កីឡាជាតិ
ជាតិ
លោក ស សុខា៖ មន្ត្រីដែលទើបឡើងជាប្រធាន អនុប្រធានការិយាល័យ ត្រូវចេះយកគំនិតរបស់ថ្នាក់ក្រោម លោក ស សុខា (ស្តាំ)និងប្រធាន និងអនុប្រធាន ដែលទើបចូលកាន់តំណែង
× រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា ជំរុញឲ្យប្រធាននិងអនុប្រធានការិយាល័យចំនួន៣នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលទើបតែងតាំង ត្រូវប្រើប្រាស់តួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេស ត្រូវចេះយកគំនិតរបស់អ្នកនៅក្រោមបង្គាប់ ដើម្បីធ្វើប្រយោជន៍ក្នុងការអភិវឌ្ឍន៍ការងារតាមតួនាទី និងវិស័យរៀងៗខ្លួន។
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី១៥ មិថុនា បានរៀបចំកម្មវិធីប្រកាសចូលកាន់តំណែងប្រធាននិងអនុប្រធានការិយាល័យចំនួន៦រូប។ បើតាមលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មន្ត្រីទាំង៦រូបនោះសុទ្ធសឹងជាមន្ត្រីចាស់ ដែលបម្រើក្នុងការិយាល័យទាំងនោះ ពោលគឹគ្រាន់តែដំឡើងតួនាទីតែប៉ុណ្ណោះ។
លោក ឃួន ណារិទ្ធ ត្រូវបានឡើងតួនាទីពីអនុប្រធានទៅជាប្រធានការិយាល័យរដ្ឋបាលជំនួសប្រធានចាស់ ដែលចូលនិវត្តន៍ រីឯលោក សៀង ចន្ថា និងលោក បូ រ៉ាឆាន់ ត្រូវបានដំឡើងតួនាទីពីមន្ត្រីធម្មតាទៅជាអនុប្រធានការិយា។ ចំណែកលោក យាន គីស៊ីវត្ថា និងលោក សេង មនោ ត្រូវបានដំឡើងតួនាទីទៅជាអនុប្រធានការិយាល័យបណ្តុះបណ្តាល និងគ្រប់គ្រងការិយាល័យភូមិភាគ។ ដោយឡែក លោក លន់ ចន្ធូ ត្រូវបានដំឡើងតួនាទីទៅជាអនុប្រធានការិយាល័យព័ត៌មាន។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ដែលធ្វើជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងនោះ បានជំរុញឲ្យប្រធាននិងអនុប្រធានការិយាទាំងនោះ ប្រើប្រាស់តួនាទីខ្លួនឲ្យបានត្រឹមត្រូវ និងប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ។ បន្ថែមលើនេះ លោក ដាស់តឿនឲ្យមន្ត្រីទាំងនោះត្រូវចេះយកគំនិតល្អៗរបស់ថ្នាក់ក្រោម ធ្វើជាធាតុចូលក្នុងការអភិវឌ្ឍន៍។
ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកីឡាបានស្រង់ប្រសាសន៍របស់លោក ស សុខា យ៉ាងដូច្នេះថា៖«នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ផ្ដាំផ្ញើ សូមគោរពឲ្យបាននូវឆន្ទៈរបស់ខ្លួន ទទួលខុសត្រូវខ្ពស់ ត្រូវចេះទទួលយកគំនិតរបស់ថ្នាក់ក្រោម និងសូមយកឱកាសតែងតាំនេះ ធ្វើការអភិវឌ្ឍខ្លួនតទៅមុខប្រកបដោយប្រសិទ្ធភាពការងារខ្ពស់»៕
Tag:
ស សុខា
មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com