ជាតិ
សង្គមជាតិ
ទូត​ខ្មែរ​ប្រចាំ​ការិយាល័យ​UN ប្រាប់​ឱ្យ​អ្នករាយការណ៍​ពិសេស​ស្វែងរក​អង្គហេតុ និង​ព័ត៌មាន​ពិត​ពី​កម្ពុជា មុន​វាយតម្លៃ​
16, Jun 2020 , 8:19 pm        
រូបភាព
ឯកអគ្គរាជទូតកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិលោក អាន សុខខឿន ថ្លែងក្នុងកិច្ចប្រជុំស្តីពីបញ្ហាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២០ មីនា ឆ្នាំ២០២០ (អង្គុយកណ្ដាល ដោយមានអក្សរCAMBODGE នៅពីមុខ)
ឯកអគ្គរាជទូតកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិលោក អាន សុខខឿន ថ្លែងក្នុងកិច្ចប្រជុំស្តីពីបញ្ហាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២០ មីនា ឆ្នាំ២០២០ (អង្គុយកណ្ដាល ដោយមានអក្សរCAMBODGE នៅពីមុខ)
​ភ្នំពេញ​៖ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ​លោក អាន សុខ​ខឿន ប្រាប់​អ្នករាយការណ៍​ពិសេស​ស្វែងរក​អង្គហេតុ និង​ព័ត៌មាន​ពិត​ពី​កម្ពុជា​។​ទូត​កម្ពុជា ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៤៣ នៃ​កិច្ចពិភាក្សា​លើ​របៀបវារៈ​ទី​៥ ស្តីពី​យន្តការ​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​១៥ មិថុនា​។​


​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ លោក អាន សុខ​ខឿន បាន​និយាយថា អ្នករាយការណ៍​ពិសេស មិនគួរ​ចាត់ទុក​រាល់​របាយការណ៍ ដែល​ទិតៀន​រដ្ឋាភិបាល ជា​«​ការពិត​ដែល​សម្រេច​រួចហើយ​» ដោយ​មិនបាន​សិក្សា​អំពី​សុក្រឹតភាព​នៃ​ព័ត៌មាន​ដែល​បាន​យក​ប្រើប្រាស់ សាវតា​ដែល​បាន​កើតមានឡើង​ក្នុងប្រទេស និង​ហេតុផល​នយោបាយ​នោះទេ​។​
 
​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ​រូបនេះ បាន​សង្កត់​ដូច្នេះ​ថា​៖«​អាណត្តិ​របស់​អ្នករាយការណ៍​ពិសេស​ត្រូវតែ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ក្រម​ប្រតិបត្តិ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ សម្រាប់​នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ អ្នករាយការណ៍​ពិសេស​ត្រូវតែ​ស្វែងរក​អង្គហេតុ​ពិត ដោយ​ផ្អែកលើ​ព័ត៌មាន​សត្យា​ន​ម័ត និង​អាច​ជឿជាក់​បាន ចេញពី​ប្រភព​ដែល​អាច​ជឿទុកចិត្ត និង​ត្រូវបាន​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​ត្រឹមត្រូវ ដូច​មានចែង​ក្នុង​មាត្រា​៦ មាត្រា​៨ និង​មាត្រា​៩ នៃ​ក្រម​ប្រតិបត្តិ​របស់​នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​…»​។​
 
​លោក អាន សុខ​ខឿន ក៏​ស្នើឱ្យ​អ្នករាយការណ៍​ពិសេស គោរព​ឱ្យបាន​ម៉ឹងម៉ាត់​នូវ​គោលបំណង និង​គោលការណ៍​ជា​សារ​វ័​ន្ត នៃ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​តិ ដែល​ក្នុងនោះ​បញ្ជាក់​ពី​ការគោរព​អធិបតេយ្យភាព និង​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​។​
 
«​អាណត្តិ​របស់​អ្នករាយការណ៍​ពិសេស គឺ​ជួយ​រដ្ឋ​ជា​សមាជិក ក្នុង​វិស័យ​សិទ្ធិមនុស្ស​តាមរយៈ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ មិនមែន​តាមរយៈ​ការវិនិច្ឆ័យ​ផ្ដល់​ពិន្ទុ​ទៅតាម​ទស្សនៈ​យល់ឃើញ​ផ្ទាល់ខ្លួន ដូច​មានចែង​ក្នុង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ អ្នករាយការណ៍​ពិសេស មិនមែនជា​ចៅក្រម ហើយក៏​មិនមែនជា​ព្រះរាជអាជ្ញា​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​ឯក​អគ្គរាជទូត​កម្ពុជា ឆ្លើយតប​ទៅនឹង​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដែល​តែងតែ​វាយតម្លៃ​អវិជ្ជមាន​លើ​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា​។​
 
​កន្លងមក​អ្នករាយការណ៍​ពិសេស​ដែល​ទទួលបន្ទុក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ បាន​វាយតម្លៃថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ ដោយសារ​ការ​រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ និង​ការប្រើប្រាស់​ច្បាប់ ដើម្បី​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​សិទ្ធិមនុស្ស សកម្មជន និង​អ្នកនយោបាយ​ជាដើម ។ 
 
​តែ​យ៉ាងណា​រដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​អះអាង​ការពារ​ខ្លួន​ថា កម្ពុជា​មិនបាន​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​របស់​ពលរ​ដ្ឋ​ទេ ប៉ុន្តែ​បើ​ការរិះគន់ និង​បញ្ចេញមតិ​ណា ដែលមាន​ចរិត​បែប​ញុះញង់ ហើយ​បង្កចលាចល​ក្នុងសង្គម​នោះ គឺ​នឹងត្រូវ​អនុវត្តតាម​វិធានការ​ច្បាប់​ជា​ធរមាន​។ 
 
​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក កម្ពុជា​ទទួលយក​អ្នករាយការណ៍​ពិសេស​ប្រចាំ​ប្រទេស ចំនួន​៦​រូប​ហើយ​។ ដោយឡែក​នៅ​ឆ្នាំ​២០១៩ រដ្ឋាភិបាល ក៏បាន​ឯកភាព​បន្ត​អាណត្តិ​របស់​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា រយៈពេល​ពីរ​ឆ្នាំ​ត​ទៀត​៕
 

Tag:
 សិទ្ធិមនុស្ស​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com