មន្រ្តីជាន់ខ្ពស់ បង្ហាញការឈឺចាប់ខ្លាំង ដែលប្រទេសជាច្រើន មិនសូវទទួលស្គាល់ផលិតផលកសិកម្មខ្មែរ
ជាតិ
សង្គមជាតិ
មន្រ្តីជាន់ខ្ពស់ បង្ហាញការឈឺចាប់ខ្លាំង ដែលប្រទេសជាច្រើន មិនសូវទទួលស្គាល់ផលិតផលកសិកម្មខ្មែរ
17, Jun 2020 , 11:59 am        
រូបភាព
លោក ងិន ឆាយ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសក្តានុពលនាំចេញកសិកផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០
លោក ងិន ឆាយ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសក្តានុពលនាំចេញកសិកផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០
ដោយ: ថ្មីៗ
ដោយមិនលាក់លៀម មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានលាតត្រដាងការពិតពីផលិតផលកសិកម្មកម្ពុជា ដែលពិបាកនឹងនាំចេញទៅក្រៅប្រទេស។ មូលហេតុចម្បងនោះ គឺដោយសារតែបរទេស យល់ថា ផលិតផលកសិកម្មកម្ពុជា មិនសូវមានគុណភាព។



ចូលរួមធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីសក្តានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ងិន ឆាយ ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ប្រាប់ប្រជាជនកម្ពុជាឲ្យដឹងថា «ប្រទេសដ៏ច្រើន មិនដែលនិយាយគាំទ្រមួយមាត់ឡើយ» ចំពោះផលិតផលកសិកម្មកម្ពុជា តែផ្ទុយទៅវិញ ពួកគេ តែងនិយាយពីចំណុចអវិជ្ជមាន។

លោក បន្តថា លោកផ្ទាល់ គឺជាអ្នកទៅចរចា ទាក់ទងនឹងការបើកទីផ្សារផលិតផលកសិកម្មកម្ពុជា ក្នុងឆាកអន្តរជាតិ ដូច្នេះ លោក ដឹងថា បរទេសនិយាយយ៉ាងម៉េចចំពោះផលិតផលកសិកម្មកម្ពុជា។ លោក លើកយកផលិតផលកសិកម្មមួយចំនួន ដូចជា ស្វាយនិងចេក ជាដើម មកធ្វើជាឧទាហរណ៍។

បើតាមសម្តីរបស់អគ្គនាយកកសិកម្ម បរទេស តែងនិយាយអាក្រក់ថា កុំនាំស្វាយនិងចេកពីកម្ពុជា ព្រោះមានរោគ ហើយបាញ់ថ្នាំពុលច្រើនណាស់ ហើយពួកគេ មិនដែលនិយាយថា ជួយនាំស្វាយនិងចេកពីកម្ពុជាឡើយ ហើយក៏មិនដែលសរសើរថា ស្វាយនិងចេកកម្ពុជា មានគុណភាពល្អដែរ។

មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកកសិកម្មរូបនេះ បង្ហាញការឈឺចាប់ដូច្នេះថា៖«យើង ដឹងទាំងអស់គ្នាហើយ អ៊ីចឹងយើងជាជនជាតិខ្មែរទាំងអស់គ្នា  ជួនកាលវា ឈឺចាប។ ចំណុចនេះ យើងឈឺចាប់ បានយើងប្រឹង ប្រឹងទាំងអស់គ្នា»។

សំឡេង



លោក អះអាងថា និរន្តរភាពទីផ្សារ គឺជាកត្តាសំខាន់ខ្លាំង ដើម្បីកុំឲ្យគេសម្លាប់ទីផ្សារផលិតផលកសិកម្មកម្ពុជា។ លោក មានប្រសាសន៍ថា៖«ចំណុចនេះ ខ្ញុំមានការព្រួយបារម្ភធ្ងន់ធ្ងរមែនទែន»។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏ដូចជាអង្គភាពពាក់ព័ន្ធនានា ត្រូវគិតរួមគ្នាថា ការដាំផលិតផលកសិកម្មកម្ពុជា គឺដើម្បីអាចឈានចូលទៅទីផ្សារជាតិ-អន្តរជាតិបាន។ នេះបើតាមមន្រ្តីជាន់ខ្ពស់ខាងលើដដែល ដោយលោក ហ៊ានសន្និដ្ឋានថា បើកម្ពុជា មិនគិតត្រង់ចំណុចហ្នឹងទេ គេនឹងបំផ្លាញវិស័យកសិកម្មកម្ពុជា។

លើសពីនេះ លោក ថ្លែងថា កម្ពុជា មិនត្រូវឲ្យអ្នកណាម្នាក់ ប្រើបច្ចេកទេសផ្តេសផ្តាស ដើម្បីបំផ្លាញទាំងប្រព័ន្ធបរិស្ថាន និងគុណភាពផ្នែកផលិតផលកសិកម្មឡើយ ហើយជាពិសេសបំផ្លាញទីផ្សារកម្ពុជាក្នុងឆាកអន្តរជាតិ៕

Tag:
 ផលិតផលកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com