អន្តរជាតិ
រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង សុំលាលែងតំណែងក្រោយទំនាក់ទំនងអន្តរកូរ៉េអាក្រក់ខ្លាំង រដ្ឋមន្ត្រីបង្រួបបង្រួម Kim Yeon-chul (Yonhap)
× រដ្ឋមន្ត្រីបង្រួបបង្រួមរបស់កូរ៉េខាងត្បូង Kim Yeon-chul នៅថ្ងៃទី១៧ ខែមិថុនា បញ្ជាក់ថា លោកបានសុំចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំពោះភាពបរាជ័យក្នុងការចាត់ចែងទំនាក់ទំនងអន្តរកូរ៉េឲ្យមានស្ថិរភាព។ លោក Kim បង្ហាញបំណងលាលែងតំណែងទៅការិយាល័យប្រធានាធិបតីរួចហើយ។
«ខ្ញុំមានអារម្មណ៍សោកស្ដាយក្រោយបរាជ័យប្រព្រឹត្តទៅតាមតម្រូវការ និងការរំពឹងទុករបស់ប្រជាជនយើងសម្រាប់សន្តិភាព និងវឌ្ឍនភាពលើឧបទ្វីបកូរ៉េ»។ រដ្ឋមន្ត្រី Kim Yeon-Chul បានប្រាប់អ្នកសារព័ត៌មានអំឡុងសន្និសីទព័ត៌មាននៅថ្ងៃទី១៧ ខែមិថុនា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap ។
ទំនាក់ទំនងបងប្អូនកូរ៉េ នាពេលថ្មីៗនេះ បានធ្លាក់ចុះដល់ចំណុចទាបនៅសប្ដាហ៍នេះ ខណៈខាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចាត់វិធានការឆ្លើយតបមួយចំនួនប្រឆាំងកូរ៉េខាងត្បូង ហើយគំរាមប្រើកម្លាំងយោធាដោយខឹងរឿងរដ្ឋាភិបាលសេអ៊ូលពុំបញ្ឈប់សកម្មជនបញ្ជូនខិតបណ្ណប្រឆាំងកូរ៉េខាងជើង។
តួយ៉ាង កាលពីថ្ងៃទី១៦ ខែមិថុនា កូរ៉េខាងជើង បានបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េក្នុងទីក្រុងព្រំដែន Kaesong ដែលបង្កើតឡើងក្នុងឆ្នាំ២០១៨ ។ ការិយាល័យនេះគឺជាលទ្ធផលបានមកពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតី មូន ចេអ៊ីន និងមេដឹកនាំ គីម ជុងអ៊ុន ដែលប្រើគោលដៅសម្រួបសម្រួបកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរឆ្លងព្រំដែន។
នាព្រឹកថ្ងៃទី១៧ ខែមិថុនា កូរ៉េខាងជើង បានបង្កើនភាពតានតឹងខ្លាំងថែមទៀត ដោយបដិសេធសំណើបញ្ជូនប្រេសិតពិសេសរបស់កូរ៉េខាងត្បូង ហើយព្រមានពង្រាយកងទ័ពជាថ្មីលើតំបន់ជំនួញអន្តរកូរ៉េនៅក្បែរព្រំដែន៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
Kim Yeon-chul
© រក្សាសិទ្ធិដោយ thmeythmey.com