លោកស្រី​ការី ឡាំ​៖ អ្នកប្រឆាំង​ច្បាប់​សន្តិសុខ​ជាតិ នឹង​ក្លាយ​សត្រូវ​របស់​ប្រជាជន​ហុងកុង​
អន្តរជាតិ
លោកស្រី​ការី ឡាំ​៖ អ្នកប្រឆាំង​ច្បាប់​សន្តិសុខ​ជាតិ នឹង​ក្លាយ​សត្រូវ​របស់​ប្រជាជន​ហុងកុង​
16, Jun 2020 , 7:39 pm        
រូបភាព
រូបភាព៖ Bloomberg និង Reuters
រូបភាព៖ Bloomberg និង Reuters
ប្រមុខ​ដឹកនាំ​ទីក្រុង​ហុងកុង លោកស្រី ការី ឡាំ នៅ​ថ្ងៃទី​១៦ ខែមិថុនា បាន​ជំរុញ​អ្នកប្រឆាំង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ទាំងអស់ ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​។ ជាមួយគ្នានេះ លោកស្រី​ប្រមុខ​ហុងកុង បាន​បន្តថា បើ​នៅតែ​បន្តសកម្មភាព​ប្រឆាំង​តទៅទៀត អ្នក​ទាំងនោះ នឹង​ក្លាយជា​សត្រូវ​របស់​ប្រជាជន​។


​ថ្លែង​នៅមុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ហុងកុង លោកស្រី​ការី ឡាំ ប្រធាន​ប្រតិបត្តិ​ហុងកុង បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ជំរុញ​ឲ្យ​អ្នកប្រឆាំង ដែល​នៅតែ​ប្រើប្រាស់​វិធីសាស្ត្រ​បំផ្លាញ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង  បញ្ឈប់​អំពើ​របស់ខ្លួន​។ បើ​នៅតែ​បន្តធ្វើ​សកម្មភាព​បែបនេះ ពួកគេ នឹង​ក្លាយជា​សត្រូវ​របស់​ប្រជាជន​ហុងកុង​»​។ ក្នុងន័យនេះ ប្រមុខ​ហុងកុង ចង់​សំដៅ​ក្រុមបាតុករ ដែល​បានធ្វើ​បាតុកម្ម​នៅក្នុង​ទីក្រុង​ហុងកុង​ជាថ្មី ប​ចាប់តាំងពី​ផែនការ​ច្បាប់​សន្តិសុខ​ជាតិ និង​សេចក្តីស្នើច្បាប់​ភ្លេង​ជាតិចិន​ត្រូវបាន​គេ​ដាក់ចូល​ទៅក្នុង​សភា​ពិភាក្សា​។ 
 
​បាតុកម្ម ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បាន​បង្អាក់ការងារ​ជាច្រើន​នៅក្នុង​ទីក្រុង​ហុងកុង ជាពិសេស​ផ្លូវ​នៅក្នុង​ទីក្រុង​ហុងកុង​មួយចំនួន ត្រូវ​សមត្ថកិច្ច​បិទ ឬ​ត្រូវ​ក្រុមបាតុករ​បិទ​។ ទាក់ទិន​នឹង​បញ្ហា​នេះ លោកស្រី​ប្រមុខ​ហុងកុង បាន​លើកឡើងថា មនុស្ស​ជាច្រើន​នាក់ ចង់​ស្តារ​ស្ថិរភាព​ឡើងវិញ និង​មាន​សុវត្ថិភាព និង​ធ្វើ​ការងារ​ឡើងវិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ថ្លែង​នៅក្នុង​វី​ឌី​អូ​មួយ ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook លោកស្រី ការី ឡាំ បាន​ហៅ​ក្រុមបាតុករ​ថា ជា​ភេរ​វករ​គំរាមកំហែង​ទីក្រុង​ហុងកុង ដោយមាន​ការពាក់ព័ន្ធ​ពី​កម្លាំង​បរទេស​។ បញ្ហា​នេះ ត្រូវបាន​លោកស្រី ព្រមាន​ថា សន្តិសុខ និង​វិបុលភាព​របស់​ទីក្រុង កំពុងស្ថិត​ក្រោម​ការ​គំរាម​។ ការព្រមាន​នេះ ធ្វើឡើង បន្ទាប់ពី​ប្រជាជន​ហុងកុង​ជាច្រើន​ម៉ឺន​នាក់ បាន​ចេញមក​បាតុកម្ម គំរប់​ខួប​១​ឆ្នាំ នៃ​បាតុកម្ម​នៅក្នុង​ទីក្រុង​ហុងកុង​។ 
 
​សូមបញ្ជាក់ថា ផែនការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង និង​សេចក្តីស្នើច្បាប់​ភ្លេង​ជាតិចិន បាន​បំផុស​ឲ្យ​ប្រជាជន​ហុងកុង​ជាច្រើន​នាក់ ផ្ទុះ​កំហឹង និង​ចេញមក​បាតុកម្ម​សារជាថ្មី ព្រោះ​ប្រជាជន​ទាំងនោះ ជឿថា​ផែនការ និង​សេចក្តីស្នើច្បាប់​ទាំងពីរ​នេះ គឺជា​ការពង្រីក​ឥទ្ធិពល​របស់​ចិន មកលើ​ហុងកុង និង​បំបិទ​សិទ្ធិសេរីភាព​ប្រជាជន​ក្នុង​ទីក្រុង​៕ 
 

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com