ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វេជ្ជបណ្ឌិត​ប្រយុទ្ធ​វីរុស​កូ​រ៉ូ​ណា ៦ នាក់ ចេញ​មកពី​គ្រួសារ​ជនភៀសខ្លួន​ខ្មែរ​អាមេរិកាំង​មួយ​
18, Jun 2020 , 7:59 pm        
រូបភាព
អ្នកស្រី Sakara Seng (កណ្ដាល) ដែល​ជា​កូនស្រី​របស់​លោក សៀង សេង បញ្ចប់​ការ​សិក្សា​​ជំនាញ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ Stanford។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)
អ្នកស្រី Sakara Seng (កណ្ដាល) ដែល​ជា​កូនស្រី​របស់​លោក សៀង សេង បញ្ចប់​ការ​សិក្សា​​ជំនាញ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ Stanford។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ លោក​វេជ្ជបណ្ឌិត​សៀង សេង បានចាត់ទុក​ខ្លួន​លោក​ថា​ជា​«​មនុស្ស​មានសំណាង​»​ម្នាក់​ដែល​លោក​និង​ភរិយា​ត្រូវបាន​ជ្រើសរើស​ពី​ក្នុងចំណោម​ជនភៀសខ្លួន​ជាច្រើន​ម៉ឺន​នាក់​នៅក្នុង​ជំរំខៅអ៊ីដាង​ឲ្យ​មក​រស់នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែសីហា ឆ្នាំ​១៩៨០​។ នោះ​គឺជា​សំណាង​ដែល​លោក​ទទួលបាន​បន្ទាប់ពី​រង​ភាព​សោកសៅ​ដោយសារ​ការស្លាប់​បាត់បង់​សមាជិកគ្រួសារ​ជាច្រើន​នាក់​ក្នុង​របប​វាលពិឃាត​ខ្មែរក្រហម ដែល​ទើបបាន​បញ្ចប់​កាលពី​ជាង​មួយឆ្នាំ​មុន​។​

 
​លោក​សៀង សេង​បាន​ចូល​មកដល់​ជំរំខៅអ៊ីដាង ពេលដែល​ជំរំ​នេះ​ទើប​តែបើ​កបាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​និង​បានរស់នៅ​ទីនោះ​ចំនួន ៧ ខែ ដោយ​ជួយ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​គណៈកម្មាធិកា​រ​ជនភៀសខ្លួន​អាមេរិកាំង (American Refugee Committee) ក្នុង​ជំរំ​។ គ្រូពេទ្យ​ចិត្តធម៌​ម្នាក់​បាន​ទាក់ទង​អង្គការ​ជនភៀសខ្លួន​ហា​វ៉ៃ (Hawaii Refugee Organization) ជួយ​ធានា និង​រៀបចំ​ឯកសារ​និង​ក៏មាន​ឪពុកមា​ខាង​ប្រពន្ធ​ដែល​នៅ​សហរដ្ឋអាមេរិក​ស្រាប់​បាន​ជួយ​បន្ថែម​។​
 
​លោក​បាន​រំលឹក​ប្រាប់​វី​អូ​អេ​ក្នុង​បទ​សម្ភាស​ថា​៖
 
«​ពេល​យើង​ទៅដល់​ភ្លាម​គឺ​អត់​មាន​បងប្អូន​ណា​ទាំងអស់​។ អត់​ស្គាល់​អ្នកណា​ទាំងអស់ ដូច្នេះ​ក្តីសង្ឃឹម​គឺថា​ពួក​អ្នក​សាសនា​ដែល​គេ​ទៅ​កន្លែង​នោះ​នឹកថា​ប្រហែល​គេ​អាចជួយ​យើង​បាន​។ ប៉ុន្តែ​ខ្ញុំ​មានសំណាង​ដែល​បាន​ជួប​បងប្អូន​ដែល​ក្រោយមក​គាត់​សុខចិត្ត​ធានា​ឲ្យ​មក​ប្រទេស​គេ​»​។​
 
​ជំរំខៅអ៊ីដាង​ដែល​អង្គការសហប្រជាជាតិ​គ្រប់គ្រង​រួមគ្នា​ជាមួយនឹង​រដ្ឋាភិបាល​ថៃ​បាន​បើក​ក្នុង​ខែវិច្ឆិកា ឆ្នាំ​១៩៧៩ គឺមាន​រយៈពេល​មិន​ដល់​មួយឆ្នាំ​ក្រោយពី​កងទ័ព​វៀតណាម​បាន​ចូលមក​ឈ្លានពាន​ប្រទេស​កម្ពុជា​និង​ផ្តួលរំលំ​របប​ខ្មែរក្រហម​ដែល​ចិន​កុម្មុយនីស្ត​គាំទ្រ​នៅ​ដើមខែ​មករា​និង​បាន​លើក​បន្តុប​របប​មួយ​ដែល​រណប​ក្រុង​ហាណូយ​។ ជំរំ​ដែល​ហ៊ុំព័ទ្ធ​ដោយ​ដើម​ឫ​ស្ស៊ី​នេះ​បាន​សាងសង់​ចម្ងាយ ១២​គីឡូម៉ែត្រ ចូលក្នុង​ទឹកដី​ថៃ​ហើយ​មាន​ជនភៀសខ្លួន​ជាង​២០០.០០០ នាក់ បាន​ឆ្លងកាត់​ក្នុងពេល​ដំណើរការ​រយៈពេល​១៤​ឆ្នាំ​នោះ ដោយ​អ្នកខ្លះ​បាន​បន្តទៅ​ប្រទេស​ទី​បី និង​អ្នកខ្លះ​បាន​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​បន្ទាប់ពី​ភាគី​ជម្លោះ​ខ្មែរ​នានា​បាន​ព្រមព្រៀង​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ចុងឆ្នាំ​១៩៩១​។ នេះ​បើតាម​តួលេខ​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHRC)​។​


លោកវេជ្ជបណ្ឌិត សៀង សេង (ស្ដាំ) និង​ភរិយា គឹមលី សេង​ ឈរ​ថត​រូប​នៅ​មុខ​មន្ទីរពេទ្យ A.R.C នៅ​ជំរំ​ជនភៀសខ្លួន​ខៅអ៊ីដាង។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)


លោក​វេជ្ជបណ្ឌិត សៀង សេង (ឆ្វេង) និង​ភរិយា គឹមលី សេង​ ឈរ​ថតរូប​នៅ​ពី​មុខ​ជំរំ​ជនភៀសខ្លួន កាល​ពី​ឆ្នាំ​១៩៧៩។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)
 
​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៨១​ដល់​១៩៩១​មាន​ជនភៀសខ្លួន​កម្ពុ​ជាជាង​២៦​ម៉ឺន​នាក់​ត្រូវបាន​ទទួលយក​ឲ្យ​មក​ស្នាក់នៅ​ប្រទេស​ទី​បី​ក្នុងនោះ​ជិត​១៥​ម៉ឺន​នាក់ ត្រូវបាន​សហរដ្ឋអាមេរិក​ទទួលយក​ហើយ​ឲ្យ​ស្នាក់​នៅតាម​រដ្ឋ​នានា​ដោយ​ភាគច្រើន​នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា ម៉ាស្សា​ឈូ​សិត ផិ​ន​ស៊ី​ល​វេ​នៀ វ៉ាស៊ីនតោន និង​តិច​សាស​។​
 
