អន្តរជាតិ
ត្រាំ នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ ដើម្បី​កំណែទម្រង់​លើ​ប៉ូលិស​អាមេរិក​
16, Jun 2020 , 4:10 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ EPA-EFE
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ EPA-EFE
ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៦ ខែមិថុនា នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដើម្បី​កែលម្អ​ពីរ​ប្រៀប​ធ្វើការ​របស់​ប៉ូលិស​អាមេរិក​ក្នុង​លក្ខខណ្ឌ​មួយចំនួន​ដូចជា ការកែលម្អ​គុណភាព​របស់​ប៉ូលិស ការហ្វឹកហាត់ និង​សុខភាព​ផ្លូវចិត្ត​ជាដើម​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​។



​មួយរយៈ​ចុងក្រោយ​នេះ បញ្ហា​រវាង​ប៉ូលិស​អាមេរិក និង​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ បានកើត​ឡើងជា​បន្តបន្ទាប់​។ ក្រោយ​ការ​សង្កត់​កលើ George Floyd ទើបតែ​កើត​មាននៅ​ខែ​មុន ក្នុងពេល​ថ្មីៗ​នេះ ប៉ូលិស​អាមេរិក បាន​បាញ់សម្លាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​មួយរូប​ទៀត​។ បញ្ហា​នេះ រឹតតែ​ធ្វើ​ឲ្យ​បាតុករ​អាមេរិក កាន់​តែមាន​កំហឹង​ខ្លាំង​ថែមទៀត​។ 
 
​ដើម្បី​កាត់បន្ថយ​កំហឹង​បាតុករ ការធ្វើកំណែទម្រង់​លើ​ស្ថាប័ន​ប៉ូលិស គឺជា​វិធី​បន្សាប​កម្ដៅ​។ បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ប្រធានាធិបតី​អាមេរិក នឹង​ចុះ​ហត្ថ​លេខ​លើ​បទបញ្ជា​ប្រតិបត្តិ ដើម្បី​ធ្វើកំណែទម្រង់​ពី​របៀប​ធ្វើការ​របស់​ប៉ូលិស​។ បទបញ្ជា​នេះ នឹង​តម្រូវ​ឲ្យ​ស្ថាប័ន​ប៉ូលិស​អនុវត្តតាម​ស្តង់ដារ ក្នុងការ​ប្រើប្រាស់​កម្លាំង ការជ្រើសរើស​ប៉ូលិស ដែលមាន​ប្រ​វត្ត​រូបល្អ ឬ​មាន​ប្រ​វត្ត​រូប​ច្បាស់លាស់ និង​ការរួមបញ្ចូល​ពលករ​សង្គម​ចូលទៅក្នុង​ប្រព័ន្ធ​អនុវត្ត​ច្បាប់ ដើម្បី​ឆ្លើយតប​នឹង​ករណី​មួយចំនួន​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​នា​ថ្ងៃទី​១៥ ខែមិថុនា លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា​៖ «​យើង​នឹង​ជជែក​ពី​បញ្ហា​(​បាតុកម្ម​) ដែល​យើង​បាន​មើល និង​ឃើញ​តាំងពី​ខែ​មុន​មក​ម្លេះ ហើយ​យើង​នឹងមាន​ដំណោះស្រាយ​មួយចំនួន​»​។ 
 
​ក្រៅពី​បទបញ្ជា​ប្រតិបត្តិ​របស់​ប្រធានាធិបតី​អាមេរិក សភា​ទាំងពី​ថ្នាក់​របស់​អាមេរិក ក៏​កំពុង​ពិភាក្សា​លើ​ច្បាប់​មួយ ដែល​ឆ្លើយតប​នឹង​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស នៅក្នុង​ទឹកដី​អាមេរិក​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​នេះ មន្ត្រី​អនុវត្ត​ច្បាប់ និង​ក្រុមគ្រួសារ​របស់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ដែល​រងគ្រោះ​ដោយសារតែ​ប៉ូលិស​ក្នុងពេល​កន្លងមក ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹងចូលរួម​ដែរ​៕

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com