ជាតិ
ឆ្នាំ​២០២០​នេះ កម្ពុជា​ត្រូវ​នាំចូល​បន្លែ​ជិត​៣៣​ម៉ឺន​តោន​ដើម្បី​បំពេញតម្រូវការ​ដែល​ខ្វះខាត​
18, Jun 2020 , 11:41 am        
រូបភាព
 បន្លែចម្រុះដែលដឹកចេញពីវៀតណាម តាមច្រកជ្រៃធំ ខេត្តកណ្តាល ទៅកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦មករា ឆ្នាំ២០២០។
បន្លែចម្រុះដែលដឹកចេញពីវៀតណាម តាមច្រកជ្រៃធំ ខេត្តកណ្តាល ទៅកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦មករា ឆ្នាំ២០២០។
​កម្ពុ​ជាមាន​តម្រូវការ​បន្លែ​ជាង​១០៤​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០២០ ដោយ​ផលិតផល​ក្នុងស្រុក​អាច​ផ្គង់​ផ្គង់​បាន​ជិត​៧២​ម៉ឺន​តោន (៦៩​ភាគរយ​) រីឯ​ជិត​៣៣​ម៉ឺន​តោន (៣២​ភាគរយ​) ទៀត ត្រូវ​នាំចូល​ពីរ​បរទេស​។ នេះ​បើតាម​ការប៉ាន់ស្មាន​តម្រូវការ និង​ការផ្គត់ផ្គង់​បន្លែ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​កសិកម្ម រួមទាំង​របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​ការគ្រប់គ្រង និង​ការផ្គត់ផ្គង់​ផលិតផល​កម្ម​កម្ម ដែល​ក្រសួងកសិកម្ម​រាយការណ៍​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

 
​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩ កម្ពុជា​រំពឹងថា មាន​កំណើន​ផលិតកម្ម​ដំណាំ​បន្លែ​ទាំង​ប្រចាំថ្ងៃ និង​ប្រចាំឆ្នាំ ប៉ុន្តែ​ជាមួយគ្នានេះ លទ្ធភាព​នៃ​ការផ្គត់ផ្គង់​នៅតែ​បន្ត​ខ្វះខាត ព្រោះ​តម្រូវការ​ក៏​កាន់តែ​ខ្ពស់​។ របាយការណ៍​ដែល​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ផ្តល់​ដល់​សារព័ត៌មាន​ថ្មីៗ បាន​បង្ហាញថា រដូវរំហើយ មាន​សក្កា​នុព​ល​ខ្ពស់​ក្នុងការ​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក បន្ទាប់មក​រដូវប្រាំង និង​រដូវវស្សា​។​
 
​ក្នុងចំណោម​លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក ប្រចាំឆ្នាំ​២០២០ ប្រមាណ​៧១៦ ១១៣​តោន ឬ​៦៨​ភាគរយ​លើ​តម្រូវ​ការសរុប រដូវរំហើយ រួមចំណែក​៧៥​ភាគរយ រដូវប្រាំង អាច​បាន​៦៩​ភាគរយ និង​រដូវវស្សា​ដែលមាន​សក្តានុពល​ទាប អាច​សម្រេចបាន​ត្រឹម​៥៩​ភាគរយ​។​
 
​ងាក​ទៅ​បន្លែ​នាំចូល​វិញ របាយការណ៍​បង្ហាញថា កម្ពុជា​នឹងមាន​តម្រូវការ​បន្ថែម​ជាង​៩០០​តោន​ក្នុង​១​ថ្ងៃ ឬ​ជិត​៣៣​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ដើម្បី​បំពេញ​ការខ្វះខាត​។  ចំនួន​បន្លែ​ដែល​កម្ពុជា​នាំចូល​ក្នុង​រដូវរំហើយ​នេះ គឺជា​ចំនួន​នាំចូល​តិចជាងគេ​ប្រចាំឆ្នាំ​២០២០​។ ដោយឡែក នៅ​រដូវប្រាំង កម្ពុជា​ត្រូវ​នាំចូល​៣១​ភាគរយ និង ៤១​ភាគរយ នៅ​រដូវវស្សា​។ 
 
​ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម​បន្លែ​ក្នុងស្រុក ស្ថាប័ន​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ក៏បាន​ចេញ​វិធានការ​សម្រាប់​ដោះស្រាយ​ចំពោះមុខ​នៅ​ឆ្នាំ​២០២០ ផងដែរ ក្នុងនោះ​មានដូចជា ការណែនាំ​ឲ្យ​ជ្រើសរើស​ទីតាំង​ដែលមាន​សក្តានុពល និង​ប្រភពទឹក​គ្រប់គ្រាន់ រួមទាំង​ការជ្រើសរើស​សហគមន៍​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ផលិតកម្ម​ដំណាំ​បន្លែ​ទ្រង់ទ្រាយ​ធំ​។​
 
​ជាមួយគ្នា ក្រសួង​បាន​សន្យា​ផ្គត់ផ្គង់​ពូជ​បន្លែ សម្ភារ និង​ឧបករណ៍​កសិកម្ម ដល់​កសិករ​ក្រីក្រ ការណែនាំ និង​ផ្តល់​បច្ចេកទេស​ទំនើប រួមទាំង​ការបង្កើត​បណ្តាញ​ទីផ្សារ​ដើម្បី​ផ្សារភ្ជាប់​អ្នកទិញ និង​សហគមន៍​ផលិត​បន្លែ​៕

Tag:
 បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com