​ពេលមកដល់​សហរដ្ឋ​អាមេរិក​ដំបូង​លោក​សៀង សេង​និង​ភរិយា​គឹម​លី សេង​ត្រូវ​បានដាក់​ឲ្យ​នៅ​ទីក្រុង​ហូ​ណូ​លូ​លូ រដ្ឋ​ហា​វ៉ៃ ដោយសារ​អង្គការ​ជនភៀសខ្លួន​ហា​វ៉ៃ​ជា​អ្នក​ជួយ​ធានា​មក​។ លោក​បាន​ជួប​បញ្ហា​ប្រឈម​ជាច្រើន​តាំងពី​ភាសា ការស្វែងរក​ការងារ​ធ្វើ​និង​សមាជិកគ្រួសារ​កើនឡើង​។ កូនប្រុស​ដំបូង​របស់លោក​គឺ​ស​កុ​ណា សេង បានកើត​ក្នុង​រយៈពេល​១០​ថ្ងៃ​ក្រោយពី​បាន​មកដល់​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​លោក​មិនដែល​បោះបង់ចោល​ក្តី​ប្រាថ្នា​ចង់​ក្លាយជា​វេជ្ជបណ្ឌិត​ទេ បើទោះបីជា​ត្រូវ​រៀនសូត្រ​ផង​និង​ធ្វើការ​ផង​ក៏ដោយ​។ ក្នុងនោះ​មានការ​ងារ​ជា​អ្នក​ដឹកជញ្ជូន​សាប៊ូ​ឲ្យ​អតិថិជន​និង​ក្រងផ្កា​យកទៅលក់​ជាដើម​។​
 
​ក្នុង​ឆ្នាំ​១៩៨៨​លោក​សៀង សេង​បានបញ្ចប់​ការសិក្សា​មុខវិជ្ជា​ពេទ្យ​ពី​សាលា​ពេទ្យ John A. Burns នៃ​សាកលវិទ្យាល័យ​ហា​វ៉ៃ​។​
 
​លោក​បានបញ្ជាក់​ប្រាប់​វី​អូ​អេ​ថា​៖
 
«​មានការ​ពិបាក​ច្រើន​មិន​ដូច​បងប្អូន​យើង​ខ្លះ​ថា​ពេលមកដល់​រៀន​ទៅតាម​ចិត្ត​គឺ​អត់​ទេ ប៉ុន្តែ​គ្រាន់​ថា​ខ្ញុំ​មានគំនិត​មួយ​ថា គ្មានអ្វី​វេទនា​ដូច​[​របប​]​ប៉ុលពត​ទេ​។ ដូច្នេះ​អ្វីៗ​ទៀត​ខ្ញុំ​អាច​ជម្នះ​បាន ដូច្នេះហើយ​បាន​ខ្ញុំ​អាច​បាន​ចូលទៅ​សាលា​ពេទ្យ​ហើយ​បានចេញ​ជា​វេជ្ជបណ្ឌិត​តាម​សេចក្តីប្រាថ្នា​របស់ខ្ញុំ​»​។​
 
​នោះ​គឺជា​ក្តី​សុបិន​មួយ​ដែល​លោក​បាន​បាត់បង់​នៅពេលដែល​ទាហាន​អាវខ្មៅ​ខ្មែរក្រហម​បាន​ដើរចូល​ទីក្រុង​ភ្នំពេញ​និង​ផ្តួលរំលំ​របប​លន់ នល់ ដែល​សហរដ្ឋ​អាមេរិកាំង​គាំទ្រ​និង​ជម្លៀស​ពលរដ្ឋ​ចេញទៅ​រស់នៅ​តាម​ទីជនបទ​និង​បិទ​សាលារៀន​ទាំងអស់​។ ពេលនោះ​លោក​នៅ​ខ្វះ​តែ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​នឹង​បាន​សញ្ញាប័ត្រ​វេជ្ជបណ្ឌិត​ពីសា​លា​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។​
 
​ក្រោយពី​បញ្ចប់​ការសិក្សា លោក​វេជ្ជបណ្ឌិត​សៀង សេង​បានធ្វើការ​ជា​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​ក្នុង​ក្រុង​ម៉ូ​ដេ​ស​ស្តូ រដ្ឋកា​លី​ហ្វ​ញ៉ា ជាទី​ដែលមាន​ជនភៀសខ្លួន​កម្ពុជា​ជាច្រើន​ដែល​សហរដ្ឋអាមេរិក​ទ​ទួល​យក​បញ្ជូន​ឲ្យ​ស្នាក់នៅ​។ លោក​បាន​ព្យាបាល​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ពាន់​នាក់​ទាំងចាស់​និង​ក្មេង​។​
 
