ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​៖ កម្ពុជា គួរ​បញ្ចប់​ការបង្ក្រាប​លើ​អ្នកប្រឆាំង​
17, Jun 2020 , 9:59 pm        
រូបភាព
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបពី Im Manith) និង លោក ប្រែដ អាដាំ នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី  (រូបពី AFP)
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបពី Im Manith) និង លោក ប្រែដ អាដាំ នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី (រូបពី AFP)
​ការបង្ក្រាប​លើ​ក្រុម​អ្នកប្រឆាំង ដែល​រដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​ជាថ្មី ចាប់តាំងពី​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ​-១៩​មក គួរតែ​ត្រូវ​បញ្ចប់​ហើយ​។ នេះ​ជាការ​ជំរុញ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (WHR) តាមរយៈ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​។

 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ហើយក៏​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែរនោះ រិះគន់​ថ្នាក់ដឹកនាំ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា បំពេញការងារ លែងមាន​គោលការណ៍ តែ​ផ្អែកលើ​គំនុំ​បុគ្គល​ទៅវិញ​។ លោក លើក​ចំ​ឈ្មោះថា លោក ប្រែ​ដ អា​ដាំ (Brad Adams) នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី ហាក់ដូចជា​ខឹង​និង​មាន​គំនុំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដូច្នេះ ទោះ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​អ្វីក៏ដោយ ក៏តែ​ងតែរង​ការវាយប្រហារ​ពី​គាត់​ដែរ​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ អ្នកនាំពាក្យ​រូបនេះ និយាយ​ទាំង​អារម្មណ៍​ធុញទ្រាន់​នឹង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ មើលទៅ​អត់​មានអី​ថ្មី​ទេ។ សេចក្តីថ្លែងការណ៍​រប​ស់គា​ត់ ដដែលៗ​ទេ​»​។  

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បង្ហាញ​របាយការណ៍​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ពី​ខែមករា រហូតមកដល់​ខែមិថុនា ឆ្នាំ​២០២០ អាជ្ញាធរ​កម្ពុជា បាន​ចាប់​មនុស្ស​១៥​នាក់​ហើយ ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដែល​ត្រូវបាន​ប្រឌិត​ឡើង​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បន្តថា ជាមួយគ្នានេះ មនុស្ស​៨០​នាក់​ផ្សេងទៀត ដែល​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ត្រូវបាន​ដោះលែងវិញ តែ​ពួកគេ នៅតែ​ប្រឈម​នឹង​ការចាប់ខ្លួន​ម្តងទៀត​នៅពេល​ណាមួយ​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យល់ថា អាជ្ញាធរ​កម្ពុជា គួរតែ​ប្រញាប់​ដោះលែង​អ្នក ដែល​កំពុង​ជាប់ពន្ធ​គារ និង អ្នក​ផ្សេងទៀត ដែល​ទើបនឹង​ត្រូវបាន​ចាប់ខ្លួន​សរុប​៣២​នាក់  បួ​ក​រួមទាំង​មន្ត្រី​អតីត​គណបក្សប្រឆាំង​២៣​នាក់​ផងដែរ ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុង​រឿង​នយោបាយ​។ 
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លើក​ជា​យោបល់​ដូច្នេះ​ថា​៖«​រាល់​ម្ចាស់ជំនួយ និង​រដ្ឋាភិបាល​បរទេស​ពាក់ព័ន្ធ គួរតែ​អំពាវនាវ​ជា​សាធារណៈ ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​»​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ តប​ថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស គប្បី​ចេញ​សេចក្តីថ្លែងការណ៍​ណែនាំ​ទៅ​សកម្មជន​និង​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង​វិញ ទើប​ប្រសើរ​ជាង ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​ខុសច្បាប់​។ លោក ផ្តល់យោបល់​ត្រឡប់​ទៅវិញ​ថា​៖«​គួរតែ​ប្រាប់​ពួកគាត់ កុំ​ឲ្យ​ធ្វើ​អ្វី មិន​គិត កុំ​ធ្វើ​តាមតែ​មេ​បញ្ជា​»​។​

លោក សង្កត់ធ្ងន់ថា អ្នកណា​ក៏ដោយ ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស នឹងត្រូវ​ទ​ទួ​យល​ខុសត្រូវ​ចំពោះមុខច្បាប់​ដូចគ្នា​៕ 
 

Tag:
 ច្បាប់​
 WHR
  CNRP
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com