ការប្រើ​ទឹក​អណ្តូង​ដែលមាន​ជាតិ​«​អាសេនិច​» អាច​បង្ក​ជា​ជំងឺមហារីក​ស្បែក​
ជាតិ
សុខភាព
ការប្រើ​ទឹក​អណ្តូង​ដែលមាន​ជាតិ​«​អាសេនិច​» អាច​បង្ក​ជា​ជំងឺមហារីក​ស្បែក​
17, Jun 2020 , 7:19 pm        
រូបភាព
ភ្នំពេញ​៖ «​ការប្រើប្រាស់​ទឹក​អណ្ដូង​ដែលមាន​ជាតិ​អាសេនិច អាច​បង្ក​ទៅជា​ជំងឺមហារីក​សើ​ស្បែក​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេស​ជំងឺ​សើ​ស្បែក និង​ឡេ​សឺរ ដោយ​លោក​វេជ្ជបណ្ឌិត​បាន​បន្ថែ​ម​ថា ជាតិ​អាសេនិច​នេះ វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ស្បែក​បន្តិច​ម្ដងៗ​រហូត​ទៅជា​មហារីក​ស្បែក​។​

 
 ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ជា​ប្រធាន​សមាគមន៍​គ្រូពេទ្យ​សើ​ស្បែក ដូចតទៅ​៖
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ បានឱ្យដឹងថា ទឹក​អណ្ដូង​ដែលមាន​ជាតិ​អាសេនិច​នេះ កម្រ​នឹង​ជួបប្រទះ​ណាស់ ហើយ​មិនអាច​មើល​ដឹង​ដោយ​ខ្លួនឯង​បានទេ ពោលគឺ​ទាល់តែ​អ្នកជំនាញ​យកទៅ​វិភាគ ទើប​អាច​ដឹង​ច្បាស់​។ 
 
​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ដូច្នេះ​ថា​៖«​ទឹក​អណ្ដូង​ធម្មតា និង​ទឹក​អណ្ដូង​ដែលមាន​ជាតិ​អាសេនិច យើង​មិនអាច​ញែក​ដាច់​គ្នា​បានទេ គឺ​អាស្រ័យ​លើ​អ្នកជំនាញ​គេ​ជីក​អណ្ដូង​និង​យក​ពិនិត្យ បើសិន​ពិនិត្យ​ទៅ​មិន​អី គឺ​ប្រើ​ទៅ​មាន​សុវត្ថិភាព​។ ជាទូទៅ អ្នកជំនាញ​ខាង​ហ្នឹង​ជីក​ហើយ​គេ​ពិនិត្យ​រួច ទើបបាន​អនុញ្ញាត​ឱ្យប្រើ ប៉ុន្តែ អាចមាន​ការខ្វះខាត​ខ្លះ​ដែរ បើ​មិនមែន​អ្នកជំនាញ​ជីក តែ​ជីក​ដោយ​បុគ្គល និង​មិនបាន​យក​ទឹក​ទៅ​វិភាគ​»​។​
 
​ប្រសិនបើ នៅក្នុង​ទឹក​អណ្តូង​ដែលមាន​សារធាតុ​អា​លេ​និ​ចនេះ គឺ​អ្នកប្រើប្រាស់​ដំបូង​អាច​ត្រឹមតែ​ធ្វើឱ្យ​ក្រិន​ដៃជើង និង​ស្បែក​ឡើង​លឿង​ប៉ុណ្ណោះ មិនទាន់មាន​រោគសញ្ញា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ​។  ប៉ុន្តែ នៅពេល​ប្រើប្រាស់​យូរ​ឆ្នាំទៅ អាច​ប្រឈម​នឹង​បញ្ហា​រហូត​ប៉ះពាល់​ដល់​សេរី​រា​ង្គ​ផ្សេងៗ​ទៀត​។ វេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ជា​ប្រធាន​សមាគមន៍​គ្រូពេទ្យ​សើ​ស្បែក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​៕

Tag:
 ជំងឺ​មហា​សើ​ស្បែក​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម