ព្រលានយន្តហោះរបស់ប៉េកាំង បានសម្រេចលុបចោលជើងហោះហើរខ្លួន២ភាគ៣ នៅថ្ងៃទី១៧ ខែមិថុនា ហើយសាលារៀនក្នុងរដ្ឋធានីចិននេះ ក៏ត្រូវបានបិទទ្វារជាថ្មីម្ដងទៀត។ ការសម្រេចនេះ ធ្វើឡើងខណៈអាជ្ញាធរចិនញាប់ដៃញាប់ជើងទប់ស្កាត់ការរាលដាល COVID-19 ជាចង្កោមថ្មីក្នុងផ្សារមួយកន្លែង។ ទន្ទឹមនេះ ពួកគេព្រមានថាការកើនឡើងនៃករណីឆ្លងថ្មី។
មនុស្សរាប់ម៉ឺននាក់ ត្រូវបានធ្វើតេស្តរក COVID-19 ក្រោយការផ្ទុះរាលដាល COVID-19 ភ្លាមៗ ដែលគេជឿថាបានចាប់ផ្ដើមក្នុងផ្សារលក់បោះដុំបន្លែសាច់ Xinfadi ។ នៅថ្ងៃទី១៧ ខែមិថុនា អាជ្ញាធរប៉េកាំងបានរាយការណ៍ឆ្លងថ្មី៣១ករណី ដែលធ្វើឲ្យករណីសរុបឆ្លងចេញមកពីផ្សារនេះឡើងដល់១៣៧ករណីហើយ។ ដោយបារម្ភរលកចម្លងទី២ក្នុងប្រទេសចិន អាជ្ញាធរទទូចឲ្យប្រជាជនកុំចាកចេញពីទីក្រុងប៉េកាំង។
«ព្រោះតែផ្សារ Xinfadi គឺជាកន្លែងលក់ដូររបស់របរប្រចាំថ្ងៃដ៏ធំបំផុតមួយ ដោយមានពលករអន្តោប្រវេសន៍រាប់ពាន់នាក់ និងភ្ញៀវទេសចរជាច្រើនដើរទិញទំនិញក្នុងនោះ វាពិបាកនឹងគ្រប់គ្រងការរាលរាល»។ លោក Pang Xinghuo នាយករងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប៉េកាំងបញ្ជាក់បែបនេះ។ ប្រាប់សន្និសីទព័ត៌មាន លោក Pang ព្រមានថា៖«យើងប្រហែលមើលឃើញការកើនឡើងករណីថ្មី ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ»។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Zhang Qiang មន្ត្រីនៃក្រុមការងារបង្ការជំងឺរាត្បាតរបស់ប៉េកាំង អាជ្ញាធរសុខាភិបាលក្រុង បានបង្កើនសមត្ថភាពធ្វើតេស្ត ហើយកំពុងប្រមូលសំណាកមនុស្ស ៤០ម៉ឺននាក់ក្នុងមួយថ្ងៃ។ ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនាមក សំណាកមនុស្ស ៣៥៦ ០០០នាក់ ត្រូវបានធ្វើតេស្ត។ ជាមួយគ្នានេះ មន្ត្រីចិនបានអះអាងថា ចាប់តាំងពីថ្ងៃទី៣០ ខែឧសភាមក មនុស្សជាង២០ម៉ឺននាក់បានទៅផ្សារ Xinfadi ដែលផ្គត់ផ្គង់បន្លែផ្លែឈើ និងសាច់ជាង៧០ភាគរយ សម្រាប់ទីក្រុងប៉េកាំង។
ម្យ៉ាងវិញទៀត សារព័ត៌មានរដ្ឋចិន People’s Daily បានរាយការណ៍ថា ជើងហោះហើរយ៉ាងតិច ១ ២៥៥ ជើងដែលដាក់កាលបរិច្ឆេទរួច ត្រូវបានលុបចោលវិញ នៅថ្ងៃទី១៧ ខែមិថុនា។ ជិត៧០ភាគរយ នៃជើងហោះហើរទាំងនេះ គឺឆ្ពោះទៅកាន់ និងមកពីព្រលានយន្តហោះសំខាន់របស់ទីក្រុងប៉េកាំង។
ការរាលដាលនេះ បានបង្ខំឲ្យអាជ្ញាធរប៉េកាំងប្រកាសបម្រាមធ្វើដំណើរ សម្រាប់ប្រជាជនដែលស្ថិតនៅតំបន់មានហានិភ័យមធ្យម ឬខ្ពស់ ខណៈតម្រូវឲ្យប្រជាជនដទៃទាំងអស់ ធ្វើតេស្តដើម្បីអាចចាកចេញពីប៉េកាំង។ បន្ថែមពីលើនេះ ខេត្តមួយចំនួនបានសម្រេចដាក់អ្នកដំណើរ មកពីប៉េកាំងឲ្យនៅដាច់ដោយឡែក។ តួយ៉ាង ទីក្រុងប៉េកាំងដែលទើបតែបើកទ្វារសាលារៀនកាលពីថ្មីៗនេះ ត្រូវបានបញ្ជាឲ្យបិទដំណើរការវិញម្ដងទៀត ហើយសិស្សទាំងអស់ត្រូវត្រលប់ទៅរៀនតាមអនឡាញដដែល។
នាដើមសប្តាហ៍នេះ កាសែតរដ្ឋចិន បានរាយការណ៍ថា កូរ៉ូណាវីរុស ត្រូវបានរកឃើញលើជ្រញ់កាប់សាច់ត្រីសាលម៉ុន លក់នៅផ្សារ Xinfadi ក្នុងទីក្រុង ប៉េកាំង ។ របាយការណ៍នេះ ធ្វើឲ្យផ្សារទំនើបធំៗ ក្នុងរដ្ឋធានីចិននេះ រើសាច់ត្រីសាលម៉ុនចេញពីធ្នើរពួកគេអស់រលីង។ ក្រោយមក ចិន បានសម្រេចផ្អាកការនាំចូលត្រីសាលម៉ុន ពីក្រុមហ៊ុនផ្គត់ផ្គង់អឺរ៉ុប។
យ៉ាងណាមិញ នៅថ្ងៃទី១៧ ខែមិថុនា ប្រទេស ន័រវែស បានប្រកាសពីបំណងចង់បន្តនាំចេញត្រីសាលម៉ុនខ្លួន ទៅកាន់ប្រទេសចិន ក្រោយប៉េកាំងត្រូវបានរាយការណ៍ថា លុបចោលសេចក្តីសន្និដ្ឋានថា ត្រីដែលគេនិយមបរិភោគឆៅនេះ អាចជាប់ពាក់ព័ន្ធការផ្ទុះរាលដាលជាចង្កោមជំងឺ COVID-19វិញ។ ត្រង់នេះ លោក Shi Guoqing នាយករង CDC ចិន នៅថ្ងៃទី១៦ ខែមិថុនា អះអាងថា បច្ចុប្បន្នខ្លួនគ្មានភ័ស្តុតាងណាមួយបញ្ជាក់ថា ត្រីសាលម៉ុន គឺជាប្រភពចម្លងជំងឺCOVID-19ឡើយ៕