កីឡាជាតិ
ជាតិ
លោក ហែម គី​រី​៖ ក្រសួង​អប់រំ​បង្កើត​គណៈកម្មការ មិនមែន​ដើម្បី​គ្រប់គ្រង​អាង​ហែល​ទឹក​អូឡាំពិក​ផ្តាច់មុខ​ឡើយ​
18, Jun 2020 , 8:59 am        
រូបភាព
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងអាងហែលទឹកពហុកីឡដ្ឋានជាតិ
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងអាងហែលទឹកពហុកីឡដ្ឋានជាតិ
ដោយ:
ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ឯកភាពគ្នា​បង្កើត​គណៈកម្មកា​រ​គ្រប់គ្រង​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​។ បើតាម​លោក ហែម គី​រី ក្រសួង​អប់រំ​បង្កើត​គណៈកម្មការ​នេះ​ឡើង​មិនមែន​ដើម្បី​គ្រប់គ្រង​អាង​ហែល​ទឹក​ផ្តាច់មុខ​នោះទេ​។ ដ្បិត​សមាជិក​ក្នុង​គណៈកម្មការ​នេះ មាន​ទាំង​មន្ត្រី​របស់​សហព័ន្ធ និង​ក្រសួង​អប់រំ​។

 
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឺ​កនៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ បាន​ជួប​ពិភាក្សាគ្នា​ពាក់ព័ន្ធ​នឹង​ការបង្កើត​គណៈកម្មការ​គ្រប់គ្រង​អាង​ហែល​ទឺ​ក​ពហុ​កីឡដ្ឋាន​ជាតិ​។ ជា​លទ្ធផល​ក្រោយ​ការជជែក​ពិភាក្សា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ទាំងស្រុង​លើ​គម្រោង​មួយ​នេះ​។ ប៉ុន្តែ​បច្ចុប្បន្ន​ភាគី​ទាំងពីរ​កំពុង​ពិចារណា​ក្នុងការ​ជ្រើសរើស​សមាស​ភាព​។  
 
​លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​អះអាងថា ការបង្កើត​គណៈកម្មកា​រ​គ្រប់គ្រង​អាង​ហែល​ទឹក​អូឡាំពិក​មិនមែនជា​ការដាក់​សម្ពាធ ឬ​តាមដាន​សកម្មភាព​រប​ស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឺ​ក​នោះទេ​។ ការបង្កើត​គណៈកម្មកា​រ​នេះ ក៏​មិនមែន​មានន័យថា ក្រសួង​ចង់​គ្រប់គ្រង​និង​រ៉ាប់រង​ផ្តាច់មុខ​នោះដែរ​។ ផ្ទុយទៅវិញ វា​ជួយ​សម្រួល​ការងារ​សហ​ព័ន្ធ​ក្នុងការ​គ្រប់គ្រង មើលថែ និង​សម្របសម្រួល​ផ្សេងៗ​ពាក់ព័ន្ធ​ការប្រើប្រាស់​អាង​ហែល​ទឹក​នេះ​។  
 
«​គោលបំណង​រួម​នៃ​ការបង្កើត​គណៈកម្មការ​គ្រប់គ្រង​នេះ គឺ​ដើម្បី​ឲ្យ​មាន​តម្លាភាព ព្រោះ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ជា​ទឹកដី​របស់​ក្រសួង​អប់រំ​។ ជា​លក្ខខណ្ឌ​រួម សហព័ន្ធ​ជា​អ្នកគ្រប់គ្រង​ថែទាំ និង​ប្រើប្រាស់​ធម្មតា គ្រាន់តែ​ថា នៅក្នុង​នឹងមាន​ក្រសួង​អប់រំ​ជា​អាជ្ញាធរ​ដែនដី ព្រោះ​វា​ជាទី​តាំង​របស់គាត់​។ ការបង្កើត​នេះ គឺ​សង្កត់ធ្ងន់​លើ​ការប្រើប្រាស់ និង​ថែទាំ​រក្សា​អនាម័យ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហែម គី​រី​។  
 
​លោក​បាន​បន្ថែមថា​៖«​ក្រសួង​ធ្វើបែបនេះ គឺ​ដើម្បី​ជួយ​សម្របសម្រួល​ដល់​ស​ហ​ព័ន្ធ​នៅពេលណា​មានការ​លំបាក ឬ​មាន​បញ្ហា​ប្រឈម​អី​ក្នុង​នឹង​យើង​អាច​ជជែក​គ្នា និង​សហការគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​។ យើង​ដឹង​ហើយ​ថា ការប្រើប្រាស់​ទឹក ភ្លើង​ក្នុង​បរិវេណ​នឹង​(​អាង​ហែល​ទឺ​ក​)​ក្រសួង​អប់រំ​ជា​អ្នកចំណាយ​»​។ 
 
​បើតាម​អគ្គលេខាធិការ​រូបនេះ សមាជិក​របស់​គណៈកម្មកា​រ​គ្រប់គ្រង​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​នេះ សុទ្ធសឹង​ជា​មន្ត្រី​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។ ពោលគឺ​ពុំមាន​មន្ត្រី​មកពី​វិស័យ​ឯកជន ឬ​ស្ថាប័ន​ណា​ផ្សេង​នោះទេ​។ តែ​មកទល់ពេលនេះ គេ​មិនទាន់​ដឹង​ពី​សមាសភាព​របស់​គណៈ​កម្ម​ការ​នេះ​នៅឡើយ​ទេ​៕ 
 

Tag:
 ហែល​ទឹក​
  ហែម គី​រី​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com