អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ដល់​សិស្ស​នៃ​អង្គការ​មូលនិធិ​កុមារ​
17, Jun 2020 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៦ ខែមិថុនា​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដែលជា​ធនាគារ​អន្តរជាតិ​ឈានមុខ​គេ ក្នុងប្រទេស​កម្ពុជា បានប្រកាស​ផ្តល់ និង​ប្រគល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជា​ផ្លូវការ ដល់​សិស្ស​៣​រូប មកពី​អង្គការ​មូលនិធិ​កុមារ (CCF) នៅ​អគារ Exchange Square ការិយាល័យ​កណ្តាល​រប​ស់ធ​នាគារ CIMB​។ អាហារូបករណ៍​របស់​ធនាគារ CIMB នេះ ឧបត្ថម្ភ​ដល់​និស្សិត នូវ​ថ្លៃ​សិក្សា​ពេញលេញ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ រយៈពេល ៤-៥​ឆ្នាំ អាស្រ័យ​លើ​មុខជំនាញ​។​
 
​សម្រាប់​ការ​ដំណើរការ​ជ្រើសរើស​សិស្ស​ឲ្យ​បានទទួល​បាន​អាហារូបករណ៍​នេះ អង្គការ​មូលនិធិ​កុមារ បាន​វាយតម្លៃ​ទៅលើ​សមត្ថភាព លទ្ធផល​សិក្សា និង​លក្ខខណ្ឌ​មួយចំនួនទៀត ក្នុងចំណោម​កុមារ​ជាច្រើន ដែល​បានទទួល​ការជួយ​គាំទ្រ​ឧបត្ថម្ភ​នៅក្នុង​អង្គការ​ផ្ទាល់​។ ជា​លទ្ធផល មាន​សិស្ស​ចំនួន​៥​រូប ដែល​បាន​ឆ្លង​ផុត​នៅ​វគ្គ​ទីមួយ​។ បន្ទាប់មក ធនាគារ CIMB បាន​សម្ភាស និង​តេស្ត​សមត្ថភាព​ផ្ទាល់ ទៅលើ​សិស្ស​ទាំង​៥​រូប នៅ​ការិយាល័យ​កណ្តាល ហើយ​ក្នុងនោះ​ធនាគារ​បានជ្រើសរើស​សិ​ស្ស​ឆ្នើម​៣​រូប ដើម្បី​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ទៅតាម​មុខជំនាញ ដែល​ពួកគេ​ចង់​សិក្សា ដូចជា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​វិស្វកម្ម​អេឡិចត្រូនិក នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា​។ បរិញ្ញាបត្រ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​មេកា​និក នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​។​
 
​លោកស្រី អ៊ុំ ចិន្តា​ភក្តី នាយក​ធនធានមនុស្ស របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា ធនាគារ​ផ្តល់​អាហារូបករណ៍​នេះ ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ក្នុង​ការជួយ​ត្រឡប់​ទៅដល់​សហគមន៍ ដែល​យើង​កំពុង​ប្រកប​អាជីវកម្ម​។ អ្នកស្រី ចិន្តា​ភក្តី​បន្តទៀតថា​៖«​ការសិក្សា ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​មិន​ត្រឹមតែ​ផ្លាស់​ប្តូរជីវិត​របស់​យុវជន ឲ្យ​កាន់តែ​ប្រសើរ​នោះទេ តែ​ថែមទាំង​អាច​ផ្តល់​ប្រយោជន៍​ដល់​គ្រួសារ និង​សង្គមជាតិ​ទៀតផង​។ ដូច្នេះ​ធនាគារ CIMB រីករាយ ក្នុងការ​សហការ​ជាមួយ​អង្គការ មូលនិធិ​កុមារ ដែលជា​អង្គ​ការជួយ​ដល់​កុមារ​ខ្វះខាត​រាប់រយ​នាក់ ក្នុងប្រទេស​កម្ពុជា ដោយ​ផ្តល់​អាហារូបករណ៍ ដល់​សិស្ស​ឆ្នើម​ទាំង​៣​រូបនេះ ឲ្យ​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ហើយ​ជូនពរ​ឲ្យ​ពួកគេ​សម្រេច​ក្តី​បំណង​របស់ខ្លួន ហើយ​អាចជួយ​ដល់​សង្គមជាតិ ក្នុងនាម​ជា​ធនធានមនុស្ស​ដ៏​ល្អ នាពេល​ថ្ងៃ​អនាគត​»​។​
 



