មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច ស្នើឱ្យ​មន្ទីរ​ទាំងអស់ «​កុំ​កេង​ថវិកា​ទុក​ចាយ​តែឯង​» នៅ​ចំពោះមុខ​សម្ដេច ស ខេង​
ជាតិ
សង្គមជាតិ
មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច ស្នើឱ្យ​មន្ទីរ​ទាំងអស់ «​កុំ​កេង​ថវិកា​ទុក​ចាយ​តែឯង​» នៅ​ចំពោះមុខ​សម្ដេច ស ខេង​
17, Jun 2020 , 6:15 pm        
រូបភាព
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជូ គីមឡេង(អង្គុយកណ្ដាល) ថ្លែងក្នុងកិច្ចប្រជុំលើកទី១៨ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាថ្ងៃ១៧ មិថុនា ២០២០
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជូ គីមឡេង(អង្គុយកណ្ដាល) ថ្លែងក្នុងកិច្ចប្រជុំលើកទី១៨ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាថ្ងៃ១៧ មិថុនា ២០២០
ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ជូ គីម​ឡេង បានស្នើ​ឱ្យមាន​មន្ទីរ និង​ក្រសួង​ពាក់ព័ន្ធ កុំ​កេង​ថវិកា​ទុក​ចាយ​តែឯង ពោលគឺ​ត្រូវ​ទម្លាក់​ថវិកា​នោះ ទៅកាន់​ថ្នាក់ក្រោម​ជាតិ​ផង ដើម្បី​ការអនុវត្ត​ការងារ​តាម​មូលដ្ឋាន​តាម​គោលនយោបាយ​រដ្ឋាភិបាល​។ លោក ជូ គីម​ឡេង ថ្លែង​បែបនេះ នៅ​ចំពោះមុខ​សម្ដេច ស ខេង ក្នុង​កិច្ចប្រជុំ​លើក​ទី​១៨ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) នា​ថ្ងៃ​១៧ មិថុនា​។​


 
​នៅ​ចំពោះមុខ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​នានា លោក ជូ គីម​ឡេង បាន​និយាយ​ក្នុងន័យនេះ​ថា មាន​ក្រសួង និង​មន្ទីរ​ខ្លះ ហាក់​មិនសូវ​ទម្លាក់​ថវិកា​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​ចាត់ចែង​ការងារ និង​អភិវឌ្ឍ​នៅតាម​មូលដ្ឋាន​ឡើយ ដែល​វា​ធ្វើឱ្យប៉ះពាល់​ដល់​គោលការណ៍​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​។​

សូមស្ដាប់សំឡេងលោក ជូ គីមឡេង និយាយពីរឿងថវិកាថ្នាក់ក្រោមជាតិ៖

​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ដូច្នេះ​ថា​៖«​យើងខ្ញុំ​សូម​បំពាក់​នូវ​ជំហរ​មួយ គឺ​រួមគ្នា​ដោះស្រាយ ទាំង​អំពាវនាវ​ដល់​មន្ទីរ​តាមរយៈ​ក្រសួង​ពាក់ព័ន្ធ កុំឱ្យ​មានគំនិត​ចង្អៀតចង្អល់​កេង​(​ថវិកា​)​ចាយ​តែម្នាក់ឯង បើ​និយាយឱ្យចំ​។ ប៉ុន្តែ​ជា​ស្មារតី ខ្ញុំ​មិនដឹង​ដែរ​។ រឿង​(​ថវិកា​)​ហ្នឹង វា​មាន​សាវតា ដែល​យើងខ្ញុំ​ពិបាក​និយាយ​នៅទីនេះ​(​អង្គប្រជុំ​) គឺ​សាវតា មានការ​ពិបាក គឺ​មន្ទីរ (​ពាក់ព័ន្ធ​)​ការចែករំលែក​(​ថវិកា​) មិនមាន​សណ្ដោស​ប៉ុន្មាន​ទេ គឺ​ចាយ​តែ​ខ្លួនឯង​ច្រើនជាង​…​។​
 
​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​បើក​កិច្ចប្រជុំ​លើក​ទី​១៨ ដោយ​ពិភាក្សា​ពី​របៀបវារៈ​ចំនួន​៤ ដោយ​ក្នុង​ពាក់ព័ន្ធ​នឹង​ការរៀបចំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ក្នុង​កិច្ចប្រជុំ​នេះ ភាគច្រើន​គឺ​ពិភាក្សា​ពី​បញ្ហា​ផ្ទេរ​ថវិកា​ទៅកាន់​រដ្ឋបាល​ក្រុង ស្រុក ដែលជា​រចនាសម្ព័ន្ធ​ថ្មី នៃ​ថ្នាក់ក្រោម​ជាតិ​។​
 
