កម្ពុជា នឹង​ចរចា​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​កូរ៉េ នៅ​ខែកក្កដា
ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹង​ចរចា​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​កូរ៉េ នៅ​ខែកក្កដា
18, Jun 2020 , 7:59 am        
រូបភាព
ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។​
ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។​
ភ្នំពេញ​៖ កម្ពុជា​-​កូរ៉េខាងត្បូង នឹង​ចាប់ផ្តើម​ច​ចារកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ​(FTA)  នៅ​ខែកក្កដា ឆ្នាំ​២០២០​។   កិច្ច​ច​ចារ​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ  ធ្វើឡើង​បន្ទាប់​ភាគី​ទាំងពីរ​បញ្ចប់​ការសិក្សា​ពី​សក្តានុពល និង​បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MoU) លើ​វិស័យ​ពាណិជ្ជកម្ម កាលពី​ចុងឆ្នាំ​២០១៩​។​

 
 
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ជួយ​ឱ្យ​ភាគី​ទាំងពីរ ទទួលបាន​ផលចំណេញ​ទៅវិញទៅមក​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeThmey) តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​Telegram កាលពី​ថ្ងៃទី​១៦ មិថុនា អ្នកនាំពាក្យ​រូបនេះ​បន្ត​និយាយថា​៖«​ផលិតផល​សក្ដានុពល​របស់​កម្ពុជា គឺ​មិន​ដូច​ផលិតផល​របស់​កូរ៉េ​ទាំងស្រុង​ទេ​។ ដូច្នេះ ការដោះដូរ​ទំនិញ​ជាមួយគ្នា នឹង​ជួយ​បំពេញ​ឲ្យ​គ្នា​ទៅវិញ​»​។ 
 
​លោក​បន្ថែមថា ក្រៅពី​វិស័យ​ពាណិជ្ជកម្ម​ទំនិញ​នោះ វិស័យ​សេវាកម្ម វិស័យ​វិនិយោគ នឹង​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​ឱ្យ​គ្នា​ទៅមក​ទៀតផង​។​«​ផលិតផល​សក្ដានុពល​របស់​កម្ពុជា សម្រាប់ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង គឺមាន​ផលិតផល​វាយនភ័ណ្ឌ [​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក​] និង​ផលិតផល​កសិកម្ម​មួយចំនួន​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ស៊ា​ង ថៃ​។​
 
​កូរ៉េខាងត្បូង​ជា​ប្រទេស​គោលដៅ​ទី​២ នៃ​ការឈាន​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា បន្ទាប់ពី​កម្ពុជា​ចរចា​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ប្រទេស​ចិន​បានជា​ផ្លូវការ ដែល​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី នា​ចុងឆ្នាំ​២០២០​។​
 
​ក្រៅពី​ប្រទេស​ចិន និង​កូរ៉េខាងត្បូង រដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​សិក្សា និង​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ​ចរចា ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី  ជាមួយ​ប្រទេស​ធំៗ​គោលដៅ​ចំនួន​៦​ទៀត​។  ក្នុងនោះ សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EAEU) ជា​អង្គការ​សមាហរណកម្ម​ថ្នាក់​តំបន់​នៅ​អាស៊ី​ខាងលិច  អាស៊ី​ខាងកើត និង​អាស៊ី​កណ្តាល​, ប្រទេស​អង់គ្លេស អាមេរិក ជប៉ុន ម៉ុង​ហ្គោ​លី ឥណ្ឌា​។ 
 
​សូម​រម្លឹកថា កាល​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង មាន​ជិត​៩​លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជ​កម្មនេះ បាន​កើនឡើង​ជាង ១៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨៕ 

Tag:
 ពាណិជ្ជកម្ម​
  លោក ស៊ា​ង ថៃ​
  FTA
© រក្សាសិទ្ធិដោយ thmeythmey.com