ជាតិ
សង្គមជាតិ
ពលរដ្ឋតាមបណ្តាខេត្តត្រូវប្រុងប្រយ័ត្នរន្ទះ និងខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀង
× ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឲ្យពលរដ្ឋដែលនៅតំបន់វាលទំនាបកណ្តាល តំបន់ជួរភ្នំដងរែក ខ្ពង់ឦសាន និងតំបន់មាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ ចាប់ពីថ្ងៃទី១៧-២៣ ខែមិថុនា ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា កម្ពុជានឹងទទួលរងនូវខ្យល់មូសុងនីរតីបក់ក្នុងកម្រិតមធ្យម និងជ្រលងសម្ពាធទាបអូសបន្លាយ ដែលបណ្តាលឲ្យតំបន់វាលទំនាបកណ្តាល តំបន់ជួរភ្នំដងរែក និងខ្ពង់ឦសាន និងតំបន់មាត់សមុទ្រ គ្រប់ដណ្តប់ដោយទឹកភ្លៀង និងបង្កឲ្យមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
បើតាមក្រសួងធនធានទឹក ខេត្តដែលនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សា និងសីតុណ្ហភាពអតិបរមានពី៣៤-៣៦អង្សា។ នៅផ្នែកខ្លះនៅតំបន់វាលទំនាបភាគកណ្តាល និងភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់ខ្លាំង។
សម្រាប់បណ្តាខេត្តដែលនៅតំបន់ជួរភ្នំដួងរែក និងតំបន់ខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាចាប់ពី២៣ទៅ២៥អង្សា និងសីតុណ្ហភាពអតិបរមាពី ៣៣ទៅ៣៥អង្សា និងមានភ្លៀងធ្លាក់រាយប៉ាយពីតិច ទៅបង្គួរ។
ចំណែកនៅបណ្តាខេត្តដែលនៅជាប់តំបន់ឆ្នេរសមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមាពី ២៥ ដល់២៧អង្សា និងមានសីតុណ្ហភាពអតិបរមាពី៣៣ដល់៣៥អង្សា និងមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរ។
ក្រសួងធនធានទឹកអះអាងថា នៅតាមតំបន់ខាងលើនេះនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើង។ អាស្រ័យហេតុនេះ ក្រសួងធនធានទឹកបានអំពាវនាវដល់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យមែនទែន។
គិតត្រឹមរយៈពេល៥ខែឆ្នាំ២០២០ ចាប់ពីខែមករា ដល់ខែឧសភាកន្លងទៅនេះ កម្ពុជាមានករណីខ្យល់កន្ត្រាក់កើតឡើងចំនួន១១៥លើក ដែលបណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ និងអ្នករងរបួសចំនួន៣៦នាក់។ ចំណែកករណីរន្ទះបាញ់កើតឡើងចំនួន៣៣លើក ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៥នាក់ អ្នករងរបួសចំនួន១១នាក់ រួមទាំងសត្វគោ និងក្របីចំនួន២១ក្បាលក៏ត្រូវស្លាប់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com