COVID-19
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ ឲ្យ​យោធា​គ្រប់គ្រង​កន្លែង​ច​ត្តា​ឡី​ស័ក ក្រោយ​ធ្លោយ​ឲ្យ​មាន COVID-19 ពីរ​ករណី​
17, Jun 2020 , 7:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី  Jacinda Ardern។ រូបភាព៖ Getty Images
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern។ រូបភាព៖ Getty Images
​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ ចា​ស៊ីន អា​ឌើ​ន (Jacinda Ardern) បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការ​ធ្វេស​ប្រហែល​រហូត​បណ្ដាល​ឲ្យ​មាន​ជំងឺ COVID-19 ពីរ​ករណី​ក្នុងប្រទេស​។ លោកស្រី អា​ឌើ​ន បានប្រគល់​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​ទូទាំងប្រទេស​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យោធា​វិញ​ម្ដង​។

 
​ក្នុង​រយៈពេល ២៤​ថ្ងៃ​កន្លងមក នូ​វែ​ល​សេ​ឡង់ មិនបាន​រាយការណ៍​ពី​ករណី​COVID-19 ឡើយ​។ រហូតដល់​ថ្ងៃទី​១៦ ខែមិថុនា នូ​វែ​ល​សេ​ឡង់ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ២​ករណី​ជាថ្មី ដែលជា​អ្នកដំណើរ​មកពី​អង់គ្លេស​។ ពួកគេ​ត្រូវបាន​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​ផ្តល់​សិទ្ធិ​ពិសេស ដោយ​អនុញ្ញាត​ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធី​ម្តាយ​ឪពុក​ស្លាប់ ដោយ​មិនបាន​ធ្វើតេស្ត​រក COVID-19 ជាមុន​។ ប៉ុន្តែ​ក្រោយមក អ្នក​ទាំងពីរ​ត្រូវ​ឃើញថា មាន​ផ្ទុក COVID-19 ។​
 
​ដោយ​មើលឃើញ​ពី​ការធ្វេសប្រហែស​បែបនេះ នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លោកស្រី ចា​ស៊ីន អា​ឌើ​ន បានលើកឡើង​នៅក្នុង​សន្និសីទកាសែត​មួយ​ក្នុង​សភា​ថា លោកស្រី​បាន​តែង​តែង ប្រធាន​ជំនួយការ​នៃ​ក្រសួងការពារជាតិ និង​ជា​ឧ​ត្ត​ម​ស​នី​យ៍​ទ័ពអាកាស លោក Digby Webb ឲ្យ​ទទួលបន្ទុក​គ្រប់គ្រង​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក និង​កន្លែង​ដាក់​នៅ​ដាច់ដោយឡែក​ទាំងអស់ ដោយ​រួមបញ្ចូល​ទាំង​ការអនុញ្ញាត​ឲ្យ​មនុស្ស​ចេញពី​មជ្ឈមណ្ឌល​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បន្ថែម​ពីលើ​នេះ លោកស្រី​នាយករដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ប្រសិនជា​ត្រូវការ លោក Webb ក៏​អាច​ស្វែងរក​ជំនួយ​យោធា ដើម្បី​គ្រប់គ្រង​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ​ផងដែរ​។​
 
​ការ​រឹតបន្តឹង​លើ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក គឺ​ដើម្បី​ការពារ​លទ្ធផល​ដែលមាន​ក្នុងពេល​កន្លងមក​។ ក្នុង​រយៈ​ថ្មីៗ​នេះ នូ​វែ​ល​សេ​ឡង់ បានប្រកាសថា ជា​ប្រទេស​គ្មាន COVID-19 ហើយ​ប្រទេស​នេះ ក៏បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​របស់ខ្លួន វិល​ត្រលប់​ទៅរក​សភាព​ធម្មតា​វិញ​ដែរ​។ ប៉ុន្តែ​ពីរ​ករណី​ថ្មី​នេះ បានធ្វើ​ឲ្យ​នូ​វែ​ល​សេ​ឡង់ ចាប់ផ្តើម​រឹតបន្តឹង​សារជាថ្មី​។ 
 
​ក្នុង​សន្និសីទកាសែត​ដដែល​នេះ នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​រូបនេះ បាន​អះអាងថា​៖ «​ខ្ញុំ​មិនអាច​អនុញ្ញាត​ឲ្យ​កិច្ចខិតខំ ដែល​យើង​បានធ្វើ​ក្នុងពេល​កន្លងមក ត្រូវ​បំផ្លាញ​ឡើយ​»​។ បន្ថែម​ពីលើ​នេះ លោ​ស្រី Ardern បាន​ហៅ​ការខ្វះ​ការយកចិត្តទុកដាក់រ​បស់​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​ថា ជា​បរាជ័យ ដែល​មិនអាច​ទទួលយកបាន​»​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ នូ​វែ​ល​សេ​ឡង់​មាន​ករណី COVID-19 សរុប​ចំនួន ១៥០៦​ករណី អ្នកស្លាប់​ចំនួន ២២​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៤៨២​នាក់​។ អ្នកជំងឺ COVID-19 ដែល​ស្ថិតក្រោម​ការព្យាបាល​មាន​ចំនួន ២​នាក់​៕ 
 
 

Tag:
 នូ​វែ​ល​សេ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com