្ភ​ផ្ទាល់​ពី​សហព័ន្ធ​។​
 
​សម្រាប់​លោក ជា សែន​វិស្សុត ការប្រកួត​នេះ ក៏​ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង​សម្រាប់​ត្រៀម​ការប្រកួត​អន្តរជាតិ​ផងដែរ ជាពិសេស​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ដែល​សហព័ន្ធ​គ្រោង​រៀបចំ​នៅ​ចុងឆ្នាំ​២០២០​នេះ​។ ប៉ុន្តែ​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​អាស៊ី​គ្នេ​យ៍​លើកដំបូង​អាច​ដំណើរការ​ទៅបាន គឺ​អាស្រ័យ​លើ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ម្យ៉ាងទៀត​ការប្រកួត​នេះ គឺ​ដើម្បី​ធ្វើតេស្ត​សមត្ថភាព ក៏ដូចជា​ស្វែងរក​ចំណុចខ្សោយ​របស់​កីឡាករ ដើម្បី​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​ប្រសើរ​ផងដែរ​។ 
 
​ក្រៅពី​ឱកាស​ជាប់​ជម្រើសជាតិ ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួត​នឹង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ទ្វេដង​។ បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ជា ប៊ុនហេង អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា អ្នកទទួលបាន​ចំណាត់ថ្នាក់​លេខ​១​នឹង​ទទួលបាន​៨០​ម៉ឺន​រៀល​, លេខ​២​បាន​៦០​ម៉ឺន​រៀល និង​លេខ​៣​បាន​៤០​ម៉ឺន​រៀល​។ ខណៈ​គោលការណ៍​របស់​ក្រសួង​អប់រំ​លេខ​១​បាន​៣០​ម៉ឺន​រៀល​, លេខ​២​បាន​២០​ម៉ឺន​រៀល និង​លេខ​៣​បាន​១០​ម៉ឺន​រៀល​។ 
 
​លោក ជា សែន​វិស្សុត បាន​បញ្ជាក់ថា កីឡាករ​កីឡាការិនី ដែល​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ទាំងពីរ​នេះ សុទ្ធសឹង​មាន​សមត្ថភាព​ខ្ពស់ ក្រោម​ការ​ចម្រាញ់​ពី​ក្លិប​សមាគម​នីមួយៗ​។ ការប្រកួត​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥-១៩ មិថុនា នេះ មាន​កីឡាករ​ចំនួន​៦៩​នាក់​(​ស្រី​២៤​នាក់​)​មកពី​៦​ក្លិប​-​សមាគម​ចូលរួម​។ ចំនួន​នេះ មានការ​ថយចុះ​បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ជាង​១៣០​នាក់​ចូលរួម​។  
 
​បើតាម​អគ្គលេខាធិការ​រូបនេះ​ការថយចុះ​នេះ​ដោយសារ​សហព័ន្ធ​កាត់បន្ថយ​វិញ្ញាសារ​និង​ដកចេញ​កម្រិត​អាយុ​មួយចំនួន​។ ម្យ៉ាងទៀត សហព័ន្ធ​គោរព​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​កំណត់​មិន​ឲ្យ​មាន​កីឡាករ​និង​អាជ្ញាកណ្តាល​ចៅក្រម​លើសពី​១០០​នាក់ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​ជាក់ស្តែង​មុន​អនុញ្ញាត​ឲ្យ​កីឡាករ​កីឡាការិនី​ចូល​ទីលាន​ប្រកួត សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​តម្រូវ​ឲ្យ​កីឡាករ និង​មន្ត្រី​ទាំងអស់​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល និង​វាស់​ក្តៅ​ជាមុន​។ ក្នុងករណី​មាន​កីឡាករ ឬ​មន្ត្រី​មាន​កម្តៅ ឬ​អា​ការគួរ​ឲ្យ​សង្ស័យ សហព័ន្ធ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទីលាន​ប្រកួត​ឡើយ​៕   
 
 

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា សែន​វិស្សុត​
  ពានរង្វាន់​សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com