ជាតិ
សង្គមជាតិ
រថយន្តយោធាដែលទិញមកពីចិន ចែកទៅនគរបាល៤០គ្រឿង និង យោធា២៥០គ្រឿង រូបពីក្រសួងព័ត៌មាន
× រថយន្តយោធាទាំង២៩០គ្រឿង ដែលទិញមកពីចិន បានមកដល់កម្ពុជាហើយ។ នៅព្រឹកថ្ងៃទី១៨ ខែមិថុនាស្អែក ពិធីប្រគល់រថយន្តទាំងនោះទៅឲ្យអង្គភាពពាក់ព័ន្ធ នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា រថយន្តទាំង២៩០គ្រឿង នឹងប្រគល់ឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ៤០គ្រឿង និងកងយោធពលខេមរភូមិ២៥០គ្រឿង។
មកដល់ពេលនេះ លោក នៅតែមិនទាន់អាចនិយាយបានថា ការទិញរថយន្តយោធាទាំង២៩០គ្រឿងពីចិន ត្រូវចំណាយថវិកាអស់ប៉ុន្មាន ហើយថវិកានោះ បានមកពីខាងណា។ លោក មានប្រសាសន៍យ៉ាងខ្លីថា៖«ស្អែក គេប្រកាសហើយ»។
យ៉ាងណា អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា ប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១២ ខែមិថុនាថា ថវិកាដែលទិញរថយន្តយោធាទាំងនោះ គឺបានមកពីការចូលរួមរបស់សប្បុរសជន ដែលបានផ្តល់ជូនទៅសម្តេចនាយករដ្ឋមន្ត្រី ដើម្បីឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ។
លោក អះអាងថា ការទិញរថយន្តទាំងនោះ គឺដើម្បីយកមកប្រើប្រាស់ក្នុងវិស័យយោធា សម្រាប់ដឹកជញ្ជូនកងកម្លាំង និងពលរដ្ឋពេលមានគ្រោះអាសន្នជាដើម។ លោក បញ្ជាក់ថា ការទិញរថយន្តយោធាពីចិន មិនមែនយកមកគំរាមកំហែងពលរដ្ឋនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com