​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​លោក ចម ប្រសិទ្ធិ បានផ្ដល់​យោបល់​នៅក្នុង​កិច្ចប្រជុំ​នោះ ដោយ​ស្នើឱ្យ​រដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទម្លាក់​ថវិកា​ទៅកាន់​រដ្ឋបាល​ក្រុង ស្រុក សម្រាប់​ប្រើប្រាស់​ផ្ទាល់​តែម្ដង ដោយ​មិនចាំបាច់​ឆ្លងកាត់​ថ្នាក់​ក្រសួង ឬ​មន្ទីរ​នោះទេ​។ បើតាម​លោក ចម ប្រសិទ្ធ កម្រិត​ថ្នាក់​ក្រសួង និង​មន្ទីរ គឺ​គ្រាន់តែ​ចាំ​ជួយ​ផ្នែក​បច្ចេកទេស សម្ភារ និង​ការបណ្ដុះបណ្ដាល​ជំនាញ​ទៅកាន់​មន្ត្រីរដ្ឋបាល​ក្រុង ស្រុក បាន​ហើយ​។ 
 
«​អ៊ីចឹង​សូម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិចារណា គិតតែ​រឿង​ថវិកា​ក្រសួង​ថ្នាក់ជាតិ ហើយ​និង​ថ្នាក់​មន្ទីរ​ចុះ​។ ប៉ុន្តែ​រឿង​ថវិកា​សម្រាប់​មន្ទីរ​ផ្ទេរ​ទៅឱ្យ​ក្រុង សង្កាត់ ស្រុក​នេះ គឺ​សូម​កាត់​ឱ្យ​ហើយ​ដាច់​តែម្ដង កុំឱ្យ​យក​ភ្ជាប់​ជាមួយ​មន្ទីរ​ទៀត​។ បើ​យើង​ធ្វើ​បែប​ហ្នឹង ប្រហែលជា​ងាយស្រួល គ្នា​មាន​លុយ​ស្រេច​សម្រាប់​ដំណើរការ ហើយ​ពេល​ហ្នឹង​ប្រហែល​មាន​លុយ​អាច​ជ្រើសរើស​មនុស្ស​ជំនាញ​មក​ធ្វើការ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ចម ប្រសិទ្ធ ដែល​ការផ្ទេរ​ថវិកា​ឱ្យ​ថ្នាក់រដ្ឋបាល​ផ្ទាល់​នេះ វា​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​អភិវឌ្ឍ​ច្រើន ដោយ​មិន​ស្ទះ​ការងារ​ដូច​មុន​ឡើយ​។​
 
​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គាំទ្រ​មតិយោបល់​របស់​លោក ចម ប្រសិទ្ធ​។ បើតាម​សម្ដេច ស ខេង ការ​បង្ខិត​សេវា​រដ្ឋបាល​សាធារណៈ ដល់​ពលរដ្ឋ​នេះ គឺជា​ចាំបាច់ សម្រាប់​ដំណើរការ​អភិវឌ្ឍ និង​ការដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ 
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​ដូច្នេះ​ថា​៖«​គោលដៅ​កំណែទម្រង់​របស់​យើង គឺ​យើង​បង្ខិត​រដ្ឋបាល​ឱ្យ​ជិត​ប្រជាពលរដ្ឋ​។ ហើយ​រដ្ឋបាល​ដែលមាន​សិទ្ធិ មានអំណាច មាន​ធនធាន ដើម្បី​ប្រជាពលរដ្ឋ​គាត់​ងាយ​សុំ​សេវា ហើយ​ងាយស្រួល​យើង​ជួយ​ដល់​ប្រជាពលរដ្ឋ​។ ចៀសវាង​ឱ្យ​(​រដ្ឋបាល​ថ្នាក់ក្រោម​)​ត្រូវការ​នេះ​បន្តិច នោះ​បន្ដិច ហើយ​រត់​មកសុំ​ខាងលើ ដែលនាំឱ្យ​ខាតបង់​ពេលវេលា និង​ថវិកា​ផង​»​។​
 
​បើតាម​សម្ដេច ស ខេង រដ្ឋាភិបាល​មានបំណង​ចង់​កសាង​រដ្ឋបាល​ឯកភាព​មួយ នៅត្រឹម​ថ្នាក់​ខេត្ត និង​ស្រុក ដែល​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​
​កន្លងមក​ក្រសួង និង​ស្ថាប័ន​មួយចំនួន បាន​ផ្ទេរ​ធនធានមនុស្ស និង​ថវិកា​ទៅកាន់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ជា​បណ្ដើរៗ​ហើយ ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្ទេរ​ការងារ​ទៅកាន់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤, ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ទេរ​ធនធានមនុស្ស​និង​ថវិកា​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផងដែរ​។ 
 
​ដោយឡែក​ក្រសួង​ចំនួន​៧​ទៀត កំពុង​រៀបចំ​សេចក្តីណែនាំ​បច្ចេកទេស​សម្រាប់​អនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​នោះ រួមមាន ក្រសួងបរិស្ថាន​, ក្រសួង​កិច្ចការនារី ,​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ,​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួង​រ៉ែ និង​ថាមពល​, ក្រសួង​សង្គមកិច្ច យុវ​និតិ​សម្បទា និង​យុទ្ធជន ,​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ នេះ​បើតាម​លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) ៕

Tag:
 រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​
  ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com