ការបង្ក្រាបលើក្រុមអ្នកប្រឆាំង ដែលរដ្ឋាភិបាលកម្ពុជា បានអនុវត្តជាថ្មី ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក គួរតែត្រូវបញ្ចប់ហើយ។ នេះជាការជំរុញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (WHR) តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ហើយក៏ជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែរនោះ រិះគន់ថ្នាក់ដឹកនាំអង្គការឃ្លាំមើលសិទ្ធិមនុស្សថា បំពេញការងារ លែងមានគោលការណ៍ តែផ្អែកលើគំនុំបុគ្គលទៅវិញ។ លោក លើកចំឈ្មោះថា លោក ប្រែដ អាដាំ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី ហាក់ដូចជាខឹងនិងមានគំនុំជាមួយរដ្ឋាភិបាលកម្ពុជា ដូច្នេះ ទោះរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីក៏ដោយ ក៏តែងតែរងការវាយប្រហារពីគាត់ដែរ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ អ្នកនាំពាក្យរូបនេះ និយាយទាំងអារម្មណ៍ធុញទ្រាន់នឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សយ៉ាងដូច្នេះថា៖«ខ្ញុំ មើលទៅអត់មានអីថ្មីទេ។ សេចក្តីថ្លែងការណ៍របស់គាត់ ដដែលៗទេ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បង្ហាញរបាយការណ៍ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ ពីខែមករា រហូតមកដល់ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរកម្ពុជា បានចាប់មនុស្ស១៥នាក់ហើយ ក្រោមបទចោទពាក់ព័ន្ធនឹងរឿងនយោបាយ ដែលត្រូវបានប្រឌិតឡើង។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បន្តថា ជាមួយគ្នានេះ មនុស្ស៨០នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងរឿងនយោបាយ ត្រូវបានដោះលែងវិញ តែពួកគេ នៅតែប្រឈមនឹងការចាប់ខ្លួនម្តងទៀតនៅពេលណាមួយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យល់ថា អាជ្ញាធរកម្ពុជា គួរតែប្រញាប់ដោះលែងអ្នក ដែលកំពុងជាប់ពន្ធគារ និង អ្នកផ្សេងទៀត ដែលទើបនឹងត្រូវបានចាប់ខ្លួនសរុប៣២នាក់ បួករួមទាំងមន្ត្រីអតីតគណបក្សប្រឆាំង២៣នាក់ផងដែរ ដែលត្រូវបានចោទប្រកាន់ក្នុងរឿងនយោបាយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស លើកជាយោបល់ដូច្នេះថា៖«រាល់ម្ចាស់ជំនួយ និងរដ្ឋាភិបាលបរទេសពាក់ព័ន្ធ គួរតែអំពាវនាវជាសាធារណៈ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងអ្នកជាប់ឃុំទាំងអស់ ដែលពាក់ព័ន្ធនឹងរឿងនយោបាយ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ តបថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស គប្បីចេញសេចក្តីថ្លែងការណ៍ណែនាំទៅសកម្មជននិងមន្ត្រីនៃអតីតគណបក្សប្រឆាំងវិញ ទើបប្រសើរជាង ដើម្បីកុំឲ្យពួកគេធ្វើសកម្មភាពខុសច្បាប់។ លោក ផ្តល់យោបល់ត្រឡប់ទៅវិញថា៖«គួរតែប្រាប់ពួកគាត់ កុំឲ្យធ្វើអ្វី មិនគិត កុំធ្វើតាមតែមេបញ្ជា»។