អន្តរជាតិ
កូរ៉េខាងជើង ថា​កងទ័ព​ត្រៀម​រួចរាល់​ក្នុងការ​ចាត់វិធានការ​លើ​ខិ​ត្ត​បណ្ណ​ឃោស​នាពី​កូរ៉េខាងត្បូង​
16, Jun 2020 , 8:39 pm        
រូបភាព
ទាហានកូរ៉េខាងជើង នៅតំបន់គ្មានកងទ័ព។រូបភាព៖AP
ទាហានកូរ៉េខាងជើង នៅតំបន់គ្មានកងទ័ព។រូបភាព៖AP
ដោយ:
​កងទ័ព​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៦ ខែមិថុនា បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការចេញ​សកម្មភាព បើសិនជា​ក្រុម​ជនភៀសខ្លួន​ពី​កូរ៉េខាងជើង នៅតែ​បន្តសកម្មភាព​ក្នុង​ការបញ្ជូន​ខិត្តប័ណ្ណ​ចូល​ទឹកដី​កូរ៉េខាងជើង​។ ការព្រមាន​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វិធាន​ការតបត​ចុងក្រោយបង្អស់​របស់​កូរ៉េខាងជើង​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​KCNA​។​

 
​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​កូរ៉េ បាន​និយាយថា ខ្លួន​កំពុងតែ​សិក្សា​ពី​ផែនការ​សកម្មភាព​ក្នុង​ការចូល​ទៅកាន់​តំបន់​គ្មាន​កងទ័ព​ដែល​កំណត់ឡើង​ដោយ​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ រួច​ច​បំ​លែង​តំបន់​នោះ​ឲ្យ​ទៅជា​បន្ទាយ​តែម្តង​។ សេចក្តី​ថ្លែង​ការ​របស់​យោធា​កូរ៉េ បាន​បន្ថែមទៀតថា​កង​ទ័ព​ ​នឹង​អនុវត្ត​យ៉ាង​រហ័ស​និង​ពេញលេញ​នូវ​រាល់​សេចក្តីសម្រេចចិត្ត​របស់​បក្ស និង​រដ្ឋាភិបាល​។​
 
​ភាព​តានតឹង​រវាង​ប្រទេស​កូរ៉េ​ទាំង​២​បាន​កើនឡើង​សារជាថ្មី ជុំវិញ​ការ​បង្ហោះ​ខិត្តប័ណ្ណ​ចូល​ដី​កូរ៉េខាងជើង ដែល​រួមមាន​ការរិះគន់​លោក គីម ជុង​អ៊ុន និង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាដើម​។ ក្រុម​អ្នក​ដែល​បាន​រត់​ភៀសខ្លួន​ពី​កូរ៉េខាងជើង​តែងតែ​ដាក់​ខិត្តប័ណ្ណ អាហារ ក្រដាស់ប្រាក់​១​ដុល្លារ កូន​វិទ្យុ និង​USB ដែលមាន​រឿង បទ​ចម្រៀង និង​ព័ត៌មាន​ពី​កូរ៉េខាងត្បូង ដោយ​តាមរយៈ​ប៉េងប៉ោង​កាត់​ពីលើ​តំបន់​ដែលមាន​ការការពា​រយ៉ា​ង​តឹងតែង ឫ​ដាក់​ក្នុង​ដប​រួច​បណ្តែត​តាម​ទន្លេ​។​
 
​ដោយសារតែ​ទង្វើ​ចែកចាយ​ខិត្តប័ណ្ណ​នេះហើយ ទើប​កាលពី​ថ្ងៃទី​១៣ ខែមិថុនា លោកស្រី​គីម យ៉ូ​ចុង ដែលជា​ប្អូនស្រី​របស់លោក​គីម ជុង​អ៊ុន បាន​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ចេញ​សកម្មភាព​។ ចំណែកឯ កូរ៉េខាងត្បូង​វិញ ក្នុងន័យ​ចង់​បន្ធូរបន្ថយ​ស្ថានការណ៍ បានចេញ​សកម្មភាព​ផ្លូវច្បាប់​ប្រឆាំង​អង្គការ​ចំនួន​២​ដែល​ដឹកនាំ​ដោយ​អ្នក​ភៀសខ្លួន​ពី​កូរ៉េខាងជើង ដោយ​លើកឡើងថា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​តាម​ព្រំដែន ក៏ដូចជា​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​។​
 
​ចំណែកឯ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ចេ​អ៊ី​ន កាលពី​ថ្ងៃទី​១៥ ខែមិថុនា​បាន​ទទូច​ឲ្យ​កូរ៉េខាងជើង​រក្សា​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់ និង​ត្រឡប់មក​សន្ទនា​គ្នា​វិញ​៕

Tag:
 ​កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com