COVID-19
ONE Championship
កីឡាជាតិ
ជាតិ
​កូន​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី ប្រឹង​ហាត់ និង​ចង់​ត្រឡប់​ទៅ​សង្វៀន ONE ឆាប់ៗ​
17, Jun 2020 , 10:29 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាការិនី​គុន​ចម្រុះ​កូន​ខ្មែរ​រស់នៅ​អាមេរិក អែម សុ​វណ្ណា​រី បានធ្វើ​បច្ចុប្បន្នភាព​អំពី​ការហ្វឹកហាត់​នៅ​អាមេរិក​ស្របពេល​ប្រទេស​នេះ​កំពុង​ហួងហែង​ដោយ​ការ​បាតុកម្ម​តវ៉ា​អំពី​ការរើសអើង​ជាតិ​សាសន៍ និង​លុកលុយ​ដោយ Covid-19 ខ្លាំងក្លា​ផង​។ ជាមួយគ្នា​នោះ សុ​វណ្ណា​រី ក៏​អន្ទះសា​ចង់​វិល​ចូល​សង្វៀន ONE Championship កាន់តែ​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន​នៅពេល វិបត្តិ Covid-19 ធូរស្បើយ​។



​សុ​វណ្ណា​រី បាន​ឲ្យ​ដឹង​ដូច្នេះ ៖«​តាំងពី COVID-19 ផ្ទុះឡើង​ខ្លាំង ការហ្វឹកហាត់​របស់ខ្ញុំ​បាន​ថយចុះ​ដោយសារតែ​ត្រូវធ្វើ​គម្លាត​សុវត្ថិភាព​សង្គម​។ ខ្ញុំ​គ្រាន់តែ​ហាត់​រក្សា​កម្លាំង​តិចតួច​, ចម្អិន​អាហារ និង ធ្វើ​ការងារ​ផ្ទះ​ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាងណាក្ដី ការ​នៅ​ដោយឡែក​ក៏មាន​ផល​ល្អ​សម្រាប់​ខ្ញុំ​ដែរ​។ វា​ជា​ពេលធ្វើ​ឲ្យ​រាងកាយ​បាន​សម្រាក និង​មាន​ពេល​ច្រើន​នៅផ្ទះ​។ ក្នុងនោះ​ក៏មាន​ពេល​សិក្សា​អំពី​ក្បាច់គុន​តាម​វិធី​ផ្សេងៗ​ដូចជា មើល​ការប្រកួត​ជឺ​ជី​តស៊ូ និង ការហ្វឹកហាត់​ជឺ​ជី​តស៊ូ​ជាដើម​»​។ 


 
​កីឡាការិនី​សម្បុរ​ស្រអែម​បាន​បន្តថា ទោះ​ការហ្វឹកហាត់​ផ្នែក​កម្លាំង​ថយចុះ ប៉ុន្តែ រូបគេ​មាន​អារម្មណ៍​ថា ការសិក្សា ឬ រំលឹក​ក្បាច់គុន​កាន់តែ​ប្រសើរឡើង ហើយ​វា​ជា​ផ្នែក​សំខាន់​មួយ​ផងដែរ​។ 


 
​ជាធម្មតា​កីឡាការិនី​មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​រូបនេះ​ហ្វឹកហាត់​នៅ​ក្លិប Modern Martial Arts and Fitness ស្ថិតនៅ​ក្រុង Pasadena  នៃ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​
 
​កីឡាការិនី​វ័យ ២៧ ឆ្នាំ​សង្កត់ធ្ងន់ថា​៖«​លំ​ហាត់​ដែល​ខ្ញុំ​ធ្វើ​នៅផ្ទះ ឬ ហាត់​នៅផ្ទះ គឺ មានការ​ណែនាំ​ពី​គ្រូបង្វឹក Justen Hamilton​។ លោក​បាន​ប្រាប់​ខ្ញុំ​អំពី​ការងារ​ត្រូវធ្វើ​,,​គិត​លើ​ការប្រកួត​, អ្វីដែល​ខ្ញុំ​ត្រូវ​រៀន​បន្ត​, និង​អ្វីៗ​ដែល​ត្រូវ​ឈ្វេងយល់​បន្ថែម​។ ទោះជា Covid-19 យ៉ាង​ក៏ដោយ ខ្ញុំ​ក៏បាន​ជួប​គ្រូបង្វឹក ១ ដង ឬ ២​ដង​ក្នុង​មួយ​សប្ដាហ៍ អមដោយ​សំណួរ​ដើម្បី​យកមក​ហាត់​នៅផ្ទះ​។  ពេល​ជួបគ្នា​លោកគ្រូ​តែងតែ​ផ្ដល់​ផែនការ​សម្រាប់​ខ្ញុំ​។ វា​ពិតជា​សំខាន់​ដើម្បី​រក្សា​លំនឹង​នាពេល​ដ៏​លំបាក​នេះ ហើយ​ត្រូវ​ទាញយក​ផលចំណេញ​ពី​គ្រូបង្វឹក​ផងដែរ​»​។ 
 
 
 
 
​កូន​ខ្មែរ​នៅ​អាមេរិក​ដាក់​ក្ដី​រំពឹង​បែបនេះ ៖«​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ និង បន្ត​អភិវឌ្ឍន៍​ខ្លួន​ក្នុង​វិបត្តិ​ពិភពលោក​។ ខ្ញុំ​សង្ឃឹមថា​ចូល​ហាត់​វិញ​បាន​ទៀងទាត់​ដើម្បី​អាច​ឡាំ​គ្នា និង វាស់វែង​ថា​តើ​ខ្ញុំ​ហាត់​នៅផ្ទះ​ល្អ​បាន​កម្រិតណា​»​។ 
 
​អ្នកលេង​គុន​ចម្រុះ​ដដែល​នេះ​បង្ហាញ​អារម្មណ៍​រំភើប​ដែលមាន​ឱកាស​បង្ហាញ​សមត្ថភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នាពេល​កន្លងមក និង បន្ត​ប្រកួត​តំណាង​ឲ្យ​ខ្មែរ​ទៀត​នៅ​សង្វៀន​អន្តរជាតិ ONE Championship​។  កូន​ខ្មែរ​រូបនេះ​ក៏​បង្ហើប​អំពី​មោទនភាព​លើ​ការរៀន​ភាសា​ខ្មែរ​តាំង​ខែ មករា ដើមឆ្នាំ​នេះ​មក ហើយ​ពេល​មានឱកាស​បង្ហាញ​នៅ​សង្វៀន ONE  សាជាថ្មី នោះគេ​នឹង​និយាយ​អំពី​កម្ពុជា​ជា​ភាសា​ខ្មែរ​។ 
 


​អែម សុ​វណ្ណា​រី បង្ហាញខ្លួន​នៅ​សង្វៀន ONE បាន​២​លើ ពោល​លើកដំបូង​ឈ្នះ​កីឡាការិនី​អ៊ុយ​ក្រែ​ន  Iryna Kyselova ដោយ​ឃ្លេ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១​កាល​ខែ ធ្នូ ឆ្នាំ ២០១៨ មុនពេល​ចាញ់ កីឡាការិនី​សញ្ជាតិ​ប្រេ​ស៊ី​ល Rayane Bastos ត្រឹម​ទឹក​ទី​១ ដោយសារ​ក្បាច់​ឃ្លេ​ក​ក្នុង​កម្មវិធី  ONE: MARK OF GREATNESS កាល​ថ្ងៃទី ៦ ខែ ធ្នូ នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com