COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Man City នឹង​ប្រើ​អាវ​ពិសេស​ពេល​ប៉ះ Arsenal ដើម្បី​ផ្សាយ​ពី​មូលនិធិ​សង្គ្រោះ​អ្នកជំងឺ COVID-19
17, Jun 2020 , 8:39 pm        
រូបភាព
​ក្រុម Manchester City នឹង​ពាក់​ឯកសណ្ឋាន​ពិសេស​ក្នុងការ​ប្រកួត​ទល់នឹង Arsenal ក្នុង​ក្របខណ្ឌ Premier League ដើម្បី​ផ្សព្វផ្សាយ​ពី​ការចាប់ផ្តើម​បង្កើត​មូលនិធិ​សង្គ្រោះ​អ្នក​ឆ្លង​ជំងឺ COVID-19​។ មូលនិធិ​នេះ បង្កើតឡើង​ដោយ​ក្រុមហ៊ុន City Football Group (CFG) ដែលជា​របស់​ម្ចាស់​ក្លិប Man City​។​


​ការប្រកួត​លី​គ​កំពូល​អង់គ្លេស​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​រាត្រី​ថ្ងៃទី​១៧ ខែមិថុនា​នេះ ក្រោយ​ផ្អាក​ជាង​៣​ខែ ដោយសារ COVID-19 ។ ការជួបគ្នា​ចំនួន​២​គូ​ដំបូង មានការ​ជួបគ្នា​រវាង Aston Villa និង Sheffield United នៅ​ម៉ោង ១២:០០​នាទី​ពាក់​កណ្តាលយប់ ខណៈ Man City ស្វាគមន៍ Arsenal នៅ​ម៉ោង ២:១៥​នាទី រំលង​អា​ធ្រា​ត្រ​។​
 
​សម្រាប់​ជំនួប​ដំបូង​នេះ Man City នឹង​ប្រើប្រាស់​សម្លៀកបំពាក់​ដែលមាន​ស្លាក​សញ្ញា (​ឡូ​ហ្គូ​) យុទ្ធនាការ​មានឈ្មោះ​ថា «Cityzens Giving for Recovery» ជំនួស​ឲ្យ​ម្ចាស់​ស្ព​ន​ស័​រ​ធំ Etihad Airways ដែល​បាន​បរិច្ចាគ​កន្លែង​ផ្សាយ​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​គំនិត​ផ្តួចផ្តើម​ជួយ​ដល់​សហគមន៍​ដែល​ជួប​វិបត្តិ​ជំងឺ​រាតត្បាត​សកល​។​
 
CFG ដែលជា​ម្ចាស់​ក្លិប​កីឡាបាល់ទាត់​ចំនួន ៨ នៅ​ជុំវិញ​ពិភពលោក រួមទាំង​ក្លិប​រហស្សនាម​មេឃ​ខៀវ​ផង បាន​បរិច្ចាគ​ថវិកា ១,៣ លាន​ដុល្លារ​អាមេរិក​រួចហើយ ដល់​យុទ្ធនាការ​សង្គ្រោះបន្ទាន់​ជាស​កល​នៃ​ជំងឺ COVID-19 នេះ​។​
 
City Football Group សង្ឃឹមថា ការប្រកួត​លើក​នេះ​នឹង​ស្របតាម​គំនិត​ផ្តួចផ្តើម​ថ្មី​របស់ខ្លួន ដោយ​ក្នុងនោះ​ពួកគេ​នឹង​រៃអង្គាស​ថវិកា​ជា​បន្តបន្ទាប់​តាមរយៈ​ក្លិប បុគ្គលិក កីឡាករ គ្រូបង្វឹក និង​អ្នកគាំទ្រ​រួមជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ផង ដើម្បី​យកទៅជួយ​ដល់​ការ​ប្រឆាំងនឹង COVID-19​។​
 
Man City ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ក្នុង​តារាង Premier League ដោយ​រកបាន​៥៧​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំនួន​២៥​ពិន្ទុ​។ Arsenal ឈរ​លេខ​រៀង​ទី​៩ មាន​៤០​ពិន្ទុ​ពី​ការប្រកួត​២៨​លើក​៕
 

Tag:
 Manchester City
  Arsenal
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com