​លោក​វេជ្ជបណ្ឌិត សៀង សេង មានកូន​ប្រុស​ពីរ​នាក់ និង​កូនស្រី​ម្នាក់​ដែល​សុទ្ធតែជា​វេជ្ជបណ្ឌិត ហើយ​កូនប្រសារ​ពីរ​នាក់​ក៏​ជា​វេជ្ជបណ្ឌិត​ធ្វើការ​នៅ​តំបន់​សាក្រា​ម៉ាន់​តូ (Sacramento Valley)​ដែរ​។​


លោក សកុណា សេង (កណ្ដាល) ដែល​ជាកូនប្រុសរបស់​លោក​វេជ្ជបណ្ឌិត សៀង សេង បញ្ចប់​ការ​សិក្សាជំនាញ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ Mid-western University។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)
 
​ក្នុងពេល​សម្ភាស​ជាមួយនឹង VOA មានពេលខ្លះ​លោក​វេជ្ជបណ្ឌិត ត្រូវ​អាក់​មួយរយៈ​ដោយ​ការ​អួលដើមក​ពេល​រំលឹក​ដល់​សាច់រឿង​ឈឺ​ចាប់ពី​អតីតកាល​។ បើទោះបី​ជាម​កនៅ​សហរដ្ឋអាមេរិក​៤០​ឆ្នាំ​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​បញ្ជាក់ថា លោក​នៅតែ​នឹក​មាតុភូមិ​ជានិច្ច​។​
 
​លោក​វេជ្ជបណ្ឌិត​សៀង សេង​បន្ថែមថា​៖
 
«​យើង​មិន​ចង់​ចាក​ចេញពី​ស្រុក​ខ្មែរ​ទេ បើសិនជា​ស្រុក​យើង​មាន​សុខសន្តិភាព​នៅពេលនោះ​។ យើង​រត់​ចេញពី​ស្រុក​ខ្មែរ​មក​ដោយសារ​វា​មាន​ភាពមិន​ទៀងទាត់​នៅពេល​ហ្នុ​ង​។ អនាគត​ស្រុក​យើង​មិន​ទៀងទាត់​គឺ​ដោយសារ​សង្គ្រាម​និង​ដោយ​សារភាព​បាក់ស្បាត​ប​ន្ទា​ប់​ពី​រស់នៅក្នុង​រប​ប​កុម្មុយនីស្ត​»​។​
 
​លោក​វេជ្ជបណ្ឌិត សៀង សេង ក៏បាន​និពន្ធ​សៀវភៅ​ប្រវត្តិ​ផ្ទាល់ខ្លួន​ដែលមាន​ចំណងជើង​ថា​«​រដូវ​អត់​អាហារ​៖ ខ្សែជីវិត​របស់​ខ្មែរ​មួយរូប​» ដែល​បាន​បោះ​ពុ​ម្ភ​នៅ​ខែសីហា ឆ្នាំ​២០១៧​។ សៀវភៅ​នោះ​គឺ​ដើម្បី​ចែករំលែក​ដំណើរ​ជីវិត​ក្នុង​របប​វាលពិឃាត​ដែល​រូបលោក​បាន​រងគ្រោះ​ដោយផ្ទាល់ ដែល​រួមមាន​ការធ្វើការងារ​ធ្ងន់ធ្ងរ​និង​ការស្លាប់​បាត់បង់​សមាជិក​ក្រុមគ្រួសារ​ម្តងម្នាក់ៗ​ដោយសារ​ជំងឺ​និង​ការអត់ឃ្លាន​។​
 
​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​៖
 
«​ជាការ​សោកស្តាយ​ការសម្លាប់​រង្គាល​នៅតែ​បន្ត​មាននៅ​ក្នុង​ពិភពលោក​គឺថា​នៅ​មិនទាន់​អស់​នៅឡើយ​។ អ្វីៗ​ទាំងអស់​ខ្ញុំ​ជឿថា​ស្ថិតនៅលើ​ក្មួយៗ​និង​ចៅៗ​ជំនាន់​ក្រោយ​ដែល​ត្រូវ​ខំរៀន​សូត្រ​អំពី​ភាព​វេទនា​របស់​ជីវិត​ប្រជាជន​យើង​ដើម្បី​ជា​មធ្យោបាយ​និង​រក​គន្លឹះ​ឃា​ឃាំង​កុំ​ឲ្យ​របប​បែបនេះ​កើតឡើង​បាន​ទៀត​»​។​
 
