អន្តរជាតិ
លោក ត្រាំ បន្ត​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​១​ឆ្នាំ​ទៀត ខណៈ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​
18, Jun 2020 , 10:35 am        
រូបភាព
លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ក្នុងជំនួបលើកទី២នៅវៀតណាម។ រូបភាព Reuters
លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ក្នុងជំនួបលើកទី២នៅវៀតណាម។ រូបភាព Reuters
ដោយ:
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៧ ខែមិថុនា បានសម្រេច​ពន្យារ​ទណ្ឌ​កម្ម​របស់​អាមេរិក​ទៅលើ​ប្រទេស​កូរ៉េខាងជើង​១​ឆ្នាំ​បន្ថែមទៀត ដោយ​សម្អាងថា របប​ដឹកនាំ​កូរ៉េខាងជើង​នៅតែ​បន្ត​លើក​ជាការ​គំរាមកំហែង​ទៅលើ​ផលប្រយោជន៍​អាមេរិក​។ ការបន្ត​ទណ្ឌកម្ម​នេះ ធ្វើឡើង​ចំពេល​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង​ក្រោយ​កូរ៉េខាងជើង​ចាប់ផ្ដើម​សកម្មភាព​បង្ករឿង​ជាថ្មី​។

 
​ក្នុង​សំបុត្រ​ផ្ញើ​ទៅកាន់​ទៅ​សភា​អាមេរិក លោក ដូ​ណា​ល់ ត្រាំ លើកឡើងថា លោក​សម្រេចចិត្ត​បន្ត​ស្ថានភាព​អាសន្ន​ជាតិ​ទាក់ទង​នឹង​កូរ៉េខាងជើង​ដែល​ត្រូវ​ប្រកាស​ដំបូង​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០០៨ ដោយ​បញ្ជា​ប្រតិបត្តិ​របស់លោក​ប្រធានាធិបតី ច​ន ដាប់​ប៊​ល​យូ ប៊ូ​ស ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ បទបញ្ជា​នេះ ចែង​ពី​ការដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល និង​ពលរដ្ឋ​កូរ៉េខាងជើង​។​
 
​លោក ត្រាំ បាន​ពន្យល់​ហេតុផល​ថា វត្តមាន និង​គ្រោះថ្នាក់​នៃ​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​ប្រើប្រាស់​បាន​នៅ​ឧបទ្វីប​កូរ៉េ រួមទាំង​សកម្មភាព និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កូរ៉េខាងជើង បន្ត​លើក​ជាការ​គំរាម​មិនធម្មតា និង​ជាពិសេស​ទៅលើ​សន្តិសុខ​ជាតិ នយោបាយ​ការបរទេស និង​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​។ លោក​បន្ថែមថា សកម្មភាព​កូរ៉េខាងជើង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ និង​អន្តរាយ​ដល់​កងកម្លាំង​អាមេរិក សម្ព័ន្ធមិត្ត និង​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​តំបន់​។​
 
​ចាប់​តាំងតែ​ពី​ឆ្នាំ ២០០៨ ប្រធានាធិបតី​អាមេរិក​បាន​ប្រើ​បញ្ជា​ប្រតិបត្តិ​ជាច្រើន​ទៀត​ដើម្បី​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដោយសារតែ​ការអនុវត្ត​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​។ ក្រោម​ច្បាប់​អាមេរិក ការប្រកាសអាសន្ន​ជាតិ​និង​ត្រូវ​ផុតរលត់​ដោយ​ឯកឯង បើសិនជា​ប្រធានាធិបតី​មិន​បន្ត​ជាថ្មី​ក្នុង​រយៈពេល​៩០​ថ្ងៃមុន​ខួប​នៃ​កាលបរិច្ឆេទ​ប្រកាស​ទេនោះ​។ 
 
​ជាទូទៅ ការពន្យារ​ដាក់​ស្ថានភាព​អាសន្ន​ជាតិ​ដែល​រួមជាមួយ​ទណ្ឌកម្ម គឺធ្វើឡើង​តាម​ទម្លាប់ ប៉ុន្តែ​ការពន្យារ​លើក​នះ​ធ្វើឡើង​ចំពេល​ដែល​ភាព​តានតឹង​កំពុង​កើនឡើង​នៅ​ឧបទ្វីប​កូរ៉េ ដោយ​កូរ៉េខាងជើង​បន្ត​បង្កើន​ការ​គំរាម​ផ្នែក​យោធា​លើ​ប្រទេស​កូរ៉េខាងត្បូង​។ ជាក់ស្តែង កូរ៉េខាងជើង​បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង បំផ្ទុះ​កម្ទេច​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ និង​ព្រមាន​ពង្រាយ​ទាហាន​នៅ​តំបន់​គ្មាន​កងទ័ព​ជាដើម​។​
 
​សូមបញ្ជាក់​ផងដែរ​ថា លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ធ្លាប់​ជួបពិភាក្សា​ចំនួន​៣​ដង​ស្តីពី​បញ្ហា​នុយ​ក្ល​អ៊ែរ​របស់​កូរ៉េខាងជើង ក៏ដូចជា​ការលើក​ទណ្ឌ​កម្ម​ផងដែរ​។ ប៉ុន្តែ​លក្ខខណ្ឌ​មិន​ផ្លាស់ប្ដូរ គឺ​អាមេរិក​អាច​លើក​ទណ្ឌ​កម្មបាន ដរាបណា​កូរ៉េខាងជើង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ទាំងស្រុង​សិន​។ ក្រៅតែពី​ទណ្ឌកម្ម​របស់​អាមេរិក កូរ៉េខាងជើង​ក៏​រង​ទណ្ឌកម្ម​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ផងដែរ​៕
 

Tag:
 កូរ៉េខាងជើង​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com