ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងចរចាពាណិជ្ជកម្មសេរី ជាមួយប្រទេសកូរ៉េ នៅខែកក្កដា ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
× ភ្នំពេញ៖ កម្ពុជា-កូរ៉េខាងត្បូង នឹងចាប់ផ្តើមចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ(FTA) នៅខែកក្កដា ឆ្នាំ២០២០។ កិច្ចចចារព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ធ្វើឡើងបន្ទាប់ភាគីទាំងពីរបញ្ចប់ការសិក្សាពីសក្តានុពល និងបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) លើវិស័យពាណិជ្ជកម្ម កាលពីចុងឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងជួយឱ្យភាគីទាំងពីរ ទទួលបានផលចំណេញទៅវិញទៅមក។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeThmey) តាមប្រព័ន្ធទំនាក់ទំនងសង្គមTelegram កាលពីថ្ងៃទី១៦ មិថុនា អ្នកនាំពាក្យរូបនេះបន្តនិយាយថា៖«ផលិតផលសក្ដានុពលរបស់កម្ពុជា គឺមិនដូចផលិតផលរបស់កូរ៉េទាំងស្រុងទេ។ ដូច្នេះ ការដោះដូរទំនិញជាមួយគ្នា នឹងជួយបំពេញឲ្យគ្នាទៅវិញ»។
លោកបន្ថែមថា ក្រៅពីវិស័យពាណិជ្ជកម្មទំនិញនោះ វិស័យសេវាកម្ម វិស័យវិនិយោគ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនឱ្យគ្នាទៅមកទៀតផង។«ផលិតផលសក្ដានុពលរបស់កម្ពុជា សម្រាប់ធ្វើពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូង គឺមានផលិតផលវាយនភ័ណ្ឌ [សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក] និងផលិតផលកសិកម្មមួយចំនួន»។ នេះជាការបញ្ជាក់របស់ លោក ស៊ាង ថៃ។
កូរ៉េខាងត្បូងជាប្រទេសគោលដៅទី២ នៃការឈានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា បន្ទាប់ពីកម្ពុជាចរចាកិច្ចព្រមព្រៀងនេះជាមួយប្រទេសចិនបានជាផ្លូវការ ដែលគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នាចុងឆ្នាំ២០២០។
ក្រៅពីប្រទេសចិន និងកូរ៉េខាងត្បូង រដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតក្រុមការងារជំនាញដើម្បីសិក្សា និងរៀបចំគោលនយោបាយ យុទ្ធសាស្ត្រចរចា ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសធំៗគោលដៅចំនួន៦ទៀត។ ក្នុងនោះ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ជាអង្គការសមាហរណកម្មថ្នាក់តំបន់នៅអាស៊ីខាងលិច អាស៊ីខាងកើត និងអាស៊ីកណ្តាល, ប្រទេសអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា។
សូមរម្លឹកថា កាលឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង មានជិត៩លានដុល្លារ។ ទំហំពាណិជ្ជកម្មនេះ បានកើនឡើងជាង ១៤ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕
Tag:
ពាណិជ្ជកម្ម
លោក ស៊ាង ថៃ
FTA
© រក្សាសិទ្ធិដោយ thmeythmey.com