​លោក អ៊ា ឆាយ​គាង តំណាង​របស់​អង្គការ​មូលនិធិ​កុមារ (CCF) ដែល​បាន​ជួយ​ទំនុកបម្រុង​ដល់​សិស្ស​ឆ្នើម​ទាំង​៣​រូប​កន្លងមក​បាន​ថ្លែងថា នេះ​ជា​មោទនភាព​មួយ និង​ជាការ​រីករាយ​មួយ សម្រាប់​យើងខ្ញុំ​ទាំងអស់គ្នា ដែល​សិស្ស​និស្សិត​យើង​មាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ប្រជែង​យក​អាហារូបករណ៍ ដែល​តម្រូវ​ទៅតាម​លក្ខខណ្ឌ​ជ្រើសរើស​របស់​ធនាគារ CIMB​។   លោក អ៊ា ឆាយ​គាង បន្ថែម​៖ «​យើងខ្ញុំ​ទាំងអស់គ្នា ក៏ដូចជា​ថ្នាក់ដឹកនាំ​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) សូម​ថ្លែងអំណរគុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ធនាគារ CIMB និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ  ដែល​សម្រេច​ជ្រើសរើស​សិស្ស​និស្សិត​របស់​យើងខ្ញុំ ដើម្បី​ផ្តល់​អាហារូបករណ៍​ពេញលេញ សម្រាប់​កម្មវិធីសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នេះ​។ កាយវិការ​ប្រកបដោយ​សប្បុរសធម៌​នេះ ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​កម្ពុជា​យើង ពី​សំណាក់​ធនាគារ និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB ជាពិសេស​ក្នុង​វិស័យ​អប់រំ​សិក្សាធិការ ដូចដែល​ធនាគារ​បាន​ផ្តល់ជូន​ក្នុងថ្ងៃនេះ​»​។​
 
​យុវជន បូ រិ​ទ្ធិ​វង្ស ជា​សិស្ស​មួយរូប ដែល​ទទួលបាន​អាហារូបករណ៍ ពី​ធនាគារ CIMB បាន​បញ្ជាក់ថា រូបគេ​រំភើប​រីករាយ​ក្រៃលែង ដែល ធនាគារ CIMB បានផ្តល់​អាហារូបករណ៍​ពេញលេញ សម្រាប់​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ​នេះ​ដល់​ខ្លួន និង​មិត្តភក្តិ​ខ្ញុំ​២​រូប​ទៀត ហើយ​នេះ​ជាការ​ទទួលបាន​ឱកាស​អភិវឌ្ឍ​ខ្លួន និង​ចំណេះ​ដ៏​ល្អ​មួយ​សម្រាប់​ពួកគេ​។ យុវជន បូ រិ​ទ្ធិ​វង្ស ប្តេជ្ញា​ដូច្នេះ​៖«​ខ្ញុំ​នឹង​ខិតខំ​សិក្សា​ដើម្បី​យកចំណេះ​ដឹង ជំនាញ​របស់ខ្ញុំ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សហគមន៍​យើង សង្គមជាតិ​យើង​ឲ្យ​បាន​រីកចម្រើន​ទៅមុខ​អោយបាន​ឆាប់រហ័ស និង​ដើម្បី​ចូលរួម​ជួយ​កាត់បន្ថយ​ភាពក្រីក្រ ក្នុង​សហគមន៍​របស់ខ្ញុំ​ផ្ទាល់​ផងដែរ »​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ធនាគារ CIMB បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ក្នុងប្រទេស​កម្ពុជា នៅ​ចុងឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន​១៤ តាម​បណ្តា​រាជធានី និង​ខេត្ត​សំខាន់ៗ នៅក្នុង​ប្រទេស​។ នេះ​គឺជា​ឆ្នាំ​ទីមួយ នៃ​កម្មវិធី​អាហារូបករណ៍​របស់​ធ​នាគារ CIMB នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ ធនាគារ CIMB ក៏បានផ្តល់​អាហារូបករណ៍​អាស៊ាន ជា​រៀងរាល់ឆ្នាំ ដល់​និស្សិត​ខ្មែរ​ផងដែរ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ នៅ​គ្រប់​សាកលវិទ្យាល័យ​ល្បីៗ ទូទាំង​សាកលលោក​។ ក្នុងនោះ មាន​និស្សិត​ឆ្នើម​ខ្មែរ​យើង​មួយរូប ដែល​ទទួលបាន​អាហារូបករណ៍​ថ្នាក់​តំបន់​នេះ និង​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ McGil ប្រទេស​កាណាដា​ផងដែរ​។​
 




​អស់​រយៈពេល​ជិត​១០​ឆ្នាំ​កន្លងមកនេះ ធនាគារ CIMB បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជាច្រើន ដែល​រួមមាន​វិស័យ​សំខាន់ៗ ដូចជា​វិស័យ​អប់រំ ដោយ​ធនាគារ បាន​ឧបត្ថម្ភ​ដល់​សាលា​ដាច់​ស្រ​យ៉ា​ល និង​អង្គការ​នានា​ក្នុងប្រទេស​កម្ពុជា និង​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​សិក្សា​នៅក្រៅ​ប្រទេស​។ មិនតែប៉ុណ្ណោះ ធនាគារ CIMB ក៏បាន និង​បន្ត​ចូលរួម​សកម្មភាព​សប្បុរសធម៌​ក្នុង​វិស័យ​វិស័យ​សុខាភិបាល​ដែរ តាមរយៈ​ការបរិច្ចាគ​ឈាម និង​ឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យបង្អែក​បាទី និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ជាដើម ក៏ដូចជា​ចូលរួម​ក្នុង វិស័យ​សង្គមកិច្ច ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​កាកបាទក្រហម និង​មជ្ឈមណ្ឌល​កុមារកំព្រា​នានា ព្រមទាំង​ផ្នែក​បរិស្ថាន ដោយ​ធនាគារ​បាន​ចូលរួម​ដាំ​កូនឈើ នៅ​វិទ្យាល័យ ឧដុង្គ​ជាដើម​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com