ភ្នំពេញ៖ អ្នកបច្ចេកទេសកសិកម្ម ឬអ្នកដាំដុះ បើគ្មានភាពស្មោះត្រង់ គ្មានមនសិការ និងក្រមសីលវិជ្ជាជីវៈ ក្នុងការដាំដុះទេ នោះផលិតផលកសិកម្មគឺមិនអាចឈានចូលទីផ្សារអន្តរជាតិ និងមានគុណភាពដោយនិរន្តរភាពបានឡើយ។ នេះជាការលើកឡើងរបស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដោយលោកបានសង្កត់ធ្ងន់ថាកសិករ គឺត្រូវមានក្រមសីលធម៌ ឬវិជា្ជជីវៈ យ៉ាងហោចណាស់៣ចំណុច ក្នុងការដាំដុះនៃដំណាំនីមួយៗ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បានបញ្ជាក់ថាក្រមសីលធម៌វិជា្ជជីវៈ ទាំង៣ចំណុចនោះ មានទី១៖ ការអនុវត្តផលិតកម្ម ត្រូវតែមាននិរន្តរភាព ហើយនឹងមិនបំផ្លាចបំផ្លាញប្រព័ន្ធបរិស្ថានដំណាំ។ លោក បន្តពន្យល់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី៖«សក្កានុពលនាចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិដែលមានទាក់ទងនឹងភូតគាមអនាម័យ» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧មិថុនា ឆ្នាំ២០២០ ដូច្នេះ៖ «ប្រសិនបើយើងធ្វើការដាំដុះ បំផ្លាញប្រព័ន្ធអេកូឡូស៊ីធម្មជាតិនៅក្នុងនោះ គឺផលិតកម្មរបស់យើងគ្មាននិរន្តរភាពទេ»។
បើតាមលោក ងិន ឆាយ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីនៅក្នុងដី ឬបរិស្ថានជុំវិញ គឺបណ្តាលមកការប្រើប្រាស់ថ្នាំ និងជីគីមីទៅលើដំណាំច្រើនលើសលុប។ ពិសេសជីជំរុញ និងថ្នាំអកមូន ដើម្បីបង្ខំឱ្យដំណាំដូចជាស្វាយ មៀនប៉ៃលិន និងដំណាំសេដ្ឋកិច្ចនានា ឆាប់បានផល រួមជានឹងទិន្នផលអតិប្បរមា ដែលធ្វើឱ្យដំណាំទាំងនោះរស់ក្នុងរយៈពេលខ្លី ព្រមទាំងបន្សល់កាកសំណល់សារធាតុគីមីលើសលុប នៅក្នុងប្រព័ន្ធអេកូឡូស៊ីផងដែរ។
«អ្នកដាំដុះត្រូវគិតពីគុណភាព និងសុវត្ថិភាព»។ នេះជាចំណុចទី២ ដែលលោក ងិន ឆាយ លើកឡើង ដោយបន្តថា អ្នកដាំំដុះគ្រប់លំដាប់ថ្នាក់ និងដាំដុះដំណាំគ្រប់ប្រភេទទាំងអស់ ត្រូវធ្វើយ៉ាងណាឱ្យផលិតផលកសិកម្ម មានគុណភាព សម្រាប់អ្នកបរិភោគ។ មន្ត្រីបច្ចេកទេសកសិកម្មរូបនេះ បាននិយាយថា៖ «ប្រសិនបើយើងដាំឱ្យតែបាន[ផល] ប៉ុន្តែស្វាយ និងដំណាំផ្សេងយើង យកមកអ្នកហូបពុលស្លាប់ ឬខូចសុខភាព គឺគ្មានមនសិកាជាកសិករឡើយ»។
លោកអគ្គនាយកកសិកម្មរូបនេះ បន្តអះអាងដូច្នេះ៖«យើង[អ្នកបច្ចេកទេសដាំដុះ] ត្រូវតែគិតពីសុវត្ថិភាពនៃដំណាំ មិនមែនគិតតែបាញ់ថ្នាំពុលគីមីនោះទេ។ បណ្តាលប្រទេសមួយចំនួន ដែលចង់យកផ្លែឈើ និងបន្លែស្រស់ទៅលក់ក្នុងប្រទេសគេ អ្នកឯងគឺត្រូវតែមានស្តង់ដារ ត្រូវតែមានការបញ្ជាក់ត្រឹមត្រូវទើបអាចនាំចូលបាន។ ចឹងហើយបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសមួយចំនួនយើងត្រូវការនាំចូល»។