​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​រាយការណ៍​ថា នៅពេល​បច្ចុប្បន្ននេះ​មាន​ពលរដ្ឋ​ចាកចោល​លំនៅដ្ឋាន​ជាង ៧០ លាន នាក់ នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ជនភៀសខ្លួន​ចំនួន​ជិត​២៦​លាន​នាក់​។ រីឯ​ជន​ចាក​ចេញពី​លំនៅ​ក្នុងប្រទេស​ដោយសារ​វិបត្តិ​ក្នុងស្រុក​មាន​រហូតដល់​ជាង​៤១​លាន​នាក់​និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោណ​មាន​ចំនួន ៣ លាន ៥ សែន នាក់​។​
 
​ដោយសារ​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​មាន​គោលនយោបាយ​តឹងរ៉ឹង​ចំពោះ​ជនភៀសខ្លួន ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​លែង​ជា​គោលដៅ​ទទួលយក​ជនភៀសខ្លួន​ជាច្រើន​ដូច​រដ្ឋបាល​មុនៗ​។ ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ​សហរដ្ឋអាមេរិក​ទទួល​យក​ជនភៀសខ្លួន​តែ​ជាង ៧៦.០០០ នាក់ ប៉ុណ្ណោះ​។ នេះ​បើតាម​ទិន្នន័យ​ចងក្រង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​Pew​។​


លោក កុសល សេង (រាប់​ពី​ឆ្វេង​ទី​បី) ដែល​ជា​កូន​ប្រុស​ម្នាក់​របស់​លោក​វេជ្ជបណ្ឌិត សៀង សេង បញ្ចប់​ការ​សិក្សា​ជំនាញ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ​នៅ​រដ្ឋ​ហាវៃ សហរដ្ឋអាមេរិក។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)
 
​ក្នុង​ឆ្នាំ​២០២០​នេះ​គឺ​សហរដ្ឋអាមេរិក​ទទួល​ជនភៀសខ្លួន​តែ​ចំនួន ៧.៦០០ នាក់​។ ក្នុងនោះ​អង្គការ​សេវា​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​លូ​ថេ​រ៉ា​ន់​(LIRS) ជួយ​សម្រួល​បាន​២.០០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី​ខេ បេ​ល័​រ (Kay Bellor) អនុប្រធាន​កម្មវិធី​ជនភៀសខ្លួន​នៃ​អង្គការ​LIRS ។​
 
​អ្នកស្រី​ខេ បេ​ល័​រ​បាន​បន្ថែម​ប្រាប់​VOA ថា​៖
 
«​ខ្ញុំ​មិនដែល​ឃើញ​អ្វី​ដូច​ពេលនេះ​ទេ​ក្នុង​ការងារ​ជាច្រើន​ឆ្នាំ​របស់ខ្ញុំ​ដោយ​រួមទាំង​ក្រោយពេល​[​ភេរវកម្ម​វាយប្រហារ​] ថ្ងៃទី​១១ ខែកញ្ញា គឺជា​ពេលដែល​យើង​ជួបប្រទះ​ការលំបាក​រយៈពេល ២ ឆ្នាំ ក៏​យើង​នៅតែ​ទទួលយក​ជនភៀសខ្លួន​៣​ម៉ឺន​នាក់​។ ក្នុង​ឆ្នាំ​២០១៨ រដ្ឋបាល​នេះ​ទទួលយក​ជនភៀសខ្លួន​២២.០០០​នាក់​។ ហើយ​ឆ្នាំ​មុនគេ​បានទទួល​៣​ម៉ឺន​នាក់​ប៉ុន្តែ​នាំ​នេះ​គឺជា​គ្រោះថ្នាក់​មួយ​»​។​
 
