COVID-19
អន្តរជាតិ
ប្រមុខការបរទេសអាមេរិក ជួបអ្នកការទូតជាន់ខ្ពស់ចិន ខណៈទំនាក់ទំនងកំពុងយ៉ាប់យ៉ឺនខ្លាំង លោក Yang Jiechi និងលោក ម៉ៃ ប៉ុមប៉េអូ នាជំនួបកន្លងមក។ រូបភាព AFP
× នៅថ្ងៃទី១៧ ខែមិថុនា លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក និងអ្នកការទូតជាន់ខ្ពស់ចិន លោក Yang Jiechi បានជួបជជែកគ្នាស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការជួបជជែកគ្នានេះធ្វើឡើងខណៈពេលដែលទំនាក់ទំនងវាងប្រទេសទាំង២ មានសភាពដុនដាបខ្លាំង។ ភាគីចិនអះអាងថាជំនួបនេះ ជាសន្ទនាដែលមានលក្ខណៈស្ថាបនា។
ជំនួបរវាងលោក Yang Jiechi មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិនទទួលបន្ទុកការងារការបរទេស និងប្រមុខការទូតអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ធ្វើឡើងនៅបន្ទាយយោធាអាមេរិកលើកោះហាវ៉ៃ។ ជំនួបនេះរៀបចំឡើងក្នុងបរិយាកាសដែលទំនាក់ទំនងរវាងប្រទេសទាំង២ ត្រូវបានអាប់អួរដោយសារការចោទប្រកាន់របស់អាមេរិកលើចិនពាក់ព័ន្ធការផ្ទុះជំងឺ COVID-19 បញ្ហាសិទ្ធិមនុស្ស និងបញ្ហាច្បាប់សន្តិសុខហុងកុង។ នេះយោងតាមទីភ្នាក់ងារព័តមាន Reuters។
ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ក្នុងជំនួបនេះ លោក ប៉ុមប៉េអូ បានលើកឡើងពីភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាទៅវិញទៅមកយ៉ាងពេញលេញរវាងប្រទេសទាំងពីលើវិស័យពាណិជ្ជកម្ម សន្តិសុខ និងការទូត។ ប្រមុខការទូតអាមេរិកក៏សង្កត់ធ្ងន់ផងដែរ ពីភាពចាំបាច់ស្តីពីតម្លាភាព និងការចែករំលែកព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 ក៏ដូចជាការបង្ការ និងការផ្ទុះជំងឺឆ្លងនៅថ្ងៃអនាគត។
ចំណែកឯភាគីចិនវិញ បានលើកឡើងស្រដៀងគ្នាសេចក្ដីថ្លែងការណ៍របស់អាមេរិកដែរ ដោយអះអាងថា ភាគីទាំងសងខាងនឹងបន្តទំនាក់ទំនងនេះ។ តាមរយៈទីភ្នាក់ងារព័ត៌មាន Xinhua ចិនបញ្ជាក់ថា ភាគីទាំងសងខាងបានបង្ហាញយ៉ាងច្បាស់ពីគោលជំហរនៃប្រទេសរៀងៗខ្លួន និងជឿជាក់ថា នេះជាការសន្ទនាប្រកបដោយលក្ខណៈស្ថាបនា។ ភាគីទាំងសងខាងព្រមព្រៀងអនុវត្តសកម្មភាពតាមអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំង២បានយល់ស្របគ្នា។
បើទោះបីជាជំនួបនេះមិនមានរបៀបវារៈច្បាស់លាស់ក្តី តែប្រភពការទូតបានអះអាងថា ចិនជាអ្នកស្នើកិច្ចជំនួបនេះ។
ខណៈមន្ត្រីកំពុងជួបគ្នានៅហាវ៉ៃ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីព្រៀងច្បាប់ដាក់ទណ្ឌកម្មលើអ្នកដែលរំលោភបំពានលើសិទ្ធិជនជាតិភាគតិចមូស្លីមវីហ្គ័រ នៅតំបន់ស៊ីនជាំង ប្រទេសចិន។ សមាជិកការិយាល័យនយោបាយរបស់បក្សកុម្មុយនីស្តចិន និងជាលេខាបក្សតំបន់ស៊ីនជាំង Chen Quanguo ជាគោលដៅនៃច្បាប់នេះ ដែលក៏ហាមឃាត់ការនាំចូលទំនិញដែលផលិតដោយពលកម្មបង្ខំផងដែរ។
បន្ថែមពីនេះ ប្រមុខការបរទេសអាមេរិក រួមជាមួយនឹងបណ្តាប្រមុខការបរទេសប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) បានចេញសេចក្តីថ្លែងការអំពាវនាវកុំឲ្យចិនបន្តគម្រោងច្បាប់សន្តិសុខហុងកុង។ គម្រោងនេះ ធ្វើឲ្យចិនរងការរិះគន់ខ្លាំង ប៉ុន្តែទីក្រុងប៉េកាំងបន្តគម្រោងដដែលដោយមិនអើពើការរិះគន់អ្វីឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com