ចំណុចទី៣៖ គឺនិរន្តរភាពទីផ្សារ។ គឺជាកត្តាសំខាន់ណាស់ដែលអ្នកដាំដុះត្រូវគិតលើការការដាំដុះដំណាំនីមួយៗ ដើម្បីឈានចូលទីផ្សារជាតិ និងទីផ្សារអន្តរជាតិ។ លោក ងិន ឆាយ បាននិយាយថា៖« ប្រសិនបើយើងដែលជាអ្នកដាំដុះមិនគិតត្រង់ចំណុចហ្នឹងទេ គេនឹងបំផ្លាញវិស័យកសិកម្មនៅកម្ពុជាហើយ»។ លោកបានបញ្ជាក់ថា៖«ចំណុចនេះដែលយើងត្រូវគិតទាំងអស់គ្នា ជាជាតិ ជាកម្ពុជា ដែលយើងត្រូវគិត។ យើងមិនអាចឱ្យនរណាម្នាក់[អ្នកវិនិយោគ]ម្នាក់ដែលមកកម្ពុជាហើយ ប្រើប្រាស់បច្ចកទេសផ្តេសផ្តាសដើម្បីបំផ្លាញទាំងប្រព័ន្ធបរិស្ថាន បំផ្លាញទាំងគុណភាព គ្មានសុវត្ថិភាព ជាពិសេសគឺបំផ្លាញទីផ្សារក្នុងឆាកអន្តរជាតិ»។
លោក ងិន ឆាយ ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ប្រាប់ប្រជាជនកម្ពុជាឱ្យដឹងថា «ប្រទេសដ៏ច្រើន មិនដែលនិយាយគាំទ្រមួយមាត់ឡើយ» ចំពោះផលិតផលកសិកម្មកម្ពុជា តែផ្ទុយទៅវិញ ពួកគេ តែងនិយាយពីចំណុចអវិជ្ជមាន។ លោក បន្តថា លោកផ្ទាល់ គឺជាអ្នកទៅចរចា ទាក់ទងនឹងការបើកទីផ្សារផលិតផលកសិកម្មកម្ពុជា ក្នុងឆាកអន្តរជាតិ ដូច្នេះ លោក ដឹងថា បរទេសនិយាយយ៉ាងម៉េចចំពោះផលិតផលកសិកម្មកម្ពុជា។ លោក លើកយកផលិតផលកសិកម្មមួយចំនួន ដូចជា ស្វាយនិងចេក ជាដើម មកធ្វើជាឧទាហរណ៍។
បើតាមសម្តីរបស់អគ្គនាយកកសិកម្ម បរទេស តែងនិយាយអាក្រក់ថា កុំនាំស្វាយនិងចេកពីកម្ពុជា ព្រោះមានរោគ ហើយបាញ់ថ្នាំពុលច្រើនណាស់ ហើយពួកគេ មិនដែលនិយាយថា ជួយនាំស្វាយនិងចេកពីកម្ពុជាឡើយ ហើយក៏មិនដែលសរសើរថា ស្វាយនិងចេកកម្ពុជា មានគុណភាពល្អដែរ។លោក អះអាងថា និរន្តរភាពទីផ្សារ គឺជាកត្តាសំខាន់ខ្លាំង ដើម្បីកុំឱ្យគេសម្លាប់ទីផ្សារផលិតផលកសិកម្មកម្ពុជា។ លោក មានប្រសាសន៍ថា៖«ចំណុចនេះ ខ្ញុំមានការព្រួយបារម្ភធ្ងន់ធ្ងរមែនទែន»។
ចំណុចសំខាន់ទាំង៣សំខាន់ទាំងបីខាងលើនេះ បើអ្នកបច្ចេកទេសកសិកម្ម ឬអ្នកដាំដុះដំណាំ គ្មាមនសិការ និងក្របសីលធម៌ទាំងហ្នឹងទេ វិស័យកសិកម្មកម្ពុជានឹងគ្មាននិរន្តរភាព និងមិនអាចចូលទីផ្សារអន្តរជាតិបានឡើយ។
កាលឆ្នាំ២០១៩ កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ទៅទីផ្សារអន្តរជាតិ ចំនួន៦,៩៣៩,៩៦៨តោន។ ដោយឡែក ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២០ កម្ពុជា នាំចេញផលិតផលកសិកម្មទាំងផ្លូវការ និងក្រៅផ្លូវ បាន ២,៩៣៦,៩៩២តោន។ ចំនួននេះ កើនឡើងប្រមាណ ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩៕