ជាតិ
នយោបាយជាតិ
បញ្ចប់តំណែងទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើនៅក្រសួងចំនួន៤ ពីឆ្វេងទៅស្តាំ លោក កើត រិទ្ធ, លោក ជា វ៉ាន់ដេត, លោក ឈិន សុខុន និងលោក ព្រំ សុខា
× ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១២ ខែមិថុនា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់តំណែងទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ នៅក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្រសួងធម្មការ និង សាសនា និងក្រសួងមុខងារសាធារណៈ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ មុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
ក្រសួងទាំងបួនសុទ្ធតែដឹកនាំដោយរដ្ឋមន្ត្រីថ្មី ដែលទើបឡើងកាន់តំណែងជាបន្តបន្ទាប់ ក្នុងនោះ លោក កើត រិទ្ធ ឡើងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បន្តពីលោក អង្គ វង្សវឌ្ឍានា, លោក ជា វ៉ាន់ដេត ជំនួសលោក ត្រាំ អ៊ីវតឹក ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរមនាគមន៍ លោក ឈិន សុខុន ឡើងជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជំនួសលោក ហ៊ឹម ឆែម រីឯលោក ព្រំ សុខា ដឹកនាំក្រសួងមុខងារសាធារណៈ បន្តពីលោក ពេជ្រ ប៊ុនធិន។
នៅមុនព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អមថ្នាក់ដឹកនាំ និងអមក្រសួង ដែលបានតែងតាំងដោយអនុក្រឹត្យ មុនថ្ងៃទី៣០ ខែមីនា នៅក្រសួងទាំងបួនផងដែរ។
ព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈទីប្រឹក្សាអមនៅក្រសួងពាក់ព័ន្ធ ក៏ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ផងដែរ ក្នុងនោះក្រសួងយុត្តិធម៌មានទីប្រឹក្សាអមចំនួន១១នាក់ ដែលទើបត្រូវបានតែងតាំងកាលពីថ្ងៃទី១៥ ខែមិថុនា ដោយមានឋានៈស្មើរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក៕
© រក្សាសិទ្ធិដោយ thmeythmey.com