អន្តរជាតិ
មិនចង់ក្បត់សន្យាជាមួយប្រជាជន ជប៉ុនផ្អាកការពង្រាយខែលការពារដែលទិញពីអាមេរិក នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបភាព Xinhua
× នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅថ្ងៃទី១៦ ខែមិថុនា ប្រកាសថា ជប៉ុនមិនអាចបន្តផែនការពង្រាយប្រព័ន្ធការពារមីស៊ីលលើគោក Aegis Ashore បានឡើយព្រោះត្រូវចំណាយច្រើនទាំងពេលវេលា និងលុយ។ ម្យ៉ាងការពង្រាយប្រព័ន្ធការពារនេះ នឹងនាំឲ្យរដ្ឋាភិបាលលោកក្បត់អ្វីដែលបានសន្យាជាមួយជប៉ុនផងដែរ។។ លោក អាបេ ប្រកាសដូចនេះ បន្ទាប់ពីប្រមុខការពារជាតិជប៉ុនប្រកាសលុបចោលគម្រោងពង្រាយនេះ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន តារ៉ូ កូណូ បានប្រកាសការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅថ្ងៃទី១៥ ខែមិថុនា ថា លោកបានផ្អាកផែនការពង្រាយប្រព័ន្ធការពារមីស៊ីល Aegis Ashore ដែលទិញពីអាមេរិក។ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅថ្ងៃទី១៦ ខែមិថុនា ក៏បានបញ្ជាក់ពីការផ្អាកផែនការនេះដែរដោយយោងលើហេតុផលបច្ចេកទេសដែលត្រូវចំណាយពេល និងលុយកាន់តែច្រើន។
តាមពិតទៅ បញ្ហាចាប់ផ្ដើមពីការសន្យារបស់រដ្ឋាភិបាលជប៉ុនដែលធានាទៅកាន់ប្រជាជនថា មីស៊ីលជាផ្នែកមួយនៃប្រព័ន្ធការពារ និងដើម្បីបាញ់ស្ទាក់មីស៊ីលផ្សេងទៀត ហើយនឹងមិនត្រូវបានដាក់នៅតំបន់ប្រជុំជនដែលជាទីតាំងត្រូវពង្រាយផ្នែកឯទៀតនៃប្រព័ន្ធការពារនេះឡើយ។ ប៉ុន្តែក្រសួងការពារជាតិជប៉ុនវាយតម្លៃថា ប្រសិនបើមិនដាក់មីស៊ីលនេះនៅក្បែរប្រព័ន្ធរបស់វានោះទេ វានឹងនាំឲ្យមានការចំណាយលុយច្រើន ហើយត្រូវចំណាយពេលវេលាលើការកែប្រែបច្ចេកទេស។
«យើងមិនអាចបន្តតាមផែនការទៀតឡើយក្រោយលក្ខខណ្ឌដែលបានប្រាប់ប្រជាជនរួចហើយ ត្រូវផ្លាស់ប្ដូរ។» នេះជាការលើកឡើងរបស់លោក អាបេ ទៅកាន់អ្នកសារព័ត៌មានដែលផ្សាយដោយសារព័ត៌មាន Nippon។ លោកបន្តថា ការការពារប្រជាជន និងការរស់ប្រចាំថ្ងៃនៅដោយសុខសាន្តរបស់ពួកគេ គឺជាបេសកកម្មសំខាន់របស់រដ្ឋាភិបាល។
ប្រព័ន្ធការពារ Aegis Ashore ជាប្រព័ន្ធការពារដែលពង្រាយលើគោក។ ជប៉ុនទិញរ៉ាដាពីរនៃប្រព័ន្ធការពារនេះពីអាមេរិកក្នុងឆ្នាំ២០១៧ ក្នុងតម្លៃជាងបួនពាន់លានដុល្លារ ក្នុងគោលដៅការពារខ្លួនពីការគំរាមរបស់មីស៊ីលកូរ៉េខាងជើង ក៏ដូចជាចង់រឹតបន្តឹងទំនាក់ទំនងជាមួយអាមេរិកផង។ អាមេរិកក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាន់ជំហរចង់ឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនការទិញសព្វាវុធឲ្យបានច្រើនដើម្បីបង្ហាញពីទំនាក់ទំនងល្អប្រសើរ។
បច្ចុប្បន្ន ជប៉ុនកំពុងប្រើប្រាស់ប្រព័ន្ធការពារ Aegis ដែលបំពាក់លើនាវា ប៉ុន្តែរ៉ាដារបស់វាមានឥទ្ធិពលចាញ់រ៉ាដានៃប្រព័ន្ធដែលពង្រាយលើគោក។ ក្រៅពីនោះ ជប៉ុនក៏មានរ៉ាដាតាមចាប់មីស៊ីលរបស់ក្រុមហ៊ុន Lockheed Martin នៅភាគខាងជើងប្រទេសផងដែរ។
ការពង្រាយមីស៊ីលនេះ គឺជាបញ្ហារសើបមួយសម្រាប់រដ្ឋាភិបាលជប៉ុន។ ជារឿយៗ ប្រជាជនជប៉ុនដែលរស់នៅទីតាំងត្រូវបានពង្រាយសព្វាវុធណាមួយ តែងចេញមុខប្រឆាំងជានិច្ច។ ម្យ៉ាងពួកគេបារម្ភថា តំបន់ដែលពួកគេរស់នៅ នឹងក្លាយជាគោលដៅវាយប្រហាររបស់សត្រូវ ហើយម្យ៉ាងទៀត គឺក្ដីបារម្ភពីបញ្ហាដែលកើតចេញពីផលប៉ះពាល់លើសុខភាពផងដែរ៕
Tag:
ជប៉ុន
អាមេរិក
ស៊ិនហ្សូ អាបេ
© រក្សាសិទ្ធិដោយ thmeythmey.com