កីឡាជាតិ
ជាតិ
គ្រូបង្វឹក Apisit Im Amphai ចែកផ្លូវជាមួយបឹងកេត ក្រោមហេតុផលមានភារកិច្ចផ្ទាល់ខ្លួន
17, Jun 2020 , 3:51 pm        
រូបភាព
លោក Apisit Im Amphai ពេលចូលរួមជាមួយក្លិបបឹងកេតដំបូង
លោក Apisit Im Amphai ពេលចូលរួមជាមួយក្លិបបឹងកេតដំបូង
ដោយ:
ក្លិបបាល់ទាត់បឹងកេតនៅថ្ងៃទី១៧ ខែមិថុនា នេះ បានប្រកាសពីការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកជនជាតិថៃ Apisit Im Amphai ក្រោមហេតុផល គ្រូបង្វឹករូបនេះ មានភារកិច្ចផ្ទាល់ខ្លួននៅប្រទេសកំណើត។ ជាមួយគ្នានេះ ក្លិបបឹងកេតបានចាត់តាំងលោក គឹម ភក្តី ដែលជានាយកបច្ចេកទេស ឲ្យដឹកនាំបន្តជាបណ្តោះអាសន្ន។ 

 
ផ្លូវដើររួមគ្នារវាងក្លិបបឹងកេតជាមួយគ្រូបង្វឹក Apisit Im Amphai បានឈានដល់ផ្លូវបំបែក ក្រោយរួមរស់ជាមួយគ្នាបានប្រមាណ៦ខែ។ ការឯកភាពចែកផ្លូវគ្នាទាំងពាក់កណ្តាលទីនេះ ត្រូវបានក្លិបបឹងកេតអះអាងថា ដោយសារគ្រូបង្វឹកជនជាតិថៃរូបនេះមានភារកិច្ចផ្ទាល់ខ្លួននៅប្រទេសកំណើត។ 
 
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការខ្លួន ក្លិបបឹងកេតបានរៀបរាប់ដូច្នេះថា៖«ក្លិបបឹងកេត មានកិត្តិយសសូមប្រកាសជូនដំណឹងជាផ្លូវការដល់សាធារណជន និងសារព័ត៌មានឱ្យបានជ្រាបថា ក្លិប និងគ្រូបង្វឹក Apisit Im Amphai បានឈានដល់ការយល់ព្រមលើការបញ្ចប់កិច្ចសន្យារវាងភាគីទាំងពីរជាផ្លូវការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារលោកគ្រូមានភារកិច្ចផ្ទាល់ខ្លួន»។
 
លោក Apisit Im Amphai ត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្លិបបឹងកេតជំនួសលោក ហៅ សុជាតិ ដែលដំឡើងតួនាទីទៅជានាយកបច្ចេកទេសគ្រប់គ្រង និងអភិវឌ្ឍន៍យុវជន កាលពីអំឡុងខែមករា ឆ្នាំ២០២០ ក្រោមកិច្ចសន្យារយៈពេល១ឆ្នាំ។ លោកដឹកនាំក្រុមបឹងកេតបានចំនួន៤ប្រកួតក្នុងពានរង្វាន់លីគកំពូល ដោយទទួលបានជ័យជម្នះ២លើក និងស្មើ២លើក។ 
 
លោកមានបទពិសោធធ្លាប់ដឹកនាំក្លិបជាច្រើននៅលើទឹកដីថៃរួមមានក្លិប Rangsit FC, Chiangrai United, Chiangmai United និងគ្រូយុវជនរបស់ក្លិប Bangkok Glass ជាដើម៕  
 
 

Tag:
 បាល់ទាត់
  បឹងកេត
  Apisit Im Amphai
© រក្សាសិទ្ធិដោយ thmeythmey.com