ជាតិ
​​​ន​យោ​បាយ​ជាតិ​
បញ្ចប់​តំណែង​ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី​ដែលមាន​ឋានៈ​ស្មើ​នៅ​ក្រសួង​ចំនួន​៤
16, Jun 2020 , 6:01 pm        
រូបភាព
ពីឆ្វេងទៅស្តាំ លោក កើត រិទ្ធ, លោក ជា វ៉ាន់ដេត, លោក ឈិន សុខុន និង​លោក ព្រំ សុខា
ពីឆ្វេងទៅស្តាំ លោក កើត រិទ្ធ, លោក ជា វ៉ាន់ដេត, លោក ឈិន សុខុន និង​លោក ព្រំ សុខា
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​១២ ខែមិថុនា បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​បញ្ចប់​តំណែង​ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី  ដែលមាន​ឋានៈ​ស្មើ នៅ​ក្រសួងយុត្តិធម៌ ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្រសួង​ធម្មការ និង សាសនា និង​ក្រសួង​មុខងារសាធារណៈ ដែល​បានតែងតាំង​ដោយ​ព្រះរាជក្រឹត្យ មុន​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​។​



​ក្រសួង​ទាំង​បួន​សុទ្ធតែ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ថ្មី ដែល​ទើប​ឡើងកាន់តំណែង​ជា​បន្តបន្ទាប់ ក្នុងនោះ លោក កើត រិ​ទ្ធ ឡើង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បន្ត​ពី​លោក អង្គ វង្សវឌ្ឍានា​, លោក ជា វ៉ាន់​ដេ​ត ជំនួស​លោក ត្រាំ អ៊ីវតឹក ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរ​មនាគ​មន៍ លោក ឈិន សុខុន ឡើងជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ជំនួស​លោក ហ៊ឹម ឆែម រីឯ​លោក ព្រំ សុខា ដឹកនាំ​ក្រសួង​មុខងារសាធារណៈ បន្ត​ពី​លោក ពេជ្រ ប៊ុនធិន​។​

​នៅមុន​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី​ដែលមាន​ឋានៈ​ស្មើ អម​ថ្នាក់ដឹកនាំ និង​អម​ក្រសួង ដែល​បានតែងតាំង​ដោយ​អនុក្រឹត្យ មុន​ថ្ងៃទី​៣០ ខែមីនា នៅ​ក្រសួង​ទាំង​បួន​ផងដែរ​។​

​ព្រះរាជក្រឹត្យ​តែងតាំង និង​ផ្តល់​ឋានៈ​ទីប្រឹក្សា​អម​នៅ​ក្រសួង​ពាក់ព័ន្ធ ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ផងដែរ ក្នុងនោះ​ក្រសួងយុត្តិធម៌​មាន​ទីប្រឹក្សា​អម​ចំនួន​១១​នាក់ ដែល​ទើបត្រូវ​បានតែងតាំង​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ដោយមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក​៕


© រក្សាសិទ្ធិដោយ thmeythmey.com