អន្តរជាតិ
មិន​ចង់​ក្បត់​សន្យា​ជាមួយ​ប្រជាជន ជប៉ុន​ផ្អាក​ការពង្រាយ​ខែល​ការពារ​ដែល​ទិញ​ពី​អាមេរិក​
17, Jun 2020 , 10:20 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបភាព Xinhua
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបភាព Xinhua
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​១៦ ខែមិថុនា ប្រកាសថា ជប៉ុន​មិនអាច​បន្ត​ផែនការ​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​លើគោក Aegis Ashore បានឡើយ​ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ទាំង​ពេលវេលា និង​លុយ​។ ម្យ៉ាង​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ នឹង​នាំ​ឲ្យ​រដ្ឋាភិបាល​លោក​ក្បត់​អ្វីដែល​បាន​សន្យា​ជាមួយ​ជប៉ុន​ផងដែរ​។​។ លោក អា​បេ ប្រកាស​ដូចនេះ បន្ទាប់ពី​ប្រមុខ​ការពារជាតិ​ជប៉ុន​ប្រកាស​លុបចោល​គម្រោង​ពង្រាយ​នេះ​។​

 
​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន តា​រ៉ូ កូ​ណូ បានប្រកាស​ការសម្រេច​ចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ថា លោក​បាន​ផ្អាក​ផែនការ​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Aegis Ashore ដែល​ទិញ​ពី​អាមេរិក​។ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​១៦ ខែមិថុនា ក៏បាន​បញ្ជាក់​ពី​ការផ្អាក​ផែនការ​នេះដែរ​ដោយយោង​លើ​ហេតុផល​បច្ចេកទេស​ដែល​ត្រូវ​ចំណាយពេល និង​លុយ​កាន់តែច្រើន​។​
 
​តាមពិតទៅ បញ្ហា​ចាប់ផ្ដើម​ពី​ការសន្យា​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​ធានា​ទៅកាន់​ប្រជាជន​ថា មី​ស៊ី​ល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ និង​ដើម្បី​បាញ់​ស្ទា​ក់មី​ស៊ី​ល​ផ្សេងទៀត ហើយនឹង​មិនត្រូវ​បាន​ដាក់​នៅ​តំបន់​ប្រជុំជន​ដែលជា​ទីតាំង​ត្រូវ​ពង្រាយ​ផ្នែក​ឯទៀត​នៃ​ប្រព័ន្ធ​ការពារ​នេះឡើយ​។ ប៉ុន្តែ​ក្រសួងការពារជាតិ​ជប៉ុន​វាយតម្លៃថា ប្រសិនបើ​មិន​ដាក់​មី​ស៊ី​ល​នេះ​នៅក្បែរ​ប្រព័ន្ធ​របស់​វា​នោះទេ វា​នឹង​នាំ​ឲ្យ​មានការ​ចំណាយលុយ​ច្រើន ហើយ​ត្រូវ​ចំណាយ​ពេលវេលា​លើ​ការកែប្រែ​បច្ចេកទេស​។​
 
«​យើង​មិនអាច​បន្ត​តាម​ផែនការ​ទៀតឡើយ​ក្រោយ​លក្ខខណ្ឌ​ដែល​បាន​ប្រាប់​ប្រជាជន​រួចហើយ ត្រូវ​ផ្លាស់ប្ដូរ​។​» នេះ​ជាការ​លើកឡើង​របស់លោក អា​បេ ទៅកាន់​អ្នកសារព័ត៌មាន​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Nippon​។ លោក​បន្តថា ការការពារ​ប្រជាជន និង​ការ​រស់​ប្រចាំថ្ងៃ​នៅ​ដោយ​សុខសាន្ត​របស់​ពួកគេ គឺជា​បេសកកម្ម​សំខាន់​របស់​រដ្ឋាភិបាល​។ 
 
​ប្រព័ន្ធ​ការពារ Aegis Ashore ជា​ប្រព័ន្ធ​ការពារ​ដែល​ពង្រាយ​លើគោក​។ ជប៉ុន​ទិញ​រ៉ា​ដា​ពីរ​នៃ​ប្រព័ន្ធ​ការពារ​នេះ​ពី​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ ក្នុងតម្លៃ​ជាង​បួន​ពាន់​លាន​ដុល្លារ ក្នុង​គោលដៅ​ការពារ​ខ្លួន​ពី​ការ​គំរាម​របស់​មី​ស៊ី​ល​កូរ៉េខាងជើង ក៏ដូចជា​ចង់​រឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក​ផង​។ អាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាន់​ជំហរ​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ប​ង្កើ​ន​ការទិញ​សព្វាវុធ​ឲ្យ​បាន​ច្រើន​ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​ល្អប្រសើរ​។​
 
​បច្ចុប្បន្ន ជប៉ុន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ការពារ Aegis ដែល​បំពាក់​លើ​នាវា ប៉ុន្តែ​រ៉ា​ដា​របស់​វា​មាន​ឥទ្ធិពល​ចាញ់​រ៉ា​ដា​នៃ​ប្រព័ន្ធ​ដែល​ពង្រាយ​លើគោក​។ ក្រៅពីនោះ ជប៉ុន​ក៏មាន​រ៉ា​ដា​តាម​ចាប់​មី​ស៊ី​ល​របស់​ក្រុមហ៊ុន Lockheed Martin នៅ​ភាគ​ខាងជើង​ប្រទេស​ផងដែរ​។ 
 
​ការពង្រាយ​មី​ស៊ី​ល​នេះ គឺជា​បញ្ហា​រសើប​មួយ​សម្រាប់​រដ្ឋាភិបាល​ជ​ប៉ុន​។ ជារឿយៗ ប្រជាជន​ជប៉ុន​ដែល​រស់នៅ​ទីតាំង​ត្រូវបាន​ពង្រាយ​សព្វាវុធ​ណា​មួយ តែង​ចេញមុខ​ប្រឆាំង​ជានិច្ច​។ ម្យ៉ាង​ពួកគេ​បារម្ភ​ថា តំបន់​ដែល​ពួកគេ​រស់នៅ នឹង​ក្លាយជា​គោលដៅ​វាយប្រហារ​របស់​សត្រូវ ហើយ​ម្យ៉ាងទៀត គឺ​ក្ដីបារម្ភ​ពី​បញ្ហា​ដែល​កើតចេញពី​ផលប៉ះពាល់​លើ​សុខភាព​ផងដែរ​៕ 
 
 

Tag:
 ជប៉ុន​
  អាមេរិក​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com