ជាតិ
សង្គមជាតិ
អភិបាល​ភ្នំពេញ ប្រកាសថា នឹងមិន​ឲ្យ​ឮ​ពាក្យ «​ធ្វើ​ផ្លូវ​ខូច​លូ ធ្វើ​លូ​ខូច​ផ្លូវ​» ទៀតឡើយ​
16, Jun 2020 , 10:59 pm        
រូបភាព
លោក ឃួង ស្រេង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពរបស់រាជធានីភ្នំពេញ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
លោក ឃួង ស្រេង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពរបស់រាជធានីភ្នំពេញ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ពេញចិត្ត​ខ្លាំង នៅពេល​អ្នកកាសែត​សួរថា «​ហេតុអ្វីធ្វើ​ផ្លូវ​ខូច​លូ ធ្វើ​លូ​ខូច​ផ្លូវ​?»​។ លោក ចាត់ទុកថា​ជា​សំណួរ​ល្អ​បំផុត ហើយ​ក៏បាន​អរគុណ​អ្នកកាសែត​ដែល​ចោទ​ជា​សំណួរ​នេះ​ឡើង ដើម្បី​ឲ្យ​លោក មានឱកាស​បកស្រាយ​។


ឮ​សំណួរ​នេះហើយ លោក ឃួ​ង ស្រេង ដែល​ចូលរួម​ធ្វើជា​វាគ្មិន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​របស់​រាជធានី​ភ្នំពេញ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ មិនទាន់​បកស្រាយ​ភ្លាម​នោះទេ ដោយ​លោក ងាក​ទៅ​រម្លឹក​ពី​អតីតកាល​បន្តិច​សិន​។ លោក លើកឡើងថា អំឡុង​ឆ្នាំ​១៩៩០ រដ្ឋ មានលទ្ធភាព​ចំណាយ​ថវិកា ត្រឹមតែ​ដឹក​ដីក្រហម​ប៉ុណ្ណោះ យកមក​ចាក់​លើផ្លូវ ក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ ឲ្យ​តែ​ភ្លៀង​ម្តងៗ រាជធានី​ភ្នំពេញ តែង​ពោរពេញ​ទៅដោយ​ទឹក​ពណ៌​ក្រហម​។ 

លោក បន្តថា រយៈពេល​៤១​ឆ្នាំ​មកនេះ  គឺមាន​ការលំបាក​ណាស់ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ ដែល​ត្រូវបាន​ខ្ទេចខ្ទាំ ក្នុងសម័យ​ខ្មែរក្រហម​។ លោក មានប្រសាសន៍ថា​៖«​នេះ ជាការ​ពិត ហើយ​វា ជា​សច្ចភាព​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ដ៏​កម្សត់​របស់​យើង​»​។  

បន្ទាប់មក លោក ក៏​និយាយ​ពី​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ​។ លោក ថ្លែងថា វា ជា​មោទនភាព​សម្រាប់​ទាំងអស់គ្នា ដែល​ផ្លូវ​ប៉េ​តុង ផ្លូវ​កៅស៊ូ ប្រព័ន្ធ​លូ និង ប្រឡាយទឹក ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​រៀបចំ​និង​កែសម្រួល​ឡើងវិញ​។ 

លោក​អភិបាល ប្រកាសពីការប្តេជ្ញាចិត្តយ៉ាង​ដូច្នេះ​ថា​៖«​ធ្វើ​ផ្លូវ​ខូច​លូ ធ្វើ​លូ​ខូច​ផ្លូវ គឺ​លែងមាន​តទៅទៀត​ហើយ នៅក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ​របស់​យើង​។ សូម​ឲ្យ​មានការ​យោគយល់​បញ្ហា​នេះ មិនមែនជា​ពាក្យ​និទាន​តទៅទៀត​ទេ គឺ​យើង​បានរៀបចំ​ការងារ​បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​»​។ 

យ៉ាងណា ចម្លើយ​របស់លោក ហាក់​នៅតែ​មិនសូវ​ចំ​នឹង​សំណួរ ដែល​សួរថា «​ហេតុអ្វី ធ្វើ​ផ្លូវ​ខូច​លូ ធ្វើ​លូ​ខូច​ផ្លូវ​?»​។ 

កន្លងមក មានការ​រិះគន់​និង​ការ​សើចចំអក​ថា ពេលធ្វើ​ផ្លូវ​រួច​ភ្លាម​មិនទាន់បាន​ប៉ុន្មាន​ផង ក៏​ចាប់​ផ្តើមធ្វើ​ប្រព័ន្ធ​លូ​តាម​ក្រោយ ហើយ​ពេលខ្លះទៀត ក្រោយពី​ធ្វើ​លូ​រួច ក៏​ចាប់​ផ្តើមធ្វើ​ផ្លូវ​ឡើងវិញ​។ គេ នាំគ្នា​ឆ្ងល់​ថា តើ​ប្រើ​បច្ចេកទេស​របៀប​ម៉េច ទើបបានជា​ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ ឬក៏​ថា ធ្វើ​មួយ​នេះ ខូច​មួយ​នោះ​ទៅវិញ​។ 

ម្យ៉ាងទៀត សព្វថ្ងៃនេះ រឿង​ធ្វើ​ផ្លូវ​ខូច​មុខខូច​ក្រោយ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ទេ និង នៅតាម​បណ្តា​ខេត្ត  នៅតែ​បន្ត​កើតមាន​។  ​

លោក ឃួ​ង ស្រេង នៅ​រំលេច​ទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ ខិតខំ​រៀបចំ​ប្រព័ន្ធ​លូ​-​ប្រឡាយទឹក និង​ មធ្យោ​បាយ​ផ្សេងៗ ដើម្បី​រំដោះ​ទឹក​ជន់​ក្នុង​រាជធានី​ភ្នំពេញ​។ លោក អះអាងថា បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ ទឹក​ជន់ មិនអាច​ដល់​មួយថ្ងៃ​ឡើយ គឺ​ប្រហែល​ជាមួយ​ម៉ោង​ឬ​កន្លះ​ម៉ោង ស្រក​ទៅវិញ​ហើយ​។ 

អត្ថបទទាក់ទង
 

លោក ពន្យល់ថា បើ​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ទឹកភ្លៀង​ហូរ​ចូល​លើសពី​៥០មី​លី​ម៉ែត្រ ក្នុង​១​វិនាទី ទឹក​ជន់ នឹង​កើតឡើង តែបើ​ទឹកភ្លៀង ដែល​ហូរ​ចូល​លូ ក្រោម​៥០មី​លី​ម៉ែត្រ ក្នុង​១​វិនាទី នឹងមិន​មានទឹក​ជន់​នោះទេ​។   

លោក បញ្ជាក់ថា​៖«​ការលិចលង់ គឺជា​កក្តា​សត្យានុម័ត  ដែល​ខ្ញុំ​បានលើកឡើង​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ ​អ្នកជំនាញ​ពាក់ព័ន្ធ និង ​បណ្តា​ខណ្ឌ​ទាំង​១៤ នៅតែ​ខិតខំ​ប្រឹងប្រែង ធ្វើយ៉ាងណា​រំដោះ​ទឹកជំនន់ មិន​ឲ្យ​លិចលង់​ប្រជាពលរដ្ឋ​ទេ ដើម្បី​ស្តារ​និង​បង្កើន​សេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​»​។  
 
​ដ្បិត​លោក​អភិបាល បាន​បរិយាយ​ច្រើន​ពី​ចំណុច​ល្អ​ទាំងនេះ​ក្តី តែ​ពលរដ្ឋ​មួយចំនួន នៅតែ​រិះគន់​ពី​ការ​ស្ទះលូ ហើយ​បង្ក​ឲ្យ​មានទឹក​ជន់​ក្នុង​រាជធានី​ភ្នំពេញ នៅពេល​ភ្លៀង​ធ្លាក់​ម្តងៗ​៕  
 

Tag:
 ​ឃួ​ង ស្រេង​
  ប្រព័ន្ធ​លូ​
  ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com