កូរ៉េខាងជើង ព្រមានពង្រាយទាហានទៅតំបន់ព្រំដែនគ្មានកងទ័ពជាមួយកូរ៉េខាងត្បូងឡើងវិញ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង ព្រមានពង្រាយទាហានទៅតំបន់ព្រំដែនគ្មានកងទ័ពជាមួយកូរ៉េខាងត្បូងឡើងវិញ
17, Jun 2020 , 1:30 pm        
រូបភាព
កងទ័ពកូរ៉េខាងជើង។ រូបភាព Reuters
កងទ័ពកូរ៉េខាងជើង។ រូបភាព Reuters
កូរ៉េខាងជើង នៅថ្ងៃទី១៧ ខែមិថុនានេះបានព្រមាន ថាខ្លួននឹងដាក់ពង្រាយកងទ័ពនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូងដែលកន្លងធ្លាប់ជាតំបន់យោធាខ្លួន។ បន្ថែមពីនេះ កូរ៉េខាងជើងក៏បានទាត់ចោលសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងការបញ្ជូនបេសកជនទៅជជែកបន្ធូរពីស្ថានការណ៍ផងដែរ។

 

អ្នកនាំពាក្យ អគ្គសេនាធិការកងទ័ពកូរ៉េខាងជើង បានព្រមានថា នៅពេលឆាប់ៗខាងមុខ នេះ កងទ័ពកូរ៉េខាងជើងនឹងត្រូវដាក់ពង្រាយឡើងវិញក្នុងតំបន់ចំនួន២ តាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង ដែលក្នុងនោះរួមមានតំបន់ឧស្សាហកម្មរួម Kaesong និង តំបន់ទេសចរណ៍ភ្នំ Kumgang។ កូរ៉េខាងជើងក៏ត្រៀមក្នុងការធ្វើសមយុទ្ធសារឡើងវិញតាមបណ្តោយព្រំដែនផងដែរ។

ការព្រមានបញ្ជូនទាហាន ទៅតំបន់ព្រំដែននេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ កូរ៉េខាងជើងសម្រេចបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េ នៅថ្ងៃទី១៦ ខែមិថុនា។

ក្នុងសេចក្តីថ្លែងការរបស់ខ្លួន អគ្គសេនាធិការកងទ័ពកូរ៉េខាងជើង បានបន្ថែមទៀតថា ប៉ូលិសដែលធ្លាប់ឈរជើងនៅក្នុងតំបន់គ្មានកងទ័ព នឹងត្រូវបញ្ជូនទៅវិញ ហើយប៉ុស្តិ៍យោធាដែលត្រូវបានកម្ទេច នឹងត្រូវសាងសង់ឡើងវិញ។ លើសពីនោះ កងកាំភ្លើងធំ ដែលប្រចាំការនៅព្រំដែនសមុទ្រភាគខាងលិច ដែលជាកន្លែងដែលអ្នកភៀសខ្លួនបង្ហោះខិត្តប័ណ្ណជាញឹកញាប់ នឹងត្រូវបន្ថែមកម្លាំង ចំណែកឯការប្រុងប្រៀបប្រយុទ្ធ នឹងត្រូវបានដំឡើងជាការប្រយុទ្ធកម្រិតខ្ពស់។

សូមបញ្ជាក់ថា តំបន់គ្មានកងទ័ពនេះ មិនសំដៅដល់តំបន់គ្មានយោធាដែលខណ្ឌចែកឧបទ្វីបកូរ៉េឡើយ តែជាតំបន់ព្រំដែនដែលកូរ៉េទាំងផ្អាកធ្វើសមយុទ្ធ កម្ទេចប៉ុស្តិ៍យាម និងមិនឲ្យមានសកម្មភាពយោធាអ្វីឡើយ។

ក្រៅតែពីគម្រោងបញ្ជូនកងទ័ព កូរ៉េខាងជើងក៏ចាប់ផ្តើមឡើងវិញផងដែរនូវការចែកចាយខិត្តប័ណ្ណចូលប្រឆាំងកូរ៉េខាងត្បូង។ កងទ័ពកូរ៉េខាងជើង បានបន្ថែមថា ទីកន្លែងដែលអំណោយផលសម្រាប់បាចខិត្តបណ្ណនៅជួរមុខជាប់កូរ៉េខាងត្បូង នឹងត្រូវបើកឡើងវិញ ហើយកងទ័ពនឹងផ្ដល់ការធានាឲ្យប្រជាជនក្នុងការបាចខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូង។

ស្របពេលដែលភាពតានតឹងកើនឡើង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅពីថ្ងៃទី១៥ ខែមិថុនា បានស្នើបញ្ជូនបេសកជនពិសេសពីររូបទកាន់ព្យុងយ៉ាងដើម្បីបន្ធូរស្ថានការណ៍។ ប៉ុន្តែបំណងនេះ ត្រូវបានច្រានចោលដោយលោកស្រីគីម យ៉ូចុង ប្អូនស្រីលោក គីម ជុនអ៊ុន។ លោកស្រី គីម ដែលកំពុងដឹកនាំការងារជាមួយកូរ៉េខាងត្បូង ចាត់ទុកជាសំណើនេះជារឿងមិនសមស្រប។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានស្រង់សម្ដីលោកស្រី គីម ថា៖ «លោក មូន ចូលចិត្តបញ្ជូនបេកជនពិសេស ដើម្បីគ្រប់គ្រងស្ថានការណ៍តានតឹង និងតែងលើកសំណើដ៏គួរឲ្យអស់សំណើចជាញឹកញយ ប៉ុន្តែលោកត្រូវដឹងថា ល្បិចនេះ មិនអាចប្រើការជាមួយកូរ៉េខាងជើងបានទៀតឡើយ»។

ចំណែកក្រសួងការពារជាតិកូរ៉េខាងត្បូងបានទទូចឲ្យកូរ៉េខាងជើងគោរពតាមកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨។ កិច្ចព្រមព្រៀងខាងលើនោះ តម្រូវឲ្យភាគីទាំងសងខាងបញ្ឈប់នូវរាល់សកម្មភាពអរិភាពទាំងឡាយ និងរុះរើសំណង់យោធាតាមបណ្តោយតំបន់គ្មានកងទ័ព៕

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com