​អ្នកស្រី​បេ​ល័​រ​មើលឃើញថា​ជនភៀសខ្លួន​មកពី​តំបន់​អាស៊ីអាគ្នេយ៍​ដូចជា​លោក​វេជ្ជបណ្ឌិត សៀង សេង គឺ​បាន​ចូលរួមចំណែក​ច្រើន​ដល់​សហរដ្ឋអាមេរិក​ហើយ​ពួកគេ​បាន​ជួបប្រទះ​ជីវិត​ជោគជ័យ​ជាច្រើន​។​
 
«​តាម​បទពិសោធ​របស់ខ្ញុំ​គឺ​ការងារ​ជាមួយនឹង​ជនភៀសខ្លួន​បាន​ជួយ​ជំរុញ​ទឹកចិត្ត​និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាពសាមញ្ញ​ដោយសារតែ​ហេតុការណ៍​ដែល​ពួកគេ​បាន​ឆ្លងកាត់​ដើម្បី​ទទួលបាន​សេរីភាព​នៅ សហរដ្ឋអាមេរិក​។ ខ្ញុំ​គិតថា​ពលរដ្ឋ​ខិតខំ​ប្រឹង​ធ្វើការ​កាន់តែខ្លាំង​។ ជារួម​គឺ​កម្មវិធី​ជនភៀសខ្លួន​ទាំងមូល​មាន​ផលប្រយោជន៍​ដ៏​ធំ​ដល់​សហរដ្ឋអាមេរិក​លើ​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់ទាំង​សេដ្ឋកិច្ច​និង​វប្បធម៌​»​។​
 
​ឥឡូវនេះ លោក​វេជ្ជបណ្ឌិត សៀង សេង​បាន​ចូលនិវត្តន៍​ពី​ការងារ​ជា​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​បន្ទាប់ពី​ធ្វើការ​រយៈពេល​៣០​ឆ្នាំ​។ លោក​នៅ​បន្ត​បង្រៀន​ខ្លះៗ​នៅ​មហាវិទ្យាល័យ​សហគមន៍​ក្នុង​ក្រុង​ម៉ូ​ដេ​ស​ស្តូ​ហើយ​លោក​គឺជា​នាយផ្នែក​វេជ្ជសាស្ត្រ​នៃ​មហាវិទ្យាល័យ​មូ​ដេ​ស្តូ នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា​។​
 
​ទិវា​ជនភៀសខ្លួន​ពិភពលោក​ឆ្នាំនេះ​ប្រារព្ធ​ក្រោម​ប្រធានបទ «​គ្រប់​សកម្មភាព​មានតម្លៃ​» ហើយ​ចំពេល​ដែល​ពិភពលោក​ប្រឈម​នឹង​វិបត្តិ​សុខភាព​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ គឺ​វេជ្ជបណ្ឌិត​ទាំង​៥​រូប​នៃ​គ្រួសារ​វេជ្ជបណ្ឌិត​សៀង សេង បន្ត​ចូលរួមចំណែក​នៅ​ជួរមុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ដែល​កំពុងតែ​វាយប្រហារ​សហរដ្ឋអាមេរិក​។ លោក​វេជ្ជបណ្ឌិត​សៀង សេង​មានជំនឿថា ពួកគេ​នឹង​ឈ្នះ​សមរភូមិ​នេះ​គឺ​មិន​ដូច​កាលពី​ជាង ៤៥ ឆ្នាំមុន​នៅពេលដែល​សមាជិក ២៤ នាក់​នៃ​ក្រុមគ្រួសារ​របស់លោក​ត្រូវបាន​ជម្លៀស​ទៅ​សហករណ៍​នៅ​ទីជនបទ​ក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​ប៉ុន្តែ នៅពេល​របប​នេះ​បាន​ដួលរលំ​ក្រោយពី​កាន់អំណាច​ជិត ៤ ឆ្នាំ គឺមាន​តែ​លោក​ម្នាក់​ទេ​ដែល​នៅ​រស់រានមានជីវិត ដើម្បី​យក​រឿង​ដ៏​ឈឺចាប់​នេះ​ប្រាប់​ដល់​ពិភពលោក​ឲ្យ​បានដឹង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com