អន្តរជាតិ
លោក ត្រាំ ប្រកាស​កាត់បន្ថយ​ទ័ព​អាមេរិក​នៅ​អាល្លឺម៉ង់​ពាក់កណ្តាល​ព្រោះ​មិន​ជួយ​ចេញថ្លៃ​ចំណាយ​
16, Jun 2020 , 10:29 pm        
រូបភាព
លោកប្រធានាធិបតី ដូណាល់ត្រាំ ក្នុងជំនួបNATO
លោកប្រធានាធិបតី ដូណាល់ត្រាំ ក្នុងជំនួបNATO
ដោយ:
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ នៅ​ថ្ងៃទី​១៥ ខែមិថុនា ប្រកាសថា អាមេរិក​នឹង​កាត់បន្ថយ​ចំនួន​កងទ័ព​របស់ខ្លួន​ដែល​ឈរជើង​នៅ​អាល្លឺម៉ង់​ក្រោម​ឆ័​ត្រ​អង្គការ​ណា​តូ (NATO) ចំនួន​ពាក់កណ្តាល​។ លោក ត្រាំ លើក​ហេតុផល​ថា អាល្លឺម៉ង់​មិន​ខ្វល់​ក្នុង​ការបង្កើន​វិភាគទាន​របស់​ទៅ​អង្គការ NATO និង​កេងចំណេញ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។

 
​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថា អាមេរិក​មាន​កងទ័ព​ចំនួន ៥​ម៉ឺន​២​ពាន់​នាក់​ដែល​កំពុង​ឈរជើង​នៅ​អាល្លឺម៉ង់ ហើយ​លោក​នឹង​កាត់បន្ថយ​មក​នៅត្រឹម​២​ម៉ឺន​៥​ពាន់​នាក់​។ លោក ត្រាំ អះអាងថា វា​ថ្លៃ​សម្បើម​ណាស់​សម្រាប់​សហរ​ដ្ឋ​អាមេរិក​ក្នុងការ​ចំណាយ​លើ​ទាហាន​ឈរជើង​នៅ​បរទេស​ច្រើន​បែបនេះ​។ 
 
​ប៉ុន្តែ​បើ​យោងតាម​មន្ទីរ​បញ្ច​កោណ ចំនួន​កងទ័ព​អាមេរិក​ដែល​ឈរជើង​នៅ​អាល្លឺម៉ង​មាន​ត្រឹមតែ​ពី​ចន្លោះ​៣​ម៉ឺន​៤​ពាន់ ទៅ​៣​ម៉ឺន​៥​ពាន់​នាក់​។ ចំណែកឯ​ចំនួន​៥​ម៉ឺន​នាក់ គឺជា​ចំនួន​ទ័ព​រាប់បញ្ចូល​រវាង​ទ័ព​ពង្រាង​អចិន្ត្រៃយ៍ និង​ទ័ព​បណ្តោះអាសន្ន​នៅពេល​មានការ​ឆ្លាស់​វេន​គ្នា​ម្តងម្កាល​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណាក្តី ការកាត់បន្ថយ​កងទ័ព​របស់លោក ត្រាំ ជា​សារ​មួយ​យ៉ាងសំខាន់​សម្រាប់ អាល្លឺម៉ង់ និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ឯទៀត​។​
 
​ការកាត់បន្ថយ​កងទ័ព​នេះ ត្រូវបាន​លោក ត្រាំ ចាត់ទុកថា​ជាការ​ដាក់ពិន័យ​ទៅលើ​អាល្លឺម៉ង់ ចំពោះ​ការបង់ប្រាក់​មិន​គ្រប់គ្រាន់​ទៅកាន់​អង្គការ NATO ខណៈ​លោក​ក៏​ចង់យក​កងទ័ព​ជា​អាវុធ​សម្រាប់​ជួយ​ក្នុង​ការចរចារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប​ដែរ​។ លោក​បាន​លើកឡើងថា​៖« អាល្លឺម៉ង់​មិន​ខ្វល់​។ ពួកគេ​មិន​ខ្វល់​នឹង​ការបង់ប្រាក់​ជាច្រើន​ឆ្នាំ ហើយ​ពួកគេ​ជំពាក់​លុយ NATO រាប់ពាន់​លាន​ដុល្លារ​។ ពួកគេ​ត្រូវតែ​បង​ប្រាក់​នោះ​វិញ​។ ពួកយើង​ការពារ​អាល្លឺម៉ង់ ចំណែក​ពួកគេ​មិន​ខ្វល់​ក្នុងការ​បង់ប្រាក់​។ វា​មិន​សម​ហេតុផល​ឡើយ​»​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ និយាយថា អាល្លឺម៉ង់​ដែលជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប ជា​អ្នក​ត្រូវ​រង​ការបន្ទោស​ចំពោះ​រឿងនេះ ព្រោះ​អាល្លឺម៉ង់​រកស៊ី​មិន​យុត្តិធម៌​ជាមួយ​អាមេរិក​។ លោក​ថា អាមេរិក​កំពុង​ចរចា​ជាមួយ​អាល្លឺម៉ង់ ដ្បិត​លោក​មិន​ពេញចិត្ត​ជាមួយ​កិច្ចព្រមព្រៀង​ដែលមាន​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​ជាច្រើន​ឆ្នាំ​។ លោក​ទំនង​ចង់​តវ៉ា​ថា អាមេរិក​ជួប​បញ្ហា​ទាំង​ពាណិជ្ជកម្ម​និង​NATO ផងដែរ​។​
 
​តាំងតែ​ពី​ដើម​ឡើង លោក ត្រាំ តែងតែ​ចោទប្រកាន់​សម្ព័ន្ធមិត្ត​អឺរ៉ុប​ក្នុង​អង្គការ NATO ដែល​កេង​ប្រយោជន៍​ពី​អាមេរិក ដោយ​មិន​បំពេញ​កាតព្វកិច្ច​ក្នុងការ​ចំណាយ​ការពារជាតិ​ឲ្យ​បាន​២%​នៃ​ផលិតផល​សរុប​ក្នុងស្រុក ហើយ​ពឹង​លើ​ការការពារ​ពី​អាមេរិក​។ ការកាត់បន្ថយ​កងទ័ព​នេះ ធ្វើ​ឲ្យ​មានការ​លើកឡើង​ជាថ្មី​នូវ​ការតាំង​ចិត្ត​របស់លោក ត្រាំ ក្នុងការ​រក្សា​កិច្ចសហប្រតិបត្តិការ​យោធា និង​សម្ព័ន្ធភាព​ជាមួយ​លោកខាងលិច​ដែលជា​សម្ព័ន្ធមិត្ត​រាប់សិប​ឆ្នាំ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា កងទ័ព​អាមេរិក​មាន​វត្តមាន​ក្នុង​នៅ​អាល្លឺម៉ង​តាំងតែ​ពី​ចប់​សង្គ្រាមលោកលើកទី​២​មក​។ នៅក្នុង​អំឡុង​សង្គ្រាមត្រជាក់ កងទ័ព​អាមេរិក​នៅ​អាល្លឺម៉ង់​មាន​ចំនួន​យ៉ាងច្រើន​ក្នុងការ​អង្គការ​NATO ដែល​ប្រឈម​នឹង​ការឈ្លានពាន​ពី​សូ​វៀត​។ នៅក្នុង​រយៈពេល​ថ្មីៗ​នេះ ការ​ងើបឡើង​នូវ​មហិច្ឆតា​របស់​រុស្ស៊ី ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្វើ​ឲ្យ​ប្រទេស​អឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាងកើត​ដាក់​សម្ពាធ​ឲ្យ​អាមេរិក​បង្កើន​ការពារ​បន្ថែមទៀត​៕
 

Tag:
 អាល្លឺម៉